អន្តរជាតិ
ក្រោយ​ចាញ់ឆ្នោត អតីត​បក្ស​កាន់អំណាច​ប៉ា​គី​ស្ថាន​ស្នើ​ស៊ើបអង្កេត​ករណី​លួច​បន្លំ​
30, Jul 2018 , 11:00 am        
រូបភាព
ការបោះឆ្នោតនៅប៉ាគីស្ថាន (រូបភាព Xinhua)
ការបោះឆ្នោតនៅប៉ាគីស្ថាន (រូបភាព Xinhua)
​បន្ទាប់ពី​បរាជ័យ​ក្នុងការ​បោះឆ្នោត​កាលពី​ពាក់កណ្ដាល​សប្ដាហ៍​មុន បក្សសម្ព័ន្ធ​មូស្លីម​ប៉ា​គី​ស្ថាន​-​ណា​វ៉ាស (PML-N) ដែលជា​អតីត​បក្ស​កាន់អំណាច បានស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ការបោះឆ្នោត​នេះ​។ ក្រុមមន្ត្រី​ជាន់ខ្ពស់​រប​ស់​បក្ស​នេះ​និយាយថា ការបោះឆ្នោត​ពោរពេញ​ដោយ​ការបន្លំ ហើយ​យោធា​បាន​លូកដៃ​ចូល​កិច្ចការ​បោះឆ្នោត​ដើម្បី​ជួយ​ឲ្យ​បក្ស Tehreek-e-Insaf របស់លោក Imran Khan ឈ្នះឆ្នោត​។



​ការបោះឆ្នោត​នៅ​ប៉ា​គី​ស្ថាន​នា​ថ្ងៃទី​២៥ ខែកក្កដា គឺជា​ការប្រកួតប្រជែង​ដ៏​តានតឹង​រវាង​អ្នកនយោបាយ​ជើង​ថ្មី និង​អ្នកនយោបាយ​ចាស់វស្សា ហើយ​ដែល​រុំ​ព័ទ្ធ​ទៅដោយ​ភាពមិនប្រក្រតី​ជាច្រើន ខណៈ​លទ្ធផល​ត្រូវបាន​ពន្យារពេល​ប្រកាស​ទៀតផង​។ យ៉ាងណាមិញ ជ័យជម្នះ​បាន​ទៅ​បក្ស Tehreek-e-Insaf របស់លោក Imran Khan អតីត​កីឡាករ​កីឡា​គ្រី​ឃី​តរបស់​ប៉ា​គី​ស្ថាន​តែម្ដង បន្ទាប់ពី​ផ្ដួល​បក្ស​កាន់អំណាច​សម្ព័ន្ធ​មូស្លីម​ប៉ា​គី​ស្ថាន​-​ណា​វ៉ាស (PML-N) របស់​អតីត​នាយករដ្ឋមន្ត្រី Nawaz Sharif ។​

​ក្នុងនាម​ជា​បក្ស​កាន់អំណាច បរាជ័យ​ក្នុងការ​បោះឆ្នោត​នេះ​ពិតជា​ធ្វើ​ឲ្យ​បក្ស PML-N បាក់មុខ​ខ្លាំង និង​បានបង្ហាញ​ការមិន​សុខចិត្ត​ទៀតផង​។ ផ្លាស់ប្ដូរ​ទៅជា​បក្សប្រឆាំង​វិញ​ម្ដង បក្ស PML-N បានស្នើ​ឲ្យ​មានការ​ស្វែងរក​ការពិត​នូវ​អ្វីដែល​ខ្លួន​ចាត់ទុកជា​ការលួចបន្លំ​ក្នុងការ​បោះឆ្នោត​នេះ​។ លោក Khawaja Asif មន្ត្រីជាន់ខ្ពស់​បក្ស​នេះ​បានទាមទារ​ឲ្យ​បង្កើត​កណៈក​ម្មការ​យុត្តិធម៌​ដើម្បី​ស៊ើបអង្កេត​ការបោះឆ្នោត​ថ្ងៃទី​២៥ ខែកក្កដា​។​

​មន្ត្រី​ម្នាក់ទៀត​របស់​អតីត​បក្ស​កាន់អំណាច​នេះ​បានប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ និង​ត្រៀមខ្លួន​បង្កើត​ចលនា​ប្រឆាំង​ជាមួយ​បក្ស​ដទៃទៀត​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បក្ស PML-N ទទួលបាន​កៅអី​សភា​ចំនួន​៦៤ ស្ថិតនៅ​លំដាប់​ទី​ពីរ​បន្ទាប់ពី​បក្ស Tehreek-e-Insaf ដែល​ឈ្នះ​កៅអី​ចំនួន​១១៦ ។ បក្ស​ដែលមាន​លោក Khan ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ត្រូវការ​សំឡេង​ចំនួន​២១ កៅអី​ទៀត ទើប​គ្រប់​កៅអី​១៣៧ ដើម្បី​បង្កើត​រដ្ឋាភិបាល​។​

អត្ថបទទាក់ទង


​ជា​អ្នកឈ្នះឆ្នោត បក្ស Tehreek-e-Insaf កំពុង​ស្វះស្វែង​ចាប់​ដៃគូ​ជាមួយ​គណបក្សនយោបាយ​ផ្សេងទៀត​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​ផង បើសិនជា​ភាគី​នយោបាយ​អាច​ចរចា និង​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​បាន​។ ប៉ុន្តែ​វា​ក៏មាន​ក្តីបារម្ភ​ខ្លាំង​ដែរ​ថា ភាពចលាចល​ផ្នែក​នយោបាយ​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ​ពេល​ភាគី​មិនអាច​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​បាន​នោះ ព្រោះ​បក្ស PML-N អាច​បន្តធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​មិន​ខាន​។​

​អនាគត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Khan បាន​សន្យា​ដោះស្រាយ​បញ្ហា​ក្តៅ​មួយចំនួន​ក្នុងសង្គម​ប៉ា​គី​ស្ថាន និង ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​មិត្ត និង ប្រទេសជិតខាង​ផង​។ លោក​ប្តេជ្ញាចិត្ត​ធ្វើយ៉ាងណា​កម្ចាត់​បញ្ហា​ពុករលួយ​ស៊ី​រូង​ផ្ទៃក្នុង​ឲ្យ​ខាងតែបាន​នៅពេល​លោក​កាន់អំណាច​ជា​ផ្លូវការ​។ អតីត​កីឡាករ​ដ៏​ល្បី​នេះ​បាន​សន្យា​រក្សា​តុល្យភាព​ក្នុង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​អាមេរិក​ដើម្បី​ធានា​ប្រយោជន៍​ភាគី​ទាំងពីរ​រយៈពេល​វែង​ផង និង​ដោះស្រាយ​ជម្លោះទឹកដី​កា​ស្មៀ​រដែរ​៕



Tag:
 ប៉ា​គី​ស្ថាន​
  Nawaz Sharif
© រក្សាសិទ្ធិដោយ thmeythmey.com