ព្រៃវែង​មាន​១១​អាសនៈ CPP បាន​សំឡេង​ជិត​៦៨​ភាគរយ LDP បាន​ជិត​៦​ភាគរយ​

ជាតិ
បោះឆ្នោត
ព្រៃវែង​មាន​១១​អាសនៈ CPP បាន​សំឡេង​ជិត​៦៨​ភាគរយ LDP បាន​ជិត​៦​ភាគរយ​
30, Jul 2018 , 10:18 am         46234
រូបភាព
ដោយ: រួបរួម
​ខេត្តព្រៃវែង មាន​រហូតដល់​ទៅ​១១​អាសនៈ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ៣៦៧ ២១៩​សំឡេង​ស្មើ ៦៧,៧១​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។
 
​ការរាប់​សន្លឹកឆ្នោត​ប​ឋ​ម​សរុប​ទាំង​១៨២៧​ការិយាល័យ​នៅ​មណ្ឌល​ខេត្តព្រៃវែង បង្ហាញ​ឲ្យ​ឃើញថា អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​៥៤២ ៣៧១​នាក់ ពោលគឺ​ស្មើ​៨២,០៥​ភាគរយ​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប ៦៦១ ០៤២​នាក់​។ ទាក់ទង​នឹង​ចំនួន​សំឡេងឆ្នោត សន្លឹក​បានការ​មាន ៤៨៨ ៩៧១​សំឡេង និង​មិនបានការ​មាន​៥២ ៨០៤​សំឡេង​។​
 
​គណបក្ស​ចំនួន​១៥ បាន​ចូលរួម​ប្រកួតប្រជែង ដោយ​លទ្ធផល​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា បាន​សំឡេងគាំទ្រ ៦៧,៧១​ភាគរយ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ស្ថិតនៅ​លំដាប់​ទី​ពីរ​ដោយបាន​សំឡេងគាំទ្រ ៣១ ២៨៧ (៥,៧៧​ភាគរយ​) នាំមុខ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២៦ ៩០៥ (៤,៩៦​ភាគរយ​) គណបក្ស​ឆន្ទៈ​ខ្មែរ ១៥ ១៨៩ (២,៨០​ភាគរយ​)​។ 
 
​គណបក្ស​ផ្សេងទៀត​ដែល​ទទួលបាន​សំឡេងគាំទ្រ​លើសពី​១​ភាគរយ រួមមាន គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិ​តេ​យ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​តែមួយ​៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង