កីឡាជាតិ
ជាតិ
Hun Sen Cup៖ ស្វាយរៀង បឹងកេត និងភ្នំពេញក្រោន បាត់បង់ឱកាសឡើងវគ្គបន្ត សកម្មភាពប្រកួតជើងទី២រវាងបឹងកេតជាមួយណាហ្គាវើល
× ក្រុមណាហ្គាវើល អង្គរថាយហ្គឺរ អគ្គស្នងការនគរបាលជាតិ(ប៉ូលិស) និងក្រសួងការពារជាតិ(ទ័ព) ទទួលបានកៅអីឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(១/២)ពានរង្វាន់សម្តេច ហ៊ុន សែន ក្រោយពួកគេទម្លាក់គូប្រកួតរៀងៗខ្លួនក្នុងវគ្គ១/៤។ ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង រងការខកចិត្តជាលើកដំបូងតាំងពីឆ្នាំ២០១៥ ក្រោយធ្លាក់ត្រឹមវគ្គជម្រុះដោយបាល់កាត់សេចក្តី។ ចំណែកបឹងកេត និងភ្នំពេញក្រោន ក៏រងការខកចិត្តដោយបាល់កាត់សេចក្តីផងដែរ។
ក្រុមណាហ្គាវើលទទួលបានកៅអីឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៨ បន្ទាប់ពីក្រុមជើងឯករងឆ្នាំ២០១៧មួយនេះ ទម្លាក់បឹងកេតក្នុងវគ្គ១/៤ ដោយបាល់កាត់សេចក្តី ៣-២។ នាជំនួបជើងទី២កាលពីថ្ងៃទី៨ ខែសីហា នៅពហុកីឡដ្ឋានជាតិ បឹងកេតបានយកឈ្នះណាហ្គាវើលក្នុងលទ្ធផល ៣-១ ក្រោយប្រកួតរយៈពេល១២០នាទី។
លទ្ធផលនេះ តម្រូវឲ្យក្រុមទាំងពីរត្រូវទាត់បាល់១១ម៉ែត្រកាត់សេចក្តី ក្រោយណាហ្គាវើលយកឈ្នះបឹងកេតក្នុងលទ្ធផល ២-០ នាជំនួបជើងទី១នៅកីឡដ្ឋានស្តាតចាស់។ ក្នុងការស៊ុតបាល់កាត់សេចក្តី កីឡាករ ស៊ុន សុវណ្ណរិទ្ធី បានផ្តល់ការខកចិត្តសម្រាប់បឹងកេតក្នុងការទាត់បាល់១១ម៉ែត្រដំបូង ក្រោយអ្នកចាំទី ស៊ូ យ៉ាទី ជួយសង្គ្រោះបាន មុនកីឡាករ គួច ដានី ផ្តល់ការខកចិត្តដល់ណាហ្គាវើល ក្រោយអ្នកចាំទី គឹម មករា ជួយសង្គ្រោះបានដូចគ្នា។
លី មីហ្សាន ទាត់បាល់លើកទី២បានសម្រេចសម្រាប់បឹងកេត ហើយកីឡាករ គួច សុគម្ភៈ សម្រេចគ្រាប់បាល់តាមស្មើ ១-១ ឲ្យណាហ្គាវើល។ បន្ទាប់មក ហុង ផេង បានជួយឲ្យបឹងកេតនាំមុខ ២-១ សាជាថ្មី មុន សុះ ស៊ូហាណា រកគ្រាប់តាមស្មើ ២-២ សម្រាប់ណាហ្គាវើល។ ឈានដល់ការទាត់គ្រាប់បាល់ទី៤ ម៉ាត់ យ៉ាមីន បានធ្វើឲ្យបឹងកេតខកចិត្តលើកទី២ ក្រោយ ស៊ូ យ៉ាទី ចាប់យ៉ាងស្រួលពីការទាត់របស់ខ្លួន។ ឃឹម បូរី បានសម្រេចគ្រាប់បាល់នាំមុខ ៣-២ សម្រាប់ណាហ្គាវើល ហើយក៏ជាគ្រាប់ជ័យជម្នះផងដែរ ក្រោយកីឡាករ កែវ វណ្ណៈ ទាត់បាញ់ចាប សម្រាប់គ្រាប់បាល់ទី៥របស់បឹងកេត។
នាការប្រកួតក្រោមដំណក់ទឹកភ្លៀងនៅកីឡដ្ឋានខេត្តស្វាយរៀងក្រសួងការពារជាតិបានយកឈ្នះម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ២-១ ក្រោយចប់ការប្រកួត១២០នាទី។ លទ្ធផលនេះ ធ្វើឲ្យក្រុមទាំងពីរត្រូវទាត់បាល់១១ម៉ែត្រកាត់សេចក្តី ព្រោះកាលជើងទី១នៅកីឡដ្ឋានស្តាតចាស់ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះទ័ព ក្នុងលទ្ធផល ២-១ ដូចគ្នា។
ឈានដល់ការទាត់បាល់១១ម៉ែត្រ កីឡាករ ប្រាក់ មុន្នីឧត្តម បានទាត់បាល់ទី១បានសម្រេច ជួយឲ្យម្ចាស់ផ្ទះនាំមុខ ១-០ តែកីឡាកររបស់ក្រសួងការពារជាតិបានទាត់បាល់តាមស្មើ ១-១ វិញ។ នេន សុធារ័ត្ន សម្រេចគ្រាប់បាល់នាំមុខ ២-១ សាជាថ្មីឲ្យម្ចាស់ផ្ទះ មុនប្រធានក្រុម រ៉ឹង ប៊ុនហៀង សម្រេចគ្រាប់បាល់តាមស្មើ ២-២ សម្រាប់ភ្ញៀវ។ បន្ទាប់មក ណុប តុលា សម្រេចគ្រាប់ទី៣សម្រាប់ព្រះខ័នរាជស្វាយរៀង មុនអ្នកចាំទី អ៊ុំ សេរីរ័ត្ន ទាត់តាមស្មើ ៣-៣ ឲ្យទ័ព។
អ្នកចាំទី អោម ឧត្តម សម្រេចគ្រាប់បាល់នាំមុខ ៤-៣ ជាថ្មីម្តងទៀតឲ្យម្ចាស់ផ្ទះ តែ ខែក ខេមរិន្ទ្រ ទាត់បាល់តាមស្មើ ៤-៤ ឲ្យភ្ញៀវ។ ឈានដល់ការទាត់បាល់ទី៥ កីឡាករ សួន សុវណ្ណ បានធ្វើឲ្យម្ចាស់ផ្ទះខកចិត្ត តាមរយៈការទាត់បាល់បាញ់ចាបឡើងទៅលើ បន្ទាប់មកកីឡាករ ជា សំណាង បានសម្រេចគ្រាប់បាល់ជ័យជម្នះ ៥-៤ ឲ្យក្រុមភ្ញៀវក្រសួងការពារជាតិ។
ជ័យជម្នះ ដែលកើតចេញការប្រកួតដ៏ស្វិតស្វាយក្រោមដំណក់ភ្លៀងនេះ ជួយឲ្យក្រុមជើងឯកឆ្នាំ២០១៦ ក្រសួងការពារជាតិឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ជាមួយជម្នះទាំងពីជើង ៨-៧។ បើគិតតាំងពីឆ្នាំ២០១៥ នេះជាលើកទី១សម្រាប់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ដែលធ្លាក់ចេញពីការប្រកួតត្រឹមវគ្គជម្រុះ។ នៅឆ្នាំ២០១៥ ព្រះខ័នរាជស្វាយរៀងគ្រងជើងឯក ក្រោយយកឈ្នះណាហ្គាវើល ២-១។ បន្ទាប់មកគ្រងជើងឯករងនៅឆ្នាំ២០១៦ ក្រោយចាញ់ក្រសួងការពារជាតិដោយបាល់ប៉េណាល់ទី ៦-៥។ នៅឆ្នាំ២០១៧ ក្រុមនេះបានគ្រងជើងឯកសាជាថ្មី ក្រោយយកឈ្នះណាហ្គាវើលក្នុងលទ្ធផល ៣-០។
ម្ចាស់ជើងឯកពីរសម័យកាលភ្នំពេញក្រោន ដែលរំពឹងខ្ពស់ថា នឹងបានកៅអីឡើងទៅវគ្គបន្ត ក្រោយមានទុក ៣-០ ក្នុងជើងទី១ បានរងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីពួកគេ ត្រូវបានអង្គរថាយហ្គឺរទម្លាក់ដោយបាល់កាត់សេចក្តី។ នាជំនួបជើងទី២នៅកីឡដ្ឋាន RSN កាលពីល្ងាចថ្ងៃទី៨ សីហា ក្រុមភ្ញៀវអង្គរថាយហ្គឺរបានយកឈ្នះម្ចាស់ផ្ទះ ៤-១ ក្រោយប្រកួត១២០នាទី។ លទ្ធផលនេះ បានធ្វើឲ្យការប្រកួតរវាងក្រុមទាំងពីរឈានដល់ការទាត់បាល់១១ម៉ែត្រកាត់សេចក្តី។
ឈានដល់ការទាត់បាល់១១ម៉ែត្រខ្សែការពារ គឹម ឆាយ៉ា ផ្តល់ការខកចិត្តដល់អ្នកគាំទ្រសម្រាប់គ្រាប់បើកឆាក ក្រោយទាត់ចេញក្រៅបង្គោលទី។ កីឡាករ ពៅ ភារិទ្ធ ធ្វើបានសម្រេចសម្រាប់គ្រាប់បាល់ដំបូង ឲ្យអង្គរថាយហ្គឺរនាំមុខ ១-០ មុនកីឡាករ អ៊ុក សុធី សម្រេចគ្រាប់បាល់តាមស្មើ ១-១ សម្រាប់គ្រាប់បាល់ទី២របស់ភ្នំពេញពេក្រោន។ ពេជ្រ សុវណ្ណខេមរិន្ទ្រ សម្រេចគ្រាប់បាល់នាំមុខ ២-១ សាជាថ្មីឲ្យអង្គរថាយហ្គឺរ បន្ទាប់មក យ៉ើ មូស្លិម សម្រេចគ្រាប់បាល់តាមស្មើសម្រាប់ម្ចាស់ផ្ទះ។
អ្នកចាំទី Alex You របស់ភ្នំពេញក្រោនបានធ្វើអង្គរថាយហ្គឺររងការខកចិត្ត តាមរយៈការជួយរារាំងបានសម្រេចពីការទាត់របស់កីឡករ ឆាយ រ៉ូតសេរី ដែលជាគ្រាប់ទី៣របស់អង្គរថាយហ្គឺរ។ ក្រុមទាំងពីរទាត់មិនចូលម្នាក់មួយដូចគ្នា ដូច្នេះនៅសល់ពីរគ្រាប់រៀងៗខ្លួន។ ឈានដល់ការទាត់បាល់ទី៤កីឡាករ យ៉ើ សាហ្វី សម្រេចគ្រាប់បាល់នាំមុខ ៣-២ សម្រាប់ម្ចាស់ផ្ទះ មុន យី វាសនា សម្រេចគ្រាប់បាល់តាមស្មើ ៣-៣ សម្រាប់ភ្ញៀវ។
ស៊ិន កក្កដា បានធ្វើភ្នំពេញក្រោនខកចិត្តជាលើកទី២ ក្រោយរូបគេទាត់បាល់ចុងក្រោយបាញ់ចាបឡើងទៅលើ។ បន្ទាប់មកកីឡាករ ឆុំ ពីសា សម្រេចគ្រាប់ជ័យជម្នះ ៤-៣ ដើម្បីជួយឲ្យអង្គរថាយហ្គឺរឡើងលេងនៅវគ្គបន្ត។
ការប្រកួតនៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី ក្រុមភ្ញៀវអគ្គស្នងការនគរបាលជាតិ លត់យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំក្នុងលទ្ធផល ៦-១ នាជំនួបជើងទី២។ ជ័យជម្នះដ៏ធំធេងនេះ ជួយឲ្យអគ្គស្នងការនគរបាលជាតិឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយជ័យជម្នះសរុបទាំងពីរ ៩-១។
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន នឹងចាប់ឆ្នោតប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ៕
Tag:
បាល់ទាត់
Hun Sen Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com