សម្តេច ហ៊ុន សែន បបួល​ក្រុមប្រឆាំង​ស្បថ បើ​ការបោះឆ្នោត មានការ​ក្លែងបន្លំ​
ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន បបួល​ក្រុមប្រឆាំង​ស្បថ បើ​ការបោះឆ្នោត មានការ​ក្លែងបន្លំ​
06, Aug 2018 , 11:02 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន ហួស​ចិត្តនឹង​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស ជាពិសេស​លោក សម រង្ស៊ី ដែល​ចោទថា ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៦​នេះ មានការ​បំប៉ោង​តួលេខ​នៃ​អ្នក​ទៅ​បោះឆ្នោត​។ បន្ទាប់មក ប្រមុខ​រដ្ឋាភិបាល ក៏​បបួល​ពួកគេ ឲ្យ​ស្បថ ប្រសិនបើ​ការបោះឆ្នោត​នៅ​កម្ពុជា ពិតជា​មាន​អំពើ​ទុច្ចរិត​បែ​បប​នេះ​មែន​។



​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​-​កីឡាការិនី​ប្រមាណ​៧០​នាក់ នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ ប្រធាន​គណបក្សកាន់អំណាច ដែល​ទើបនឹង​ឈ្នះឆ្នោត​សាជាថ្មី​នៅ​អាណត្តិ​ទី​៦​នេះ បាន​និយាយ​ខ្លាំងៗ​យ៉ាង​ដូច្នេះ​ថា​៖«​ស្បថ​ឲ្យ​ងាប់ ស្បថ​ឲ្យ​អន្តរាយ​។ បើ​អ្នកឯង​មិន​ហ៊ាន​ស្បថ គឺ​អ្នកឯង​ចាញ់​»​។ ក្រោយ​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី កីឡាករ​-​កីឡាការិនី​កម្ពុជា​ទាំងនោះ នឹង​ចេញទៅ​ប្រកួត Asian Games នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​សូម្បីតែ​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា ដែល​បាន​ទៅ​បោះឆ្នោត ក៏​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ស្នើ​ឲ្យ​ស្បថ​ជាមួយ​ក្រុមប្រឆាំង​ដែរ​។ មេដឹកនាំ​កម្ពុជា ថ្លែង​បែបនេះ​ថា​៖«​យើង​ទាំងអស់ នាំគ្នា​ស្បថ​ដែរ​ទៅ​។ កុំទៅ​ខ្លាច មានអី​ត្រូវ​ខ្លាច បើ​យើង​ធ្វើ​ពិត​។ មានតែ​អ្នកបោក​បញ្ជោត​ទេ ដែល​មិន​ហ៊ាន​នោះ​»​។

​ក្រោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​លទ្ធផល​បឋម​ថា ប្រជាពលរដ្ឋ​ជាង​៨០​ភាគរយ បាន​ចូលរួម​បោះឆ្នោត លោក សម រង្ស៊ី ក៏​ចេញមក​ច្រានចោល ហើយ​ចោទថា តួលេខ​នេះ គឺជា​តួលេខ​ក្លែងក្លាយ​។ ពី​ក្រៅប្រទេស អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ថែមទាំង​លើកឡើងថា ប្រជាពលរដ្ឋ ដែល​ទៅ​បោះឆ្នោត គឺ​ដោយសារតែ​រង​ការគំរាមកំហែង​។

​លទ្ធផល​បឋម បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​ដល់​ទៅ​ជាង ៤,៨​លាន​នាក់​ឯណោះ ដែល​ស្មើ​ជាង​៧៦​ភាគរយ​។ តាម​ការ​គណនា​ក្រៅផ្លូវការ មានតែ​គណបក្សកាន់អំណាច​នេះ​ទេ ដែល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​។ ឯ​គណបក្ស​ទាំង​១៩​ទៀត ទំនងជា​មិនបាន​អាសនៈ​ឡើយ​។

​បើ​គ្មានអ្វី​ប្រែប្រួល​នោះទេ លទ្ធផល​ផ្លូវការ​ស្តីពី​ការ​បែង​ចែង​អាសនៈ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨៕


Tag:
 ​បោះឆ្នោត​
  ហ៊ុន សែន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67623 [1] => 9,78,17 [2] => សម្តេច ហ៊ុន សែន បបួល​ក្រុមប្រឆាំង​ស្បថ បើ​ការបោះឆ្នោត មានការ​ក្លែងបន្លំ​ [3] => content [4] => [5] => ​បោះឆ្នោត​, ហ៊ុន សែន​, សម រង្ស៊ី​ [6] => 0 [7] => 0 [8] => )