អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ្វីលីពីន មិន​ជំទាស់​អ្វី​ឡើយ បើ​ចិន​ចង់​ធ្វើ​សមយុទ្ធ​យោធា​ជាមួយនឹង​អាស៊ាន​
04, Aug 2018 , 7:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ម៉ានីល មិនមាន​ការយល់​ទាស់​អ្វី​ឡើយ​ចំពោះ​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុងការ​ចូលរួម​សមយុទ្ធ​យោធា​ជាមួយ​អាស៊ាន​ជាប្រចាំ​នោះ​។ ក្រុង​ម៉ានីល យល់ឃើញថា បំណង​របស់​ក្រុង​ប៉េកាំង គ្រាន់តែ​ចង់​បង្កើន​ទំនាក់ទំនង​យោធា​ជាមួយនឹង​ប្រទេស​ជិត​ប៉ុណ្ណោះ​។​

 
​នៅ​ថ្ងៃ​៣ ខែសីហា រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន បាន​ជួប​ពិភាក្សាគ្នា​លើ​បញ្ហា​ប្រឈម​រួម ជាពិសេស​លើ​នីតិវីធី​ក្នុងការ​ចរចា និង​តាក់តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​សិង្ហ​បុរី គឺជា​ប្រធាន​វិលជុំ​នៃ​កិច្ចប្រជុំ​។ តាមរយៈ​ជំនួប​នេះ ចិន បានស្នើ​ឲ្យ​មាន​សមយុទ្ធ​យោធា​ជាប្រចាំ​ជាមួយ​អាស៊ាន ដោយ​មិនមាន​ភាគី​ប្រទេស​ខាងក្រៅ​ទៀតឡើយ​។​
 
​ជុំវិញ​សំណើ​នេះ អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Harry Roque បាន​អះអាងថា​ហ្វីលីពីន មិន​ជំទាស់​ឡើយ​។ លោក​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ ជឿជាក់ថា មន្ត្រី​ពាក់ព័ន្ធ​នឹងសិក្សា​ស្រាវជ្រាវ​បញ្ហា​យ៉ាង​ប្រុងប្រយ័ត្ន​។ ហើយ​យើង ក៏​រក​មិនឃើញ​អ្វីដែល​ត្រូវ​ជំទាស់ ឬ​ខុសឆ្គង ដែលថា ចិន មិន​ចង់​ឲ្យ​មាន​ប្រទេស​ដទៃ​ខាងក្រៅ​របស់​អាស៊ាន​មក​ចូលរួម​សមយុទ្ធ​យោធា​នេះ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន ABS CBN របស់​ហ្វីលីពីន​។ 
 
​ពាក់ព័ន្ធ​នឹង​ការតាក់តែង​ក្រម​នេះដែរ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​ហ្វីលីពីន លោក Ernesto Abella នៅ​ថ្ងៃ​ដដែល​នោះ បាន​យល់ឃើញថា ហ្វីលីពីន ទទួលបាន​ផលប្រយោជន៍​ច្រើន ដ្បិត​ដោយសារតែ​ការចរចា​នៃ​ក្រម​នេះហើយ ធ្វើ​ឲ្យ​ស្ថានភាព​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ភាគី​ពាក់ព័ន្ធ​ទាមទារ​តំបន់​អធិបតេយ្យ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​សិន​។ 
 
​សូម​ជម្រាប​ផងដែរ សមុទ្រ​ចិន​ខាងត្បូង គឺជា​តំបន់​ជម្លោះ​អធិបតេយ្យ​មួយ​ដ៏​ស្មុគស្មាញ​ដែលមាន​ភាគី​ពាក់ព័ន្ធ​រដ្ឋ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ មុន​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​ដឹកនាំ ហ្វីលីពីន និង​វៀតណាម គឺជា​ដៃគូ​ប្រជែង​ដ៏​មាន​សក្តានុពល​បំផុត​របស់​ចិន​លើ​តំបន់​នេះ​។ ហ្វីលីពីន រហូតដល់​ប្តឹង​ចិន​ដល់​តុលាការ​អចិន្ត្រៃយ៍​អន្តរជាតិ ក្រុងឡាអេ​ទៀតផង​។ 
 
​តែ​យ៉ាងណា ក្រោយពី​រដ្ឋបាល​របស់​លោក ឌូ​ទើ​តេ បន្ទន់ឥរិយាបថ​បន្តិច ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​ថមថយ​។ ជាក់ស្តែង​នោះ នៅ​ឆ្នាំមុន ដែល​ហ្វីលីពីន ធ្វើជា​ប្រធាន​វិលជុំ​អាស៊ាន អាស៊ាន និង​ចិន បាន​ព្រមព្រៀងគ្នា​ជា​ផ្លូវការ និង​ប្រវត្តិសាស្ត្រ​មួយ​ដោយបាន​ចុះហត្ថលេខា​លើ​ក្របខណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​។ បច្ចុប្បន្ន ភាគី​ទាំងនេះ កំពុងតែ​ចរចា​គ្នា​យ៉ាង​ប្រុង​ប្រ​យ​ត្ន័​បំផុត​ក្នុង​រៀបចំ​ក្រម​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការគ្រប់គ្រង​សកម្មភាព​នៅក្នុង​តំបន់​មាន​ជម្លោះ​នោះ​៕ 

Tag:
 ហ្វីលីពីន​
  ចិន​
  អាស៊ាន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com