អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តៃវ៉ាន់ គ្រោង​ចាត់វិធានការ​លើ​អាកាសចរណ៍​ដែល​ធ្វើតាម​ការទាមទារ​រប​ស់​ចិន​
07, Aug 2018 , 2:20 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​កោះ​តៃវ៉ាន់ កំពុង​ពិចារណា​ចាត់វិធានការ​តប​នឹង​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ដែល​បាន​កែប្រែ​ឋានៈ​របស់​កោះ​នេះ​នៅលើ​គេហទំព័រ​របស់​ពួកគេ​តាម​ការទាមទារ​របស់​ចិន​។ ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​សុខចិត្ត​ធ្វើតាម​ការណែនាំ​របស់​ចិន ដើម្បី​ចៀសវាង​ការដាក់ពិន័យ ឬ​ការ​រឹតត្បិត​ការធ្វើ​ប្រតិបត្តិការ ប៉ុន្តែ​តៃវ៉ាន់​ចាត់ទុក​ទង្វើ​របស់​ចិន​ជា​រឿង​ដែល​មិនអាច​ទទួលយក​បានឡើយ ហើយ​ដែល​ត្រូវតែ​ឆ្លើយតប​វិញ​។​

 
​ជម្លោះ​រវាង​ចិនដីគោក និង​កោះ​តៃវ៉ាន់ កំពុង​ធ្វើ​ឲ្យ​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ជួប​បញ្ហា​ពិបាក​ខ្លាំង​។ កាលពី​ខែមេសា ក្រុង​ប៉េកាំង​បានស្នើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៤៤ កែប្រែ​ឋានៈ​របស់​កោះ​តៃវ៉ាន់​ទៅជា​ផ្នែក​មួយ​របស់​ចិន​វិញ​ជាជាង​ការ​កំណត់ថា តៃវ៉ាន់​ជា​ប្រទេសមួយ​។ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ជាច្រើន​របស់​អាមេរិក ជប៉ុន និង​ប្រទេស​ខ្លះទៀត​បាន អនុវត្តតាម​ការទាមទា​រ​របស់​ចិន ដើម្បី​រួចផុត​ពី​ការដាក់ទណ្ឌកម្ម​។​
 
​កាសែត​តៃវ៉ាន់ United Daily News បាន​ផ្សាយ​នៅ​ថ្ងៃទី​៦ ខែសីហា​ថា ក្រសួង​ដឹកជញ្ជូន​របស់​តៃវ៉ាន់​បានគិត​គូរ​ពី​វិធានការ​លើ​ក្រុមហ៊ុន​បរទេស​ដែល​ធ្វើតាម​ចិន និង​ចាត់ទុក​តៃវ៉ាន់​ជា​ទឹកដី​របស់​ចិន​វិញ​។ មន្ត្រី​ក្រសួង​នេះ​និយាយថា ចំណាត់​លើ​ក្រុមហ៊ុន​ទាំងនោះ​មានដូចជា​ការហាមឃាត់​ការប្រើប្រាស់​ស្ពាន​សម្រាប់​អ្នកដំណើរ​ចូល​យន្តហោះ ក៏ដូចជា​ការរៀបចំ​ឡើង​វិញ​ផ្លូវ​ហោះហើរ និង​ចុះចត​របស់​យន្តហោះ​ជាដើម​ផង​។ 
 
​ដោយឡែក​សម្រាប់​ក្រុមហ៊ុន​ដែល​មិនសូវ​កែប្រែ​តាម​ចិន នឹង​ទទួលបាន​ការលើកទឹកចិត្ត​វិញ​។ ក្រុមហ៊ុន​ទាំងនោះ​អាចនឹងទទួល​បានការ​កាត់បន្ថយ ឬ​មិន​យក​ថ្លៃ​ចុះចត និង​ថ្លៃ​ផ្សេងទៀត​។ ក្រោម​សំណើ​របស់​ចិន ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ដូចជា American Airlines, Delta Air Lines, United Airlines និង Hawaiian Airlines បាន​លុបចោល​ពាក្យ​តៃវ៉ាន់​លើ​គេហទំព័រ​របស់ខ្លួន និង​ជំនួស​មកវិញ​ដោយ​ពាក្យ​តៃប៉ិ​សម្រាប់​ការ​កក់​សំបុត្រ​យន្តហោះ​ប៉ុណ្ណោះ​។​
 
​យ៉ាងណាក្ដី គម្រោង​របស់​ក្រសួង​ខាងលើ​បាន​រង​ការរិះគន់​យ៉ាងខ្លាំង ទោះជា​ក្រុង​តៃប៉ិ​ចាត់ទុក​សកម្មភាព​រប​ស់​ចិន​ជា​រឿង​មិនអាច​ទទួលយកបាន​ក៏ដោយ​។ ក្រុម​អ្នក​រិះគន់​អះអាងថា ការចាត់វិធានការ​ត​ប​វិញ​នេះ នឹង​បង្ក​ជាការ​លំបាក​សម្រាប់​អ្នកដំណើរ ហើយក៏​អាច​នាំ​មកវិញ​នូវ​ចំណាត់ការ​របស់​ប្រទេស​ដែល​ក្រុមហ៊ុន​ខ្លួន​ជួប​បញ្ហា​នៅ​តៃវ៉ាន់​ផង​។ 
 
​ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល​តៃវ៉ាន់​បញ្ជាក់ថា ការជជែក​ពី​វិធានការ​ខាងលើ​ស្ថិតក្នុង​ដំណាក់កាល​ក្រសួង​ដឹកជញ្ជូន​នៅឡើយ ហើយក៏​មិនទាន់មាន​ការសម្រេចចិត្ត​ណាមួយ​ដែរ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​តៃវ៉ាន់ Kolas Yotaka និយាយថា ខាង​ក្រសួង​មិនទាន់​បញ្ជូន​សំណើ​ផ្លូវការ​ទៅកាន់​រដ្ឋាភិបាល​ឡើយ តែ​រដ្ឋាភិបាល​មាន​សិទ្ធិ​ពិចារណា​ពី​ផលប៉ះពាល់​លើ​ប្រយោជន៍​របស់​ប្រជាជន​ដែរ​។ អ្នកនាំពាក្យ​បន្តថា ការបង្ក​បញ្ហា​រំខាន​ដល់​អ្នកដំណើរ គឺ​ផ្ទុយ​ពី​នយោបាយ​របស់​រដ្ឋាភិបាល​៕
 
 
   

Tag:
 ចិន​
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com