ជាតិ
បោះឆ្នោត
សេតវិមានអាមេរិកថា ការបោះឆ្នោតនៅកម្ពុជា មិនឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋខ្មែរ អ្នកនាំពាក្យសេតវិមានអាមេរិកលោកស្រី Sarah Sander
× អត្រានៃអ្នកដែលទៅឆ្នោតកាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា មានរហូតដល់ទៅ៨២,១៧ភាគរយក្នុងចំណោមអ្នកដែលមានឈ្មោះបោះឆ្នោត ប៉ុន្តែសហរដ្ឋអាមេរិក បែរជាសម្តែងការសោកស្តាយទៅវិញ។ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន សេតវិមាន ចាត់ទុកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ មិនសេរី និងយុត្តិធម៌ ហើយមិនអាចតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋខ្មែរនោះដែរ។
សេចក្តីថ្លែងការណ៍របស់អាមេរិក បានគូសបញ្ជាក់ថា ការបោះឆ្នោតគ្មានភាពត្រឹមត្រូវ ព្រោះគ្មានវត្តមានគណបក្សប្រឆាំងដ៏សំខាន់ វាបង្ហាញឲ្យឃើញច្បាស់ពីការដើរថយក្រោយយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធប្រជាធិបតេយ្យមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជាបំផ្លាញដល់ភាពជោគជ័យក្នុងការលើកស្ទួយការផ្សះផ្សានយោបាយនិងការរីកលូតលាស់នៃសេដ្ឋកិច្ចចាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ ១៩៩១មក។
«យើងពិតជាខកចិត្តខ្លាំងណាស់ចំពោះជម្រើសរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបដិសេធសិទ្ធិប្រជាជនកម្ពុជារាប់លាននាក់ដែលមានមោទកភាពចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងរយៈពេល២៥ឆ្នាំមកនេះ។ ប្រជាធិបតេយ្យដែលល្អប្រសើរនោះគឺ យោគយល់អធ្យាស្រ័យដល់គំនិតនយោបាយផ្ទុយ, ជំរុញការប្រកួតប្រជែងតាមការបោះឆ្នោត លើកស្ទួយ និងការពារសេរីភាពក្នុងការផ្លាស់ប្តូរគំនិត»។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យសេតវិមានអាមេរិកលោកស្រី Sarah Sander។
អ្នកនាំពាក្យសេតវិមាន បានកត់សម្គាល់ថា ក្នុងពេលប៉ុន្មានខែមុនដល់ពេលបោះឆ្នោត រដ្ឋាភិបាលកម្ពុជាបន្តរឹតបន្តឹងលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សង្គមស៊ីវិល រំលាយបក្សប្រឆាំងដ៏មានឥទ្ធិពល ចាប់មេដឹកនាំបក្សប្រឆាំងដាក់គុក និងហាមឃាត់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចូលរួមក្នុងដំណើរការនយោបាយទៀត។ យុទ្ធនាការបោះឆ្នោតពោរពេញដោយការគំរាមកំហែងពីអាជ្ញាធរថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានដែលមានគោលដាក់ពិន័យអ្នកដែលជ្រើសរើសការមិនទៅបោះឆ្នោត។ សកម្មភាពនេះជាការបដិសេធសំឡេងប្រជាជនកម្ពុជា និងជម្រើសរបស់ប្រជាជនក្នុងការកំណត់អនាគតប្រទេសជាតិផងដែរ។
សេតវិមានអាមេរិកក៏បានប្រកាសផងដែរថា ខ្លួននឹងពិចារណាលើចំណាត់ការបន្ថែមដើម្បីឆ្លើយតបនឹងការបោះឆ្នោតនេះ រួមជាមួយការថយក្រោយនៃស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាផងដែរ ក្នុងនោះមានការបង្កើនការរឹតបន្តឹងទិដ្ឋាការដែលបានប្រកាសតាំងពីថ្ងៃ៦ ខែធ្នូឆ្នាំ ២០១៧។
ស្របពេលជាមួយគ្នានោះដែរ អាមេរិកនៅបន្តទទូចឲ្យរដ្ឋាភិបាលកម្ពុជាធ្វើសកម្មភាពជាក់ស្តែងក្នុងការចាប់យកការផ្សះផ្សានយោបាយដោយអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលបំពេញតួនាទីដ៏សំខាន់របស់ពួកគេដោយមិនរងការហាមឃាត់,ដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយឯទៀត ហើយបញ្ហាការហាមឃាត់បក្សប្រឆាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com