អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សប្រឆាំង​សិង្ហ​បុរី ​៧ ចង់ចង​ជា​សម្ព័ន្ធ​ដើម្បី​ប្រជែង​បក្សកាន់អំណាចក្នុងការបោះឆ្នោត​អាណត្តិ​ក្រោយ​
30, Jul 2018 , 7:30 pm        
រូបភាព
លោក Chee Soon Juan (រូបភាព៖ Yahoo Newsroom)
លោក Chee Soon Juan (រូបភាព៖ Yahoo Newsroom)
ដោយ:
​គណបក្ស​បក្សប្រឆាំង​សិង្ហ​បុរី​ចំនួន​៧​បក្ស បាន​ជួប​ពិភាក្សាគ្នា​លើ​លទ្ធភាព​ក្នុងការ​ចង​ជា​សម្ព័ន្ធ​ជាមួយនឹង​គ្នា​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​នា​អាណត្តិ​ក្រោយ​។ ផែនការ​របស់​បក្សប្រឆាំង​ទាំងនេះ កើតឡើង ស្រប​ដែល​គណបក្សកាន់អំណាច​របស់​បិតា​ស្ថា​និក​សិង្ហ​បុរី នៅតែ​បន្ត​ទទួល​បានការ​ច្រើន​លើសលប់​គ្មាន​គូ​ប្រៀប តាំងពី​បោះឆ្នោត​លើកដំបូង​។​


គណបក្ស​ប្រជាធិបតេយ្យ​សិង្ហ​បុរី (SDP) នៅ​ថ្ងៃ​២៧ កក្កដា​កន្លងទៅ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​អះអាងថា បក្ស​របស់ខ្លួន និង​គណបក្ស​ប្រាំមួយ​ផ្សេងទៀត រួមមាន​បក្ស​អំណាច​ប្រជាជន (PPP), បក្ស​អភិវឌ្ឍ​ប្រជាធិបតេយ្យ​, បក្ស​រួបរួម​ជាតិ​, បក្ស​សិង្ហ​បុរី​ជា​អាទិភាព និង​បក្ស​សំឡេង​ប្រជាជន បាន​ជួប​ពិភាក្សាគ្នា​ជា​ផ្លូវការ​ក្នុងការ​ចង​ជា​សម្ព័ន្ធ​។​

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​សិង្ហ​បុរី The Strait Times អគ្គលេខាបក្ស SDP លោក Chee Soon Juan បាន​ឲ្យ​ដឹងថា លោក​គ្មាន​បំ​ណឹ​ង​ដឹកនាំ​សម្ព័ន្ធ​បក្សប្រឆាំង​ឡើយ ក៏ប៉ុន្តែ​លោក​ចង់​ឲ្យ​អតីត​សមាជិកសភា​នៃ​បក្ស​កាន់អំណាច​សិង្ហ​បុរី​បច្ចុប្បន្ន គឺ​លោក Tan Cheng Bock ជា​ដឹកនាំ​វិញ​។ អគ្គលេខាបក្ស​រូបនេះ មើលឃើញ​ពី​លក្ខណៈពិសេស​នៃ​ការដឹកនាំ និង​បទពិសោធន៍​របស់លោក Tan​។​

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក Tan Cheng Bock មិន​ជំទាស់​នឹង​សំណើ​របស់​បក្ស SDP ឡើយ ក៏ប៉ុន្តែ លោក បាន​ក្រើន​រល្លឹក​បក្សប្រឆាំង​យ៉ាង​ដូច្នេះ​ថា​៖« ប្រសិនបើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ដឹកនាំ​, យើង​ត្រូវតែ​គិតពី​ផលប្រយោជន៍​ប្រទេស​ជា​អាទិភាព​។ ហើយ​បើ​យើង​ចង់បាន​ដូច្នេះ​មែន យើង​ត្រូវតែ​រួមគ្នា​ជា​ធ្លុង​មួយ​យ៉ាងពិត​ប្រាកដ​។​»

​ជាមួយនឹង​ផែនការ​នេះដែរ តំណាង​បក្ស​សំឡេង​ប្រជាជន លោក Tean Lim ក៏បាន​បង្ហាញ​សារ​ជឿជាក់​របស់ខ្លួន​ក្នុងការ​ចងសម្ព័ន្ធ​ដូចគ្នា​។ «​សម្ព័ន្ធ​របស់​យើង នឹង​ពុះពារ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​តាមរយៈ​ការបោះឆ្នោត​ខាងមុខ​។ យើង​ត្រូវ​ផ្តល់​ការផ្លាស់ប្តូរ​ពិត​ប្រាក​ដើម្បី​ផ្តល់​ភាពល្អប្រសើរ​ដល់​ប្រជាជន​សិង្ហ​បុរី​។​» លោក Lim បានលើកឡើង​យ៉ាង​ដូច្នេះ​។ 

​គួរ​ជម្រាប​ផងដែរ​ថា គិត​ចាប់ពី​សិង្ហ​បុរី​ទទួលបាន​ឯករាជ្យ និង​រៀបចំ​ការបោះឆ្នោត​លើកដំបូង​មក បក្ស​សកម្ម​ភាពជា​ប្រជាជន​របស់​បិតា​ស្ថាបនិក​សិង្ហ​បុរី​លោក លី ក្វាន់​យូ តែងតែ​ឈ្នះ​ក្នុង​សំឡេង​លើសលប់​ជានិច្ច​។ បក្ស​សកម្មភាព​ប្រជាជន ដែល​បច្ចុប្បន្ន​កំពុងតែ​ដឹកនាំ​ដោយ​កូនប្រុស​បិតា​ស្ថាបនិក​សិង្ហ​បុរី និង​ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន លោក លី សៀន​ឡុង កំពុងតែ​
វាយតម្លៃ​មើល​អ្នក​បន្តវេន​ជំនាន់​ក្រោយ ដ្បិត​លោក លី សៀន​ឡុង នឹងមិន​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទៀត​។​

​ក្នុង​អាណត្តិ​នៃ​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៥ បក្ស​កាន់អំណាច​សកម្មភាព​ប្រជាជន បាន ទទួលបាន​៨៣ អាសនៈ នៃ​ចំនួន​អាសនៈ​សរុប​៨៩​។ នា​ជ័យជម្នះ​ពេលនោះ​ផងដែរ លោកនាយក​រដ្ឋមន្ត្រី លី ក៏បាន​ថ្លែង​សារ​ផងដែរ​ថា សំឡេងឆ្នោត​គាំទ្រ​លើសលប់​របស់​ប្រជាជន​សិង្ហ​បុរី មានន័យថា​ពួកគេ​នៅតែ​បន្ត​គាំទ្រ​បក្ស​កាន់អំណាច​រយៈពេល​១០០​ឆ្នាំ​ទៀតផង​៕ 

Tag:
 ​សិង្ហ​បុរី​
  លី សៀន​ឡុង​
© រក្សាសិទ្ធិដោយ thmeythmey.com