ជាតិ
សង្គមជាតិ
ក្រុមគ្រួសារ​៖ អ្នកនិពន្ធ យូ បូ ទទួលមរណភាព
08, Aug 2018 , 2:00 pm        
រូបភាព
​អ្នកនិពន្ធ​ជើងចាស់ និង​ជា​អ្នក​ដែល​បាន​បង្កើត​សមាគម​អ្នកនិពន្ធ​ខ្មែរ​ឡើងវិញ ក្រោយពី​សម័យ​ខ្មែរក្រហម លោក យូ បូ បានទទួល​មរណភាព នៅ​ម៉ោង ១១ និង​១១​នាទី ព្រឹក នា​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​អ្នកស្រី បូ​ប៊ុន ចាន់​ធី ដែលជា​កូនស្រី​របស់លោក យូ បូ​។

 
 
​អ្នកស្រី បូ​ប៊ុន ចាន់​ធី ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក យូ បូ បានទទួល​មរ​ណភាព បន្ទាប់ពី​ក្រុមគ្រួសារ បាន​បញ្ជូន​លោក​ចេញពី​មន្ទីរពេទ្យ ទៅ​គេហដ្ឋាន​វិញ​។ អ្នកស្រី បន្តថា ដើមឡើយ​លោក យូ បូ មាន​ជំងឺ​ទឹកនោមផ្អែម ប៉ុន្ដែ​ទើបតែ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ លោក​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ លែង​និយាយស្ដី​។ អ្នកស្រី​បន្ថែមថា ក្រោយពី​បញ្ជូន​លោក​ទៅ​មន្ទីរពេទ្យ គ្រូពេទ្យ​ពិនិត្យឃើញថា​លោក ខ្វះ​គ្រាប់​ឈាមក្រហម និង​ខ្វះ​ជាតិ​ស្ករ​ទៅវិញ​។ 
 
​លោក យូ បូ កើត​នៅ​ថ្ងៃទី​៦​មេសា​ឆ្នាំ​១៩៤២ នៅ​សង្កាត់​ដង្កោរ ស្រុក​ដង្កោរ ខេត្តកណ្ដាល​។ លោក​បាន​ចូល​ជា​សមាជិកសមាគម​អ្នកនិពន្ធ​ខ្មែរ​ក្នុង​ឆ្នាំ​១៩៦៣​។ លោក​មានកូន​ស្រី​ពីរ​នាក់​។ អតីត​ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​រូបនេះ ធ្លាប់​មានប្រសាសន៍ថា ទោះ​ការងារ​ទ្រទ្រង់​អក្សរសាស្ត្រ​ខ្មែរ មិន​ធ្វើឱ្យ​លោក​បាន​ប្រាក់​ញ៉ាំងឱ្យ​ជីវភាព​មានបាន​នឹង​គេ​ក្ដី តែ​លោក​នៅតែ​ធ្វើ​កិច្ចការងារ​នេះ​ដោយ​សប្បាយចិត្ត​៕
 

Tag:
 យូ បូ
© រក្សាសិទ្ធិដោយ thmeythmey.com