លោក ហង្ស ពុទ្ធា ៖ កម្ពុជា​កំពុង​រងគ្រោះ ដោយសារ​ពាក្យ​លទ្ធិប្រជាធិបតេយ្យ និង​កុម្មុយនីស្ត​
ជាតិ
បោះឆ្នោត
លោក ហង្ស ពុទ្ធា ៖ កម្ពុជា​កំពុង​រងគ្រោះ ដោយសារ​ពាក្យ​លទ្ធិប្រជាធិបតេយ្យ និង​កុម្មុយនីស្ត​
30, Jul 2018 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ ដែលមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ស្របតាម​ច្បាប់ ដូច្នេះ​កម្ពុជា​មិន​ព្រួយបារម្ភ​ពី​សម្ពាធ ឬ​ការមិនទទួលស្គាល់​អន្ត​រ​ជាតិ​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឆ្លើយតប​ទៅនឹង​អាមេរិក ដែល​ប្រកាស​មិន​ពេញចិត្ត​ការបោះឆ្នោត​នៅ​កម្ពុជា​។



​អាមេរិក​ប្រតិកម្ម​មុនគេ ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​។ ដ្បិត​អត្រា​នៃ​អ្នកបោះឆ្នោត​នៅ​កម្ពុជា មាន​រហូតដល់​ទៅ​៨២,១៧​ភាគរយ ក្នុងចំណោម​អ្នក​ដែលមាន​ឈ្មោះ​បោះឆ្នោត​ជាង​៨,៣​លាន​នាក់​ក្តី ប៉ុន្តែ​សហរដ្ឋអាមេរិក នៅតែ​ចាត់ទុកថា ការបោះឆ្នោត មិន​សេរី និង​យុត្តិធម៌ ហើយ​មិនអាច​តំណាង​ឲ្យ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​នោះដែរ​។ ការរិះគន់​របស់​អាមេរិក ត្រូវបាន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ លើក​យកមក​សួរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅក្នុង​សន្និសីទកាសែត​របស់​អ្នកសង្កេតការណ៍​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​៣០ កក្កដា​នេះ​។​

​អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បានចាត់ទុក​ការវាយតម្លៃ​របស់​អាមេរិក​នេះ គ្រាន់តែ​ជាការ​រិះគន់​មកលើ​កម្ពុជា ទាំង​ពាក់​វ៉ែនតា​ខ្មៅ ក្នុង​គោលបំណង​យ​កក​កម្ពុជា ជា​ឧបករណ៍​នយោបាយ​ការបរទេស​ខ្លួន​។ ដោយសារ​មើលឃើញ​ចំណុច​នេះហើយ ទើប​លោក ហង្ស ពុទ្ធា ហ៊ាន​និយាយថា កម្ពុជា​កំពុង​រងគ្រោះ ដោយសារ​ឥទ្ធិពល​នយោបាយ​អន្តរ​ជាតិ ដែល​ប្រើពាក្យ​លទ្ធិប្រជាធិបតេយ្យ និង​កុម្មុយនីស្ត មកលើ​កម្ពុជា​។​

អត្ថបទទាក់ទង


​ថ្លែង​ចំពោះមុខ​អ្នកកាសែត​ជាតិ និង​អន្តរជាតិ អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​កម្ពុជា​កន្លង​មកជា​ប្រទេស​រងគ្រោះ ព្រោះ​កម្ពុជា​ខ្លួនឯង​អត់​ចេះ​បង្កើត​នូវ​លទ្ធិប្រជាធិបតេយ្យ ឬ​លទ្ធិកុម្មុយនីស្ត​អ្វី​ទេ ប៉ុន្តែ​នៅពេលដែល​លទ្ធិ​ទាំងពីរ​នេះ ឬ​ពាក្យ​ពីរ​ម៉ាត់​នេះ​ចូលមក​ប្រទេស​កម្ពុជា គឺ​កម្ពុជា​មានការ​បែងចែក​គ្នា គឺមាន​ក្រុម​កាន់អំណាច និង​ក្រុម​ជំទាស់​។ ហើយ​អ្វី​ដែលជា​តួនាទី​របស់​គជប ធ្វើតាម​ច្បាប់ រៀបចំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​អំណាច ផ្លាស់ប្តូរ​រដ្ឋបាល​គ្រប់គ្រង​របស់​រដ្ឋ គឺថា​តាមរយៈ​វិធី​អហិង្សា ដែល​ពិភពលោក​រកឃើញ គឺ​ការបោះឆ្នោត​នេះ ។ ដូច្នេះ​ការបោះឆ្នោត​នេះ គឺ​អនុវត្ត​ទៅតាម​ច្បាប់ គ្មាន​ប្រទេស​ណា​មិន​អនុវត្ត​តាមច្បាប់​ខ្លួនឯង​នោះទេ​»​។​

​កន្លងមក​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់ ដែល​បានមក​ជួ​បគ​.​ជ​.​ប បាន​វាយតម្លៃថា ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា មានកា​រៀបចំ​ល្អ ដែល​អាច​ជឿ​ទុកចិត្តបាន ដែល​អាមេរិក​មិនគួរ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឡើយ​។ នេះ​ការបញ្ជាក់​របស់លោក ហង្ស ពុទ្ធា ដែល​បាន​ចំអក​ទៅ​អាមេរិក​វិញ​ថា ហេតុអ្វី​អាមេរិក​មាន​អ្នក​យល់ និង​អ្នក​មិន​យល់​ពី​ស្ថានការណ៍​កម្ពុជា​។​

​ទាក់ទង​ការបោះឆ្នោត​នៅ​កម្ពុជា អ្នកសង្កេតការណ៍​អន្តរជាតិ សុទ្ធតែ​បាន​វាយតម្លៃថា ការបោះឆ្នោត​នេះ ប្រព្រឹត្ត​ដោយ​សេរី និង​យុត្តិធម៌ ដែល​បង្ហាញ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ចូលរួម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អាស៊ី (CAPDI) និង​សន្និសីទ​អន្តរជាតិ​នៃ​បណ្តាញ​គណបក្សនយោបាយ​នៅ​អាស៊ី​(ICAP)  ដែល​តំណាង​ឲ្យ​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ បាន​និយាយថា អាស៊ី​គួរ​យក​គំរូ​តាម​កម្ពុជា​ទៀតផង​៕


Tag:
 ហង្ស ពុទ្ធា
  បោះឆ្នោត​
  គ​.​ជ​.​ប​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67400 [1] => 9,78 [2] => លោក ហង្ស ពុទ្ធា ៖ កម្ពុជា​កំពុង​រងគ្រោះ ដោយសារ​ពាក្យ​លទ្ធិប្រជាធិបតេយ្យ និង​កុម្មុយនីស្ត​ [3] => content [4] => [5] => ហង្ស ពុទ្ធា , បោះឆ្នោត​, គ​.​ជ​.​ប​ [6] => 53 [7] => 0 [8] => )