កីឡាជាតិ
ជាតិ
លោក ហៅ សុជាតិ រួច​បម្រាម​ពី​ពានរង្វាន់​សម្តេច ហ៊ុន សែន តែ​លី​គ​កំពូល​នៅ​ដដែល​
01, Aug 2018 , 3:21 pm        
រូបភាព
ដោយ:
​គណៈកម្មការ​វិន័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បា​នស​ម្រ​ច​សម្រាលទោស​លោក ហៅ សុជាតិ គ្រូបង្វឹក​បឹងកេត ដោយ​អនុញ្ញាត​ឲ្យ​ដឹកនាំ​ក្រុម​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ឡើងវិញ​។ ប៉ុន្តែ​រក្សា​ការពិន័យ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​រយៈពេល​១​ខែ និង​ថវិកា​៥០​ម៉ឺន​រៀល​នៅ​ដដែល​។ គណៈកម្មការ​វិន័យ​ទុកពេល​៥​ថ្ងៃ ឲ្យ​សាមី​រង​បណ្តឹង​ក្នុង​ការប្តឹង​ឧទ្ធរណ៍ បើសិន​មិន​ឯកភាព​ចំពោះ​ការសម្រេច​នេះ​។



​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ គណៈកម្មការ​វិន័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានចេញ​សេចក្តីសម្រេច ពិន័យ​លោក ហៅ សុជាតិ គ្រូបង្វឹក​បឹងកេត មិន​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​សហព័ន្ធ​រយៈពេល​១​ខែ និង​ពិន័យ​ជា​ប្រាក់​៥០​ម៉ឺន​រៀល ក្រោយ​រកឃើញថា គ្រូបង្វឹក​រូបនេះ​បាន​រុញ និង​ប្រើ​សម្តី​មិន​សមរម្យ​ដាក់​មន្ត្រី​ការប្រកួត​។​

​ប៉ុន្តែ​នៅ​ថ្ងៃទី​១ ខែសីហា​នេះ គណៈ​កម្ម​វិន័យ​បានចេញ​សេចក្តីសម្រេច​ថ្មី​១​ទៀត ដោយ​អនុញ្ញាត​ឲ្យ​លោក ហៅ សុជាតិ ដឹកនាំ​ក្រុម​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨ ធម្មតា​ឡើងវិញ​។ ប៉ុន្តែ​រក្សាទុក​ការពិន័យ​រយៈពេល​១​ខែ​ក្នុង​ពានរង្វាន់​លី​គ​កំពូល និង​ថវិកា​៥០​ម៉ឺន​រៀល​ឲ្យ​នៅ​ដដែល​។ ទោះបី​មានការ​សម្រាលទោស តែ​គណៈកម្មការ​វិន័យ​បាន​ចោទ​លោក ហៅ សុជាតិ ពីបទ​ប្រើ​ឥរិយាបថ​មិន​សមរម្យ គឺ​រុញ និង​ប្រើ​សម្តី​មិន​សមរម្យ​ដាក់​មន្ត្រី​ការប្រកួត​ដដែល​។

​ការ​សម្រាលទោស​នេះ បន្ទាប់ពី​ថ្នាក់ដឹកនាំ​ក្លិប​បឹងកេត ប្តឹង​ឧទ្ធរណ៍​សុំ​សម្រាលទោស​ទៅកាន់​គណៈកម្មការ​ឧទ្ធរណ៍ ក្រោយ​យល់ថា ការពិន័យ​នេះ​មាន​ស្ថាន​ទម្ងន់ទោស​ធ្ងន់ធ្ងរ​ពេក​។ ទោះបី​យ៉ាងនេះ​ក្តី សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោក អេង ពៅ​ទិ​ត្យ បាន​ទុក​រយៈពេល​៥​ថ្ងៃ​ឲ្យ​ភាគ​រង​បណ្តឹង​ក្នុង​ការប្តឹង​ឧទ្ធរណ៍ បើ​នៅតែ​មិន​ពេញចិត្ត​លើ​ការសម្រេច​លើក​ទី​២​នេះ​៕    


Tag:
 បាល់ទាត់​
  ហៅ សុជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com