ជាតិ
បោះឆ្នោត
មិនបានកៅអីមែន តែហ្វ៊ុនស៊ិនប៉ិច កើនសំឡេងជាង១សែន សម្តេចក្រុមព្រះ ជួបអ្នកគាំទ្រនាពេលកន្លងមក។ រូបពីហ្វេសបុកឈ្មោះ ព័ត៌មានពីសម្តេចក្រុមព្រះ
× ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គណបក្សហ្វ៊ុនស៊ិនប៉ិច មានសំឡេងគាំទ្រច្រើនជាងនីតិកាលទី៥។ តែចំនួននៃការកើនឡើងនេះ នៅតែមិនទាន់អាចឲ្យគណបក្សរាជានិយមមួយនេះ ទទួលបានកៅអីក្នុងរដ្ឋសភាដដែល។
គណបក្សហ្វ៊ុនស៊ិនប៉ិច នៅក្នុងនីតិកាលនេះ មានសំឡេងគាំទ្រកើនឡើងច្រើនជាងនីតិកាលទី៥ កាលពីឆ្នាំ២០១៣។ លទ្ធផលបឋមស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលផ្សាយដោយគណៈកម្មាការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធាន ទទួលបានសំឡេងគាំទ្រចំនួន ៣៧៣៥២៦ ស្មើនឹង ៥.៨៨% នៃសន្លឹកឆ្នោតបានការសរុប។
សំឡេងគាំទ្ររបស់គណបក្សរាជានិយម មានការកើនឡើង បើប្រៀបធៀបនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីឆ្នាំ២០១៣ ដោយកាលនោះ ទទួលបានសំឡេងគាំទ្រចំនួន ២៤២៤១៣។ ទោះជាកើនឡើងក្តី តែគណបក្សនេះ នៅតែមិនអាចទទួលបានអាសនៈក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតនីតិកាលទី៦។ តាមការគណនាក្រៅផ្លូវការ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលទទួលបានអាសនៈ។
តាមពិតទៅ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលស្ថិតនៅក្រោមការដឹកនាំរបស់សម្ដេចរាជបុត្រី នរោត្តម អរុណរស្មី កាលពីបោះឆ្នោតឆ្នាំ២០១៣ ក៏មិនទទួលបានអាសនៈក្នុងរដ្ឋសភាដែរ។
បើប្រៀបធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ កាលពីឆ្នាំ២០១៧ សំឡេងគាំទ្ររបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដូចគ្នា។ នៅឆ្នាំ២០១៧ គណបក្សនេះ ទទួលបានសំឡេងគាំទ្រចំនួន១៣២៣១៩។
សូមបញ្ជាក់ថា លទ្ធផលបឋមស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង៤,៨លាន (លំដាប់ទី១) គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រជាង ៣,៧សែន (លំដាប់ទី២) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រជាង ៣សែន (លំដាប់ទី៣) គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងគាំទ្រជាង ២សែន (លំដាប់ទី៤) ហើយគណបក្សទាំង១៦ទៀត ទទួលបានសំឡេងគាំទ្រ មិនដល់ខ្ទង់សែននោះទេ៕
Tag:
នយោបាយ
បោះឆ្នោត
គជប
ហ្វ៊ុនស៊ិនប៉ិច
© រក្សាសិទ្ធិដោយ thmeythmey.com