កីឡាអន្តរជាតិ
អន្តរជាតិ
សរុប! ក្លិបនៅ Premier League ចំណាយ ១,៥៤ពាន់លានដុល្លារលើការផ្ទេរកីឡាករ
× ក្លិបកីឡាបាល់ទាត់ទាំង២០ នៃក្របខណ្ឌ Premier League បានចំណាយប្រាក់សរុប ១,២ ពាន់លានផោន (១,៥៤ពាន់លានដុល្លារអាមេរិក) ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករលើកទី១ប្រចាំរដូវកាល២០១៨-២០១៩ បានបិទបញ្ចប់។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនគណនេយ្យ Deloitte នៅក្នុងប្រទេសអង់គ្លេស។
តែយ៉ាងណាក៏ដោយក្នុងចំណោមក្លិបទាំង២០ មានតែ Tottenham Hotspur មួយប៉ុណ្ណោះដែលមិនបានចំណាយប្រាក់ដើម្បីទិញចូលកីឡាករទៅរួមក្រុម ហើយក៏មិនបានលក់កីឡាករល្អៗចេញដូចគ្នាសម្រាប់រដូវកាលនេះ។
ក្នុងចំណោមក្លិបទាំង១៩ Liverpool ជាក្លិបដែលបានចំណាយលើការផ្ទេរកីឡាករច្រើនជាងគេប្រមាណ ១៧០លានផោន (២១៨លានដុល្លារ) បន្ទាប់ពីនាំចូលតារាឆ្មើម៤រូបមាន ខ្សែបម្រើ Fabinho ពី Monaco (៥០លានដុល្លារ), Naby Keita ពី RB Leipzig (៦៧លានដុល្លារ), Xherdan Shaqiri ពី Stoke City (១៧លានដុល្លារ) និងអ្នកចាំទី Alisson ពី Roma (៨៣លានដុល្លារ)។ Chelsea ឈរចំណាត់ថ្នាក់ទី២ ចំណាយអស់ ១២៦លានផោន (១៦១លានដុល្លារ) លើកីឡាករពីររូបរួមមានអ្នកចាំទី Kepa Arrizabalaga ពី Athletic Bilbao តម្លៃ៩១លានដុល្លារ និង ខ្សែបម្រើ Jorginho ពី Napoli តម្លៃ៦៤លានដុល្លារ រីឯ Fulham ដែលទើបឡើងពី Championship នៅចំណាត់ទី៣ ដោយចំណាយសរុប ១០០លានផោន (១២៨លានដុល្លារ)។
ការចំណាយសរុបរបស់ក្លិបនៃក្របខណ្ឌកំពូលអង់គ្លេសរដូវនេះក្នុងចំនួនទឹកប្រាក់១,៥៤ពាន់លានដុល្លារ មានន័យថាទាបជាងការចំណាយនៅរដូវកាលមុនដែលមានចំនួន ១,៨៤ពាន់លានដុល្លារ៕
Tag:
បាល់ទាត់
Premier League
Deloitte
© រក្សាសិទ្ធិដោយ thmeythmey.com