កីឡាជាតិ
ជាតិ
ច្រឹង ពលរដ្ឋ ផ្លាស់ទៅលេងក្លិប Buriram លីគកំពូលថៃ រូបពីហ្វេសប៊ុកក្លិប Buriram United
× ភ្នំពេញ៖ ខ្សែបម្រើការពារក្រសួងការពារជាតិ កីឡាករ ច្រឹង ពលរដ្ឋ ផ្លាស់ទៅលេងឲ្យក្លិប Buriram លីគកំពូលថៃ នៅរដូវកាលក្រោយនេះ។ ការផ្ទេរ ច្រឹង ពលរដ្ឋ ទៅលេងក្លិបជើងឯកថៃមួយនេះ ស្ថិតនៅក្នុងកិច្ចសន្យារយៈពេលវែង។
ច្រឹង ពលរដ្ឋ ដែលកំពុងមានវត្តមាននៅប្រទេសថៃ បានចូលរួមហ្វឹកហាត់ជាមួយសមាជិកក្រុម ដើម្បីត្រៀមបង្ហាញសមត្ថភាពខ្លួន ឲ្យក្រុមខ្លាំង នៅក្នុងលីគកំពូលថៃ នារដូវកាលក្រោយនេះ។ ខ្សែបម្រើការពារក្រសួងការពារជាតិរូបនេះ បានផ្ទេរទៅក្លិបជើងឯកថៃ ទាំងរបួសមិនទាន់ជាសះស្បើយនៅឡើយ។ ស្ថិតនៅក្នុងស្ថានភាពរបួស កីឡាករ ពលរដ្ឋ ត្រូវការពេលហ្វឹកហាត់ជាច្រើនខែទៀត ដើម្បីអាចវិលទៅរកទម្រង់លេងដូចដើម។
លោក ភា សុភក្ត្រា គ្រូបង្វឹកក្លិបក្រសួងការពារជាតិ បាននិយាយថា វត្តមានរបស់កីឡាករ ច្រឹង ពលរដ្ឋ នៅក្នុងក្លិបBuriramនេះ វាជាគោលដៅមួយល្អ សម្រាប់រូបគេ ដែលអាចមានពេលព្យាបាលរបួសឲ្យមានប្រសិទ្ធភាពផង និងទទួលបានបទពិសោធន៍ថ្មីមួយទៀត ក្នុងអាជីពបាលទាត់ផង។ ចំពោះតម្លៃខ្លួនផ្ទេរទៅលេងក្លិបថៃនេះវិញ លោក ភា សុភក្ត្រា មិនទាន់ដឹងព័ត៌មានច្បាស់នោះទេ ។ ប៉ុន្តែលោកគ្រាន់តែដឹងថា ច្រឹង ពលរដ្ឋ ត្រូវផ្លាស់ទៅលេងឲ្យBuriram ក្នុងរយៈពេលវែង។
តាមរយៈវីដេអូយូធូប របស់ក្លិបBuriram កីឡាករ ច្រឹង ពលរដ្ឋ បាននិយាយថា ការចូលរួមលេងជាមួយក្លិបជើងឯកលីគកំពូលថៃនេះ គឺជាឱកាសមួយសម្រាប់ខ្លួន ដែលអាចអភិវឌ្ឍសមត្ថភាព និងទម្រង់លេងបន្ថែមទៀត ។ដ្បិតមិនទាន់ប្រកួតក្តី តែខ្សែបម្រើការពាររូបនេះ បានប្ដេជ្ញាជួយឲ្យក្រុមBuriram ទទួលបានជ័យជម្នះ នៅរដូវកាលក្រោយផងដែរ៕
Tag:
ច្រឹង ពលរដ្ឋ
Buriram
© រក្សាសិទ្ធិដោយ thmeythmey.com