អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ទិតៀន​រុស្ស៊ី​ទាក់ទង​នឹង​ការចេញ​បណ្ណ​ការងារ​ឲ្យ​ពលករ​កូរ៉េខាងជើង​
05, Aug 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ UN លោកស្រី Nikki Haley បាន​និយាយ​នៅ​ថ្ងៃទី ០៣ សីហា ថា រុស្ស៊ី បាន​ល្មើស​ទៅនឹង​ការដាក់ទណ្ឌកម្ម​របស់ UN ដោយបាន​ចេញ​បណ្ណ​អនុញ្ញាត​ការងារ​ថ្មី​ផ្សេងទៀត​។ លោកស្រី Haley បាន​និយាយ​ទៅ​របាយការណ៍​មួយ​របស់​សារ​ព័​ត៌ា​មាន​អាមេរិក និង​ជឿថា របាយការណ៍​នោះ ពិតជា​គួរ​ឲ្យ​ជឿជាក់​បាន​។


​បើតាម​ការចុះផ្សាយ​ភ្នាក់ងារ​សារព័ត៌មាន AFP តំណាង​របស់​អាមេរិក​លោកស្រី Nikki Haley បា​បាន​លើកឡើងថា​៖ «​និយាយ​ឲ្យ​ចំ​ទៅ​។ រុស្ស៊ី មិនអាច​គាំទ្រ​ការដាក់ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង ដោយ​គ្រាន់តែ​និយាយ​នៅមុខ​ក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែ​នៅក្រោយ​ខ្នង បែរជា​ល្មើស​ទៅវិញ​ទេ​»​។ 
 
​ការលើកឡើង​របស់លោក​ស្រី Haley ធ្វើឡើង ក្រោយពី​កាសែត​អាមេរិក The Wall Street Journal កាលពី​ថ្ងៃ​០២ សីហា​កន្លងទៅ បាន​ចុះផ្សាយ​ថា រុស្ស៊ី បាន​បណ្ដោយ​ឲ្យ​ពលករ​កូរ៉េខាងជើង​ជាច្រើន​ពាន់​នាក់ ចូលទៅក្នុង​ប្រទេស​ខ្លួន ដើម្បី​រកប្រាក់​ចំណូល​។ ប្រាក់ខែ​របស់​ពលករ​ទាំងនោះ គឺជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ សម្រាប់​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​។ 
 
​យោងតាម​កាសែត​ដដែល​នេះ ទិន្នន័យ​របស់​ក្រសួងមហាផ្ទៃ​រុស្ស៊ី បាន​បង្ហាញថា ពលករ​កូរ៉េខាងជើង​ជាង ១​ម៉ឺន​នាក់ បាន​ចុះឈ្មោះ​ទៅ​ធ្វើការ​នៅក្នុង​រុស្ស៊ី បើ​គិត​ចាប់ពី​ពេល​មានការ​ហាមឃាត់​របស់​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំមុន​មក​នោះ​។ យ៉ាងហោចណាស់ ៧០០​នាក់​ថ្មី​ទៀត ទទួលបាន​បណ្ណ​ការងារ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​។ ពលករ​កូរ៉េខាងជើង ២៤ ០០០ នាក់ បានធ្វើការ​នៅក្នុង​ប្រទេស​រុស្ស៊ី ក្នុង​ឆ្នាំ​២០១៧ ខណៈ​ចិន ក៏បាន​ទទួល​ពលករ​កូរ៉េខាងជើង​រាប់ពាន់នាក់​ផងដែរ​។​
 
​ទន្ទឹមនឹងនេះ ពលករ​កូរ៉េខាងជើង​ប្រមាណ ១ ម៉ឺន​នាក់ កំពុងធ្វើការ​នៅក្រៅ​ប្រទេស​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ពួកគេ​ទាំងនោះ រកប្រាក់​បាន​ជាង ២ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​ទ្រទ្រង់​របប​ផ្ដាច់ការ​កូរ៉េខាងជើង ដែល​ដឹកនាំ​ដោយ​លោក គីម ជុង​អ៊ុន​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងការបរទេស​អាមេរិក​។​
 
​គួររម្លឹកថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ហាមឃាត់​បណ្ដា​ប្រទេស​ទាំងអស់ ពី​ការចេញ​បណ្ណ​អនុញ្ញាត​ការងារ​ទៅដល់​ពលករ​កូរ៉េខាងជើង ហើយ​ទណ្ឌកម្ម​នេះដែរ បាន​ចូល​ជា​ធរមាន​កាលពី​ខែធ្នូ ឆ្នាំ​២០១៧​។ ទណ្ឌ​កម្មនេះ នឹងត្រូវ​បញ្ចប់ នា​ឆ្នាំ​២០១៩​ខាងមុខ​៕
 
 
 

Tag:
 អាមេរិក​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com