ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា លោក មៀច សុផាន់ណា ផ្តាំឲ្យកីឡាករកីឡាការិនី ត្រូវគោរពច្បាប់ប្រកួត និងគិតពីសុវត្ថិភាពជាចម្បង ពេលចូលរួមព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គជ្រើសរើសជើងឯកអាស៊ីនៅប្រទេសថៃ។ ថ្នាក់ដឹកនាំសហព័ន្ធរូបនេះ រំពឹងថា កម្ពុជានឹងទទួលបានលទ្ធផលល្អ សម្រាប់ការចូលរួមប្រកួតផ្លូវការលើកទី៣របស់ខ្លួន។ ការប្រកួតនឹងចេញដំណើរពីប្រទេសថៃ មកបញ្ចប់នៅកម្ពុជា ដែលស្ថានភាពផ្លូវត្រូវជិះកាត់ព្រៃ វាលស្រែ ភ្នំ ឡើងទួល និងចុះទួលជាដើម។
ដោយការប្រកួតកីឡាករត្រូវបើកលើផ្លូវមានឧបសគ្គ ដូចជាចុះឡើងភ្នំ កាត់ព្រៃប្រឹក្សា វាលស្រែ និងចុះឡើងទួលជាដើម ដូច្នេះកីឡាករកីឡាការិនីកម្ពុជា ត្រូវបង្កើនការយកចិត្តទុកដាក់ និងបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវគិតពីសុវត្ថិភាព ជាជាងលទ្ធផល។ នេះជាការផ្តាំផ្ញើរបស់លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា តាមរយៈលោក សូ ឃុនវីរៈ អនុប្រធានសហព័ន្ធ ដែលនិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨។
ប្រធានសហព័ន្ធរូបនេះ ក៏ស្នើឲ្យកីឡាករកីឡាការិនីគោរពច្បាប់ និងលក្ខខណ្ឌនៃប្រកួតផងដែរ។ ការស្នើបែបនេះ គឺដើម្បីរក្សាភាពថ្លៃថ្នូរ និងកិត្តិយស ព្រោះលោកមិនចង់ឲ្យប្រទេសចូលរួមដទៃ វាយតម្លៃកម្ពុជាក្នុងផ្លូវមិនល្អ។ ជាចុងក្រោយ លោកសង្ឃឹមថា កម្ពុជានឹងទទួលបានលទ្ធផលល្អពីការប្រកួតនេះ។
ជាមួយគ្នានេះ លោក ហូ សិទ្ធិគុណ តំណាងក្លិប Kara Cambodia ដែលត្រូវចូលរួមប្រជែងក្នុងព្រឹត្តិការណ៍នេះ បានអះអាងថា ការប្រកួតក្រោមការរៀបចំរបស់សហព័ន្ធកីឡាយានយន្តអន្តរជាតិនេះ គឺផ្តោតសំខាន់លើសុវត្ថិភាពជាចម្បង ដោយរថយន្តនីមួយៗត្រូវបំពាក់ដោយឧបករណ៍សុវត្ថិភាព ដូចជាបំពង់ពន្លត់អគ្គិសភ័យ មួកសុវត្ថិភាព និងឧបករណ៍សុវត្ថិភាពជាច្រើនទៀត។
លោក ហូ សិទ្ធិគុណ ដែលជាអនុប្រធានសហព័ន្ធផងនោះបន្ថែមថា កម្ពុជាធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីនេះពីរលើករួមមកហើយ ដោយនៅឆ្នាំ២០១៥ ក្រុមម៉ូតូកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ខណៈឆ្នាំ២០១៦ កម្ពុជាមិនទទួលបានចំណាត់ថ្នាក់នោះទេ។ ដោយកាលណេះ កម្ពុជាបញ្ជូនតែក្រុមឡានចូលរួមតែប៉ុណ្ណោះ។
ទោះបីមិនហ៊ានដាក់គោលដៅជាក់លាក់ពីលទ្ធផលយ៉ាងណាក៏ដោយ តែលោក ហូ សិទ្ធិគុណ ដែលជាអ្នកបើករថយន្តផ្ទាល់ក្នុងការប្រណាំងនេះប្តេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការស្វែងរកលទ្ធផលល្អប្រសើរមួយជូនជាតិមាតុភូមិ។ ការរំពឹងបែបនេះ ដោយសារកម្ពុជាបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការចូលរួមប្រជែងនៅឆ្នាំនេះ។
សហព័ន្ធកីឡាយានយន្តកម្ពុជា នឹងបញ្ជូនរថយន្ត២និងម៉ូតូ៤គ្រឿងមានគ្នាសុរប១៣នាក់ ឲ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2018 នៅទីក្រុងប៉ាតាយ៉ាប្រទេសថៃ។ ការប្រកួតដែលគ្រោងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១៣-១៨ ខៃសីហា ឆ្នាំ២០១៨ មានប្រទេសចំនួន៨ចូលរួមដូចជា កម្ពុជា ថៃ ជប៉ុន អូស្ត្រាលី កូរ៉េ ព្រុយណេ ឥណ្ឌូណេស៊ី និងតៃវ៉ាន់។
ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនេះ នឹងចេញដំណើរនៅទីក្រុងប៉ាតាយ៉ាប្រទេសថៃ រួចមកបញ្ចប់នៅទីក្រុងភ្នំពេញ។ ក្នុងនោះនៅថ្ងៃទី១៣ ខែសីហា ប្រណាំងពីទីក្រុងប៉ាតាយ៉ាទៅកាប៊ីនបូរី(Kabinburi), ថ្ងៃទី១៤ សីហា ប្រណាំងក្នុងខេត្តបូរីរ៉ាម(Buriram), ថ្ងៃទី១៥ ខែសីហា ប្រណាំងពីខេត្តសៀមរាបទៅព្រះវិហារ, ថ្ងៃទី១៦ ខែសីហា ចេញដំណើរពីខេត្តសៀមរាបទៅព្រះវិហារ រួចមកកំពង់ធំ, ថ្ងៃទី១៧ សីហា ប្រណាំងពីខេត្តកំពង់ធំមកកំពង់ចាម និងថ្ងៃទី១៨ ខែសីហា ពីកំពង់ចាមមកបញ្ចប់នៅភ្នំពេញ។
ព្រឹត្តិការណ៍ Asia Cross Country Rally 2018 លើកទី២៣ មានយានយន្តចូលរួមសរុបចំនួន១២៧គ្រឿងក្នុងនោះឡាន៩៨ និងម៉ូតូ២៩គ្រឿង ដោយមានកីឡាករចូលរួមសរុបចំនួន៣៥០នាក់។ សម្រាប់កម្ពុជា ក្រៅពីកីឡាករ ដែលចូលរួមប្រកួតប្រជែងដណ្តើមចំណាត់ថ្នាក់ ក៏មានក្រុមឡាន១គ្រឿងចូលរួមប្រកួតដើម្បីដកស្រង់បច្ចេកទេស និងយកជាបទពិសោធផងដែរ៕