ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន ក្លាយជា​សមាជិក​បណ្ឌិត​សភា​ទេសចរណ៍​អឺរ៉ុប
31, Jul 2018 , 8:59 pm        
រូបភាព
រូបពីហ្វេសក្រសួងទេសចរណ៍
រូបពីហ្វេសក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ត្រូវ​បានប្រកាស​ជ្រើសតាំង​ជា​សមាជិក​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប នៅ​ថ្ងៃទី​៣១​ខែកក្កដា​នេះ​។​



​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ការជ្រើសតាំង​នេះ លោក ថោង ខុន បាន​ចាត់ការ​ជ្រើសរើស​លោក​នៅ​ពេលនេះ​ថា​ជា​មោទកភាព សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ទាំងមូល​។ លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖«​ខ្ញុំ​ពិតជា​មាន​កិត្តិយស ដែល​បានការ​ទទួលស្គាល់ និង​ផ្ដល់​គុណ​តម្លៃ​លើ​លទ្ធផល​ការងារ​កន្លងមក តាមរយៈ​ការសម្រេច​ជ្រើសតាំង​រូបខ្ញុំ​ជា​សមាជិក​នៃ​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប ហើយ​នេះ​ជា​មោទកភាព​សម្រាប់​វិស័យ​ទេស​កម្ពុជា ជារួម ដែល​ទាំងអស់គ្នា​រួម​សម្រេចបាន​»​។

​ពិធី​ខាងលើនេះ​បាន​ប្រារព្ធ​ឡើង​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃនេះ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោក​បណ្ឌិត Anton Caragea ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​។​

​រដ្ឋមន្ត្រី​ទេសចរណ៍​រូបនេះ ឲ្យ​ដឹងថា ការជ្រើសតាំង​រូបលោក​នៅពេលនេះ គឺ​ស្រប​ពេលដែល​កម្ពុជា​កំពុង​បន្ត​ចាប់យក​ឱកាស​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍ ទាំង​កម្រិត​តំបន់​អាស៊ាន អាស៊ី​ប៉ាស៊ីហ្វិក និង​កម្រិត​សកល​។ «​ក្នុងន័យនេះ ខ្ញុំ​ពិតជា​ជឿជាក់ថា តាមរយៈ​សមាជិកភាព​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប យើង​នឹង​អាច​ចែករម្លែក​បទពិសោធន៍ និង​ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ​បន្ថែមទៀត​លើ​ការរៀបចំ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់ លោក ថោង ខុន ។​

​គួរ​បញ្ជាក់ថា បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប គឺ​ស្ថិតក្នុង​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​។ ក្រុមប្រឹក្សា​នេះ កាលពី​ឆ្នាំ​២០១៦ បានប្រគល់​រង្វាន់​ជ័យលាភី «​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក​ឆ្នាំ​២០១៦» និង​បាន​ជ្រើសតាំង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​សមាជិក​កិត្តិយស​នៃ​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប​។​

​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប (ECTT) គឺជា​អង្គការ​សកល​មួយ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស Romania ដោយមាន​សមាជិក​ជា​អង្គការ​ទេសចរណ៍​ពី​សហគមន៍​អឺរ៉ុប​ចំនួន​២៧ ប្រទេស​។ ក្រុមប្រឹក្សា​នេះ មាន​តួនាទី​ជំរុញ​វិស័យ​ទេសចរណ៍​ក្រៅ​សហគមន៍​អឺរ៉ុប ពិសេស​ទៅតាម​ប្រទេស​នីមួយៗ​៕
 


Tag:
 ថោង ខុន​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com