អន្តរជាតិ
ចិន​ផ្អាក​គម្រោង​កម្ទេច​វិហារ​ឥស្លាម ក្រោយ​មានការ​តវ៉ា​
12, Aug 2018 , 5:39 pm        
រូបភាព
វិហារ​ឥ​ស្លាម​មួយ​របស់ចិន (រូបភាព AFP)
វិហារ​ឥ​ស្លាម​មួយ​របស់ចិន (រូបភាព AFP)
​អាជ្ញាធរ​ចិន​នៅ​តំបន់​ភាគ​ជើង នៅ​ថ្ងៃទី​១១ ខែសីហា បាន​ផ្អាក​គម្រោង​វាយកម្ទេច​វិហារ​ឥ​ស្លា​ដ៏​ធំ​មួយ ក្រោយ​មានការ​ងើប​តវ៉ា​ពី​សំណាក់​ប្រជាជន​មូស្លីម​ក្នុង​មូលដ្ឋាន​។ មន្ត្រី​ប្រចាំ​តំបន់ Wenzhou នៃ​តំបន់​ស្វយ័ត Ningxia ដែល​សម្បូរ​ដោយ​ជន​មូស្លីម​អម្បូរ Hui និយាយថា វិហារ​ដែល​ត្រូវ​វាយចោល​នេះ ត្រូវ​សាងសង់ឡើង​ដោយ​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​។ ប៉ុន្តែ​ប្រជាជន​ក្នុងស្រុក​អះអាងថា អាជ្ញាធរ​បាន​គាំទ្រ​ការសាងសង់​នេះ​រហូតមក​។​

 
​ការជួបជុំ​របស់​ជន​មូស្លីម​អម្បូរ Hui ចាប់ផ្ដើម​តាំងពី​ពាក់កណ្ដាល​មកម្ល៉េះ ដើម្បី​ប្រឆាំង​ផែនការ​កម្ទេច​វិហារ​ឥស្លាម​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង Wenzhou នៃ​តំបន់​ស្វយ័ត Ningxia ភាគ​ខាងជើង​ចិន​។ ការ​ងើបឡើង​របស់​ក្រុម​មូស្លីម​នេះ ក៏​កើតឡើង​ស្របគ្នា​នឹង​យុទ្ធនាការ​ទូទាំងប្រទេស​របស់​រដ្ឋាភិបាល​ចិន​ក្នុងការ​រឹតបន្តឹង​សកម្មភាព​សាសនា ហើយ​សាសនា​ឥស្លាម បាន​ក្លាយជា​គោលដៅ​ចម្បង​នៃ​ប្រតិបត្តិការ​នេះ ជាពិសេស​នៅ​តំបន់​ស៊ីន​ជាំ​ង​ភាគ​ខាងលិច​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុមបាតុករ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​បរិវេណ​វិហារ ដែល​ចាំ​ឃ្លាំមើល​ដោយ​ប៉ូលិស​ចិន​ប្រដាប់​ដោយ​ខែល​។ ដោយមាន​កាន់​ទង់​ជាតិចិន​ផង​នោះ ក្រុមបាតុករ​ទាំងអស់​បាន​អង្គុយ​នៅ​កាំជណ្ដើរ​វិហារ និង​ទីតាំង​ក្បែរ​នោះ​។ ម្ចាស់​ភោជនីយដ្ឋាន​ម្នាក់​និយាយថា អាជ្ញាធរ​ប្រកាសថា សំណង់​វិហារ​ដែល​ទើប​សាងសង់​រួច​នេះ ខុសច្បាប់ ប៉ុន្តែ​វិហារ​មួយ​នេះ​មាន​ប្រវត្តិសាស្ត្រ​រាប់រយឆ្នាំ​មកហើយ​។ 
 
​យ៉ាងណាមិញ នៅ​ថ្ងៃទី​១១ ខែសីហា អាជ្ញារ​តំបន់​បានប្រកាស​ពន្យារពេល​ផែនការ​វាយកម្ទេច​វិហារ​នេះ​វិញ​ហើយ ហើយ​បាតុករ​ក៏បាន​រំសាយ​ខ្លះ​ដែរ​។ បាតុករ​ជា​មូស្លីម​ខ្លះ​បានធ្វើ​ដំណើរ​ពី​តំបន់​ឆ្ងាយ​ដើម្បី​ចូលរួម​ការប្រមូលផ្ដុំ​នេះ ដែល​បង្ខំ​ឲ្យ​មានការ​ផ្ដាច់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​តំបន់​នោះ​តែម្ដង ស្រប​ពេលដែល​អាជ្ញាធរ​បាន​ពង្រាយ​ប៉ូលិស​ជាច្រើន​ដែរ​។ អ៊ី​ធឺ​ណិ​ត 4G ដំណើរការ​នៅក្រៅ​ទីក្រុង Wenzhou ប៉ុណ្ណោះ តែ​ការទាក់ទង​តាម​ទូរ​សព្ទ​ដំណើរការ​ធម្មតា​។​
 
​តាមពិតទៅ ការព្រួយបារម្ភ​ចាប់ផ្ដើម​តាំងពី​សប្ដាហ៍​មុន ក្រោយ​រដ្ឋាភិបាល​ចេញ​បញ្ជា​ឲ្យ​កម្ទេច​វិហារ​នេះ ក្រោម​ហេតុផល​ថា សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ នេះ​អាច​បណ្ដាល​តែ​វិហារ​នេះ​ត្រូវបាន​ស្ថាបនា​ដោយ​មិន​គោរព​តាម​រចនាបថ​ចិន​ដែល​ស្រដៀង​វិហារ​ពុទ្ធសាសនា ដោយ​ដំបូល​វិហារ​នេះ​ត្រូវបាន​សាងសង់​តាមបែប​អារ៉ាប់ មាន​រាង​មូល និង​អឌ្ឍចន្ទ​ទៅវិញ​។ 
​អ្វី​ជាការ​កត់សម្គាល់ ការប្រតិបត្តិ​សាសនា​ឥស្លាម ត្រូវបាន​រឹតត្បិត​ខ្លាំង​នា​រយៈពេល​ចុងក្រោយ​នេះ តែ​នេះ​ជាការ​ករណី​ថ្មី​មួយ​នៅ​តំបន់​ស្វយ័ត Ningxia ដែល​កន្លងមក ជន​មូស្លីម​មួយ​នេះ​មាន​សេរីភាព​ច្រើន​ក្នុងការ​ប្រតិបត្តិ​តាម​សាសនា​របស់ខ្លួន​។ ជន​មូស្លីម Uighur ឯណោះ​ទេ ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ខ្លាំង​ផ្នែក​សាសនា​នេះ ព្រោះ​ពួកគេ​ស្ថិតនៅ​មាត់ច្រក​នៃ​ចលនា​របស់​ក្រុម​ជ្រុលនិយម ហើយ​រដ្ឋាភិបាល​ចិន​ក៏បាន​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ទៅទៀត​ដែរ​៕

Tag:
 ចិន​
  ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com