កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd តាម​ប្រមាញ់ Trippier ពី Spurs ដើម្បី​ជំនួស Valencia
09, Aug 2018 , 8:39 am        
រូបភាព
​ក្រុម Tottenham Hotspur កំពុង​ប្រឈម​នឹង​ការបាត់បង់​កីឡាករ Kieran Trippier ក្រោយ Manchester United មាន​ចំណាប់អារម្មណ៍​ដើម្បី​យក​ខ្សែការពារ​ស្លាប​ស្តាំ​រូបនេះ​ទៅ​ជំនួស​តំណែង Antonio Valencia ដែលមាន​វ័យ​ចំណាស់​ទៅហើយ​។​



 Trippier បានបង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្នុងអំឡុង​ការប្រកួត​ពានរង្វាន់ FIFA World Cup នៅ​រុស្ស៊ី​។ ខ្សែការពារ វ័យ​២៧​ឆ្នាំ​រូបនេះ ស្ថិតក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់​គ្រូបង្វឹក Gareth Southgate បើ​ទោះ​តំណែង​នៅ​តំបន់​ស្លាប​ស្តាំ​ក្រុម​រហស្សនាម​តោ​កំណាច​មាន Kyle Walker រួចទៅហើយ​ក្តី​។​

​អតីត​យុវជន​របស់ Manchester City រូបនេះ បានទទួល​ការទុកចិត្ត​ពី​គ្រូបង្វឹក ដោយ​ឲ្យ​រូបគេ​ទទួល​រ៉ាប់រង​រាល់​ការទា​ត់បាល់​ពិន័យ (Free Kick) និង បាល់​ជ្រុង​ជាដើម​។ Trippier អា​ចរក​គ្រាប់​បាល់​បញ្ចូល​ទី​១​គ្រាប់​ដោយ​ការ​ទាល់​បាល់​ពិន័យ​ក្នុង​ការប្រកួត​ដែល​អង់គ្លេស​ចាញ់​ក្រូ​អាស៊ី ២-១ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​កីឡាបាល់ទាត់​ពិភពលោក​កន្លងទៅ​។​



​បើតាម​ការចុះផ្សាយ​រប​ស់ Metro ស្របពេល​ខ្សែការពារ Antonio Valencia ឈានដល់​វ័យ​៣៣​ឆ្នាំ ហើយ​ត្រូវផុត​កិច្ចសន្យា​នៅក្រោយ​បញ្ចប់​រដូវ​កាល​នេះ​ទៀត​នោះ អ្នកចាត់ការ​ទូទៅ​បិសាច​ក្រហម​លោក Jose Mourinho បាន​សម្លឹង​ឃើញ​សមាជិក​ក្រុម Spurs រូបនេះ​ដើម្បី​យកទៅ​ពង្រឹង​តំបន់​ស្លាប​ស្តាំ​នៅ​ទឹកដី Old Trafford វិញ​។​

​យ៉ាង​ក៏ដោយ Man Utd អាច​នឹងមាន​ភាគរយ​ខ្ពស់​ដើម្បី​យក Trippier បាន ដ្បិត​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Mauricio Pochettino នៅមាន​កីឡាករ​មានគុណ​ភាព​ម្នា​ក់ទៀត​គឺ Serge Aurier​។ អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន បាន​ទិញយក​ខ្សែការពារ​អន្តរជាតិ​កូត​ឌី​វ័រ​វ័យ​២៥​ឆ្នាំ​ពី Paris Saint-Germain ក្រោយ​ការចាកចេញ​របស់ Kyle Walker ពី​ក្រុម​មាន់​ខ្នាយ​មាស​ទៅ​ចូលរួម​ជាមួយ Man City កាលពី​ឆ្នាំ​២០១៧​។​

​ក្រៅពី Man Utd ក៏មាន​ក្លិប​ធំៗ​ផ្សេងទៀត​ដូចជា Real Madrid, Juventus និង PSG ចាប់អារម្មណ៍​ពី​ទម្រង់​លេង​របស់ Trippier ដែរ​៕


Tag:
 ​បាល់ទាត់​
  Tottenham
  Kieran Trippier
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com