អន្តរជាតិ ស្នើ​រដ្ឋាភិបាល​បើក​ច្រក​នយោបាយ និង​ដោះលែង​លោក កឹម សុខា ក្រោយ​ការបោះឆ្នោត​

ជាតិ
បោះឆ្នោត
អន្តរជាតិ ស្នើ​រដ្ឋាភិបាល​បើក​ច្រក​នយោបាយ និង​ដោះលែង​លោក កឹម សុខា ក្រោយ​ការបោះឆ្នោត​
01, Aug 2018 , 9:19 am         32861
រូបភាព
រូបពីហ្វេសប៊ុកលោក មុត ចន្ថា ជំនួយការលោក កឹម សុខា
រូបពីហ្វេសប៊ុកលោក មុត ចន្ថា ជំនួយការលោក កឹម សុខា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយ​ការបោះឆ្នោត​បានបញ្ចប់ អន្តរជាតិ​បានចេញ​មុខ​រិះគន់​កម្ពុជា ជា​បន្តបន្ទាប់​លើ​ការបោះឆ្នោត​នេះ​។ អម​ជាមួយ​ការរិះគន់​នេះ បណ្ដា​អន្តរជាតិ​ទាំងនោះ ស្នើ​ឲ្យ​រដ្ឋាភិបាល បើក​ច្រក​នយោបាយ និង​ដោះលែង​លោក កឹម សុខា រួមទាំង​សកម្មជន​នយោបាយ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា គ្មាន​សញ្ញា​វិជ្ជមាន​ណាមួយ ទាក់ទង​នឹង​ការដោះលែង​អ្នកនយោបាយ​ឡើយ​។​


​សេចក្តីថ្លែងការណ៍​រិះគន់ និង​វាយតម្លៃ​បែប​អវិជ្ជមាន ចំពោះ​ការបោះឆ្នោត​កម្ពុជា បាន​លេច​ចេញពី​អាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី កាណាដា និង​នូ​វែ​ល​សេ​ឡង់ ក្រោយ​ការបោះឆ្នោត​២​ថ្ងៃ​មកនេះ​។ ក្នុង​សារ​រិះគន់​នេះ បណ្ដា​អន្តរជាតិ​ទាំងនោះ បាន​បន្ត​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​មេដឹកនាំ​គណបក្សប្រឆាំង​លោក កឹម សុខា និង​សម្របសម្រួល​នយោបាយ​ឡើងវិញ ។  

​សហភាព​អឺរ៉ុប​រំពឹងថា អាជ្ញាធរ​កម្ពុជា​នឹង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ តាមរយៈ​ការសន្ទនា​ជាមួយ​គណបក្សប្រឆាំង ដោយ​បង្កើត​ឲ្យ​មាន​លក្ខខណ្ឌ​អំណោយផល សម្រាប់​ការជជែក​ដេញដោល​ខាង​នយោបាយ និង​ការប្រកួតប្រជែង​ដោយ​សេរី និង​យុត្តិធម៌ ដែល​ក្នុងនោះ​មាន​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល រួមទាំង​អ្នកការពារ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ដែល​អាច​ប្រើ​សិទ្ធិ​របស់​ពួកគេ​ដោយ​គ្មាន​ការដាក់​កម្រិត​ដែន​កំណត់​ឡើយ​។ សេចក្តីថ្លែងការណ៍​រប​ស់​សហភាព​អឺរ៉ុប ដែល​រិះគន់​លើ​ការបោះឆ្នោត​កម្ពុជា បាន​បញ្ជាក់ថា​៖«​សហភាព​អឺរ៉ុប ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​បន្តសកម្មភាព​ខិតខំ​ប្រឹងប្រែង​ជួយ​ការងារ​ទាំងនេះ​»​។​

​បន្ថែម​ពីនេះ​កាណាដា និង​នូ​វែ​ល​សេ​ឡង់ សុទ្ធតែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ច្រក​ផ្លូវ​នយោបាយ និង​ផ្ដល់​សេរីភាព​បញ្ចេញមតិ​ឲ្យ​បាន​ពេញលេញ ដល់​ប្រជាជន​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​។ អម​ជាមួយ​សារ​រិះគន់​លើ​ការបោះឆ្នោត​នៅ​កម្ពុជា រដ្ឋាភិបាល​កាណាដា បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​សិទ្ធ​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា​។ ក្នុងការ​ស្ថា​រ​សិទ្ធ​សេរី ក្នុងការ​ចូលរួម​បញ្ចេញមតិ​ឡើងវិញ រួមទាំង​ការដោះលែង​មេដឹកនាំ​គណបក្សប្រឆាំង​លោក កឹម សុខា ដែល​កំពុង​ជាប់​ខ្លួន​នៅ​ពន្ធនាគារ​ជិត​១១​ខែ ឲ្យ​មាន​សេរីភាព​វិញ ដោយ​មិនមែន​លក្ខខណ្ឌ​នៅក្រៅ​ឃុំ​»​។​

​ចំណែក​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​កម្ពុ​ជាមាន​លទ្ធិប្រជាធិបតេយ្យ​ស្របច្បាប់ វា​មាន​សារសំខាន់​ដែល​សម្លេង​ប្រឆាំង​ដ៏​ធំ ដែល​អាច​គេ​ស្ដាប់ឮ​។​«​នូ​វែ​ល​សេ​ឡង់ នឹង​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ស្ដា​នីតិសម្បទា​គណបក្សប្រឆាំង​ដ៏​ធំ​ឡើងវិញ និង​ដោះលែង​អ្នកទោសនយោបាយ​ទាំងអស់ រួមទាំង​មេដឹកនាំ​គណបក្សប្រឆាំង​លោក កឹម សុខា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Winston Peters រដ្ឋមន្ត្រីការបរទេស​នូ​វែ​ល​សេ​ឡង់​។​

​ជាការ​ឆ្លើយតប​នឹង​អន្តរជាតិ​ខាងលើនេះ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​និយាយថា ការដោះលែង​អ្នកនយោបាយ​ណាមួយ គឺជា​សិទ្ធិអំណាច​របស់​តុលាការ ដូច្នេះ​រដ្ឋាភិបាល គ្មាន​សិទ្ធិ​អ្វី​ជ្រៀតជ្រែក​លើ​ប្រព័ន្ធយុត្តិធម៌ តាម​ការអំពាវនាវរ​បស់​អន្តរជាតិ​ឡើយ​។ លោក ផៃ ស៊ី​ផាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​កម្ពុ​ជាមាន​ឯករាជ្យ និង​អធិបតេយ្យភាព ដូច្នេះ​មិនត្រូវ​ស្ដាប់​ការបញ្ជា ឬ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឡើយ​។ ហើយ​យើង​ត្រូវ​បែងចែក​ឲ្យ​ដាច់​រវាង​អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ​ពីគ្នា​ឲ្យ​ច្បាស់​ព្រោះ​រដ្ឋាភិបាល​គ្មាន​សិទ្ធ​អ្វី​ទៅ​បញ្ជា​លើ​តុលាការ​ឲ្យ​ដោះលែង​អ្នកណាម្នាក់​ទេ​។ ប៉ុន្តែ​ក្នុង​ក្របខណ្ឌ​ផ្លូវច្បាប់​ក៏​អាចពាក់ព័ន្ធ​ចំណុច​ខ្លះ ដែល​នាយករដ្ឋមន្ត្រី​អាចមាន​សិទ្ធិ​ស្នើសុំ​ព្រះមហាក្សត្រ​លើកលែងទោស​។ ប៉ុន្តែ​យើង​នៅតែ​មិនទាន់​មើលឃើញ​សញ្ញា​វិជ្ជមាន​ណាមួយ​ទេ ព្រោះ​រដ្ឋាភិបាល​នឹងត្រូវ​ប្រកាស​ចូលកាន់​តំណែង​នៅ​រយៈពេល​៤​ទៅ​៥​សប្ដាហ៍​ខាងមុខ​»​។

​តែ​យ៉ាងណា​អ្នកវិភាគ​នយោបាយ មើលឃើញថា ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា ស្ថានការណ៍​នយោបាយ​នឹងមាន​ការប្រែប្រួល ដើម្បី​កុំ​ឲ្យ​អន្តរជាតិ​វាយតម្លៃ​លើ​កម្ពុជា​ក្នុង​ផ្លូវ​អាក្រក់​។ ការកែប្រែ​ស្ថានការណ៍​នយោបាយ​ឲ្យ​វិល​មក​សភាព​ដើម​វិញ​នោះ គឺ​ការលើកលែងទោស​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក ,​ដោះលែង​លោក កឹម សុខា និង​សកម្មជន​នយោបាយ រួមទាំង​ឲ្យ​គណបក្សប្រឆាំង​រស់​ឡើងវិញ​ជាដើម​។ ប៉ុន្តែ​គ្មាន​ការបោះឆ្នោត​ឡើងវិញ​ទេ ពោលគឺ​គណបក្ស​ប្រជាជន នៅតែ​បានឈ្នះ​ឆ្នោត​ដដែល​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស វិទូ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កន្លងមក​៕


Tag:
 កឹម សុខា
  អន្តរជាតិ​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង