អន្តរជាតិ
ចៅក្រម​អាមេរិក​ម្នាក់​បញ្ជា​ឲ្យ​បិទមាត់​ជនជាប់ចោទ​ដែល​ពូកែ​តមាត់​នា​អំឡុង​សវនាការ​
08, Aug 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ចៅក្រម​ម្នា​ក់នៅ​ក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក ខឹងសម្បារ​យ៉ាងខ្លាំង​នៅពេលដែល​ជនជាប់ចោទ​មិន​ព្រមស្តាប់​តាម​ការណែនាំ​របស់ខ្លួន ដោយ​មិន​រក្សា​ភាព​ស្ងៀមស្ងាត់​នា​អំឡុងពេល​នៃ​សវនាការ​កាលពីពេល​ថ្មី​កន្លងមកនេះ​។​



Franklyn Williams អាយុ​៣២​ឆ្នាំ ជាប់ចោទ​ពីបទ​ប្លន់ និង​ប្រើប្រាស់​បណ្ណ​ឥណទាន​ក្លែងក្លាយ​។ ជនជាប់ចោទ​រួម​នេះ បដិសេធ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុង​សវនាការ បើទោះបីជា​លោក​ចៅក្រម John Russo ស្រែក​ហាមឃាត់​ច្រើនដង​ក៏ដោយ​។​



«​លោក Williams ខ្ញុំ​គឺជា​ចៅក្រម​ក្នុង​សំណុំ​រឿងនេះ​។ បិទមាត់​របស់លោក​ទៅ ហើយ​ខ្ញុំ​នឹង​ប្រា​ប់លោក នៅពេលដែល​លោក​មាន​សិទ្ធិ​និយាយ​»​។ លោក​ចៅក្រម​ស្រែក​ទៅកាន់​ជនជាប់ចោទ ប៉ុន្តែ Williams បាន​តបត​ទៅវិញ​ថា​៖ «​លោក​ព្យាយាម​យក​ជីវិត​ខ្ញុំ ហើយ​លោក​មិន​ព្រម​អនុញ្ញាត​ឲ្យ​ខ្ញុំ​រៀបរាប់​ពីអ្វី​ដែល​បាន​កើតឡើង​»​។​

​ដោយ​ខឹងសម្បារ​នឹង​ភាព​ចចេស​រឹងរូស​របស់​ជ​ន​ជាប់ចោទ លោក Russo បាន​បញ្ជា​ឲ្យ​មន្ត្រី​តុលា​ការយក​បង់​ទៅ​បិទមាត់​របស់ Williams​។ ក្នុង​បទ​សម្ភាស​ជាមួយ Fox 8 លោក Russo អះអាង​ពី​សិទ្ធិ​របស់ខ្លួន​ក្នុងការ​បិទមាត់​របស់​ជនជាប់ចោទ លោក​បញ្ជាក់ថា គេ​មនុស្ស​ពិបាក​និយាយ​គ្នា ពីព្រោះ​លោក​ធ្លាប់បាន​កាត់ក្តី​ជននេះ ៤​ករណី​រួចមកហើយ​។​

​លោក Russo បាន​បញ្ជាក់ថា​៖ «Williams ជា​មនុស្ស​ដែល​ចូលចិត្ត​និយាយ​ច្រើន និង​កាត់​សំដី​អ្នកដទៃ​។ គាត់​កាត់​សំដី​មេធាវី​របស់ខ្លួន សាក្សី ព្រមទាំង​ខ្ញុំ ដែលជា​ចៅក្រម​ផងដែរ​»​។ លោក​បាន​បន្ថែមថា លោក​បាន​ព្រមាន​យ៉ាងហោច​ជាង​១០​លើក​នា​អំឡុងពេល​ប្រមាណ​តែ​៣០​នាទី ប៉ុន្តែ​គេ​មិន​ព្រមស្តាប់​នោះឡើយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ទង្វើ​បែបនេះ ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​សហភាព​សេរីភាព​ស៊ីវិល​អាមេរិក (American Civil Liberties Union)​។ ការ​បិទមាត់​ជនជាប់ចោទ មិនមែនជា​រឿង​ធម្មតា​នោះឡើយ វា​ជាការ​បំបិទ​សិទ្ធ​និយាយស្តី​នា​អំឡុង​សវនាការ​៕


© រក្សាសិទ្ធិដោយ thmeythmey.com