អន្តរជាតិ
ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ព្រមាន​មន្ត្រី​ថ្នាក់ក្រោម កុំ​ចេះតែ​សន្យា​ជាមួយ​ប្រជាជន​ទាំង​ខ្លួន​ធ្វើ​មិនបាន​
01, Aug 2018 , 8:59 am        
រូបភាព
ដោយ:
​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក Win Myint បាន​ណែនាំ​ដល់​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ផ្លាស់ប្តូរ​ផ្នត់គំនិត​ដើម្បី​ការអភិវឌ្ឍ​សម្រាប់​អ្នកជំនាន់ក្រោយ ហើយ លោក ក៏បាន​ព្រមាន​ដល់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ឲ្យ​ផ្លាស់ប្តូរ​ទម្លាប់​សន្យា​ជាមួយ​សាធារណជន​លើ​បញ្ហា​ដែល​ខ្លួន​ធ្វើ​មិនបាន​។ លោក​ប្រធានាធិបតី មិន​ចង់​ឲ្យ​ប្រជាជន​ចោទ​រដ្ឋាភិបាល​ថា អសមត្ថភាព​ដោយសារតែ​ការសន្យា​ខ្យល់​របស់​មន្ត្រី​រដ្ឋាភិបាល​ឡើយ​។​



​នាឱកាស​នៃ​ការចុះ​សួរសុខទុក្ខ​ប្រជាជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ថ្ងៃ​២៩ កក្កដា លោក​ប្រធានាធិបតី Win Myint បាន​ថ្លែង​ឲ្យ​ដឹងថា លោក​មិនមែន​ទៅកាន់​តំបន់​រង​ផលប៉ះពាល់​ដើម្បី​ពិនិត្យ​ពី​ចំនួន​ប្រជាជន និង​សាលា​លិចលង់​នោះទេ ក៏ប៉ុន្តែ​លោក ចង់ដឹង​ពី​ចំណុចខ្សោយ និង​បញ្ហា​ប្រឈម​របស់​ប្រជាជន​ដើម្បី​អាច​ឲ្យ​លោក​អភិវឌ្ឍ​តំបន់​ឲ្យ​ល្អប្រសើរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Myanmar Times​។​

​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន លោក​ប្រធានាធិបតី បាន​ក្រើនរម្លឹក​ដល់​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ផ្លាស់ប្តូរ​ផ្នត់គំនិត និង​ទម្លាប់​ចាស់​របស់ខ្លួន​ក្នុងការ​ប្រតិបត្តិការ​ងា​រ​។ លោក​មិន​ចង់​ឲ្យ​មន្ត្រី​ថ្នាក់លើ​វាយតម្លៃ​ស្ថានភាព​ឬ​បញ្ហា​តែ​តាមរយៈ​របាយការណ៍​ដែល​ធ្វើ​ដោយ​ថ្នាក់ក្រោម​ប៉ុណ្ណោះ​នោះទេ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​។​

​លោក​ប្រធានាធិបតី ក៏បាន​ក្រើនរម្លឹក​ដល់​មន្ត្រី​សាធារណៈ​ក្នុងពេល​ផ្តល់​សេវា ដ្បិត​ប្រាក់បៀវត្ស​របស់​ពួកគេ មាន​ប្រភពពី​ការ​ពន្ធ​របស់​ប្រជាជន​នោះទេ​។ ជាងនេះទៅទៀត លោក ក៏​ដាស់តឿន​ឲ្យ​ពួកគេ មានការ​ប្រុងប្រយ័ត្ន​ពាក់ព័ន្ធ​នឹង​ការសន្យា​ជាមួយនឹង​ប្រជាជន ជាពិសេស​កុំ​សន្យា​ជាមួយនឹង​សាធារណ ជន ឬក៏​ផ្តល់ព័ត៌មាន​ណាមួយ​ដល់​ពួកគេ ដែល​ពុំទាន់​មានការ​ឯកភាព​ពី​ថ្នាក់លើ​។​

​លោក​ប្រធានាធិបតី​ថ្លែង​បែបនេះ ដ្បិត​លោក មិន​ចង់​ឲ្យ​ប្រជាជនមាន​ការយល់ច្រលំ ថា រដ្ឋាភិបាល មិនបាន​បំពេញការងារ​ដូច​តាម​ការសន្យា តែ​តាមពិត​បញ្ហា​បង្ក​មកពី​មន្ត្រី សន្យា ថា​កសាង​នេះ ឬ​កសាង​នោះ ទាំង​ពួកគេ មិនទាន់​ដឹង​ច្បាស់​ពី​លទ្ធភាព ឬ​កញ្ចប់​ថវិការដ្ឋ​ផង​។​

​គួរ​ជម្រាប​ផងដែរ​ថា ក្រោយពី​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែលមាន​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​ប្រមុខ ដឹកនាំ​រដ្ឋាភិបាល បក្ស​កាន់អំណាច​នេះ បាន​សន្យា​កែទម្រង់​ប្រតិបត្តិការ​របស់​នីតិប្រតិបត្តិ ជាពិសេស​លើ​ឥរិយាបថ​មន្ត្រី​រដ្ឋាភិបាល​តែម្តង​។ បញ្ហា​ពុករលួយ និង​ភាព​អសកម្ម គឺជា​ផ្នែក​ដែល​រដ្ឋាភិបាល​ស៊ីវិល​មួយ​នេះ ផ្តោត​សំខាន់​ក្នុងដំណាក់កាល​នៃ​ការកែទម្រង់​របស់ខ្លួន​៕



Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com