គ​.​ជ​.​ប អាចនឹងផ្អាក​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត ព្រោះ​មាន​បណ្តឹង​
ជាតិ
បោះឆ្នោត
គ​.​ជ​.​ប អាចនឹងផ្អាក​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត ព្រោះ​មាន​បណ្តឹង​
13, Aug 2018 , 10:24 am        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប (ឆ្វេងដៃ) និង លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា (ស្តាំដៃ)
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប (ឆ្វេងដៃ) និង លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា (ស្តាំដៃ)
ដោយ: ថ្មីៗ
​តាម​កាលបរិច្ឆេទ ដែល​ត្រូវបាន​គ្រោងទុក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។ ប៉ុន្តែ កាលបរិច្ឆេទនៃការប្រកាស​លទ្ធផល​ផ្លូវការ​នេះ អាចនឹងប្រែប្រួល ដោយសារ​តែមាន​គណបក្ស ដាក់​បណ្តឹង​ទៅកាន់​គ​.​ជ​.​ប ដើម្បី​ទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​។​



​គណបក្ស ដែល​ចាប់ផ្តើម​ដាក់​បណ្តឹង​មុនគេ គឺ​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់​។ លោក ពេជ្រ ស្រស់ បាន​យក​បណ្តឹង​ទៅ​ដា​ក់នៅ​គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ នេះ​ម្តង​។ ប្រធាន​គណបក្ស​រូបនេះ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា មូលហេតុ​ដែល​លោក ដាក់​បណ្តឹង គឺ​ដោយសារតែ​លទ្ធផល​ប​ណ្ណោះ​អាសន្ន ដែល​គ​.​ជ​.​ប ទើបនឹង​ប្រកាស ហាក់ដូចជា​មិនទាន់មាន​លក្ខណ​ត្រឹមត្រូវ​នៅឡើយ​។

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប ប្រាប់​សារព័ត៌មាន​មាន​ថ្មីៗ​ថា ក្រៅពី​គណបក្ស​យុ​ជនកម្ពុជា គ​.​ជ​.​ប ពុំទាន់​ឃើញ​មាន​គណបក្ស​ណា​ផ្សេង ដាក់​បណ្តឹង​នោះទេ​។ លោក បន្តថា គ​.​ជ​.​ប ត្រូវ​ពិនិត្យ​ជាមុនសិន ហើយ​បន្ទាប់មក​ទើប​សម្រេច​ថា ត្រូវ​រាប់​សន្លឹកឆ្នោត​ឡើងវិញ តាម​បណ្តឹង​របស់​គណបក្ស​យុវជន​កម្ពុជា ឬ​មិន​រាប់​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ពិនិត្យមើល​សិន មិនមែន​ចេះតែ​ធ្វើតាម​ការស្នើសុំ​នោះទេ​»​។ 

លោក ហង្ស ពុទ្ធា បន្ថែមថា ប្រសិនបើ គ.ជ.ប សម្រេចដោះស្រាយបណ្តឹងរបស់គណបក្សយុវជនកម្ពុជា ដោយត្រូវចំណាយពេលច្រើនថ្ងៃ ដូច្នេះ ការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត អាចនឹងផ្អាក។ ប៉ុន្តែ លោក បញ្ជាក់ថា ប្រសិនបើបណ្តឹងរបស់គណបក្សយុវជនកម្ពុជា ត្រូវបានច្រានចោល​ ឬក៏ដោះស្រាយបានមុនថ្ងៃទី១៥ ខែសីហា នោះកាលបរិច្ឆេទនៃការប្រកាសលទ្ធផលផ្លូវការ នឹងមិនផ្លាស់ប្តូរអ្វីឡើយ។ លោក បកស្រាយបែបនេះថា៖«ឥឡូវយើង មិនទាន់អាចនិយាយថា ការប្រកាសលទ្ធផលផ្លូវការ នឹងត្រូវពន្យារ ឬមិនពន្យារទេ ព្រោះយើង មិនទាន់បានសម្រេចលើបណ្តឹងរបស់គណបក្សយុវជនកម្ពុជា»។ 

យ៉ាងណាក៏ដោយ ជានីតិវិធី ការដោះស្រាយបណ្តឹងនេះ មិនអាចឲ្យលើសពី១០​ថ្ងៃនោះទេ។ នេះបើតាម​អ្នកនាំពាក្យគ.ជ.ប ដដែល។ លោក បានអះអាងទៀតថា ក្រោយ​ដោះស្រាយ​បណ្តឹង​របស់​គណបក្ស​រួចហើយ ទើប​គ​.​ជ​.​ប អាច​ប្រកាស​លទ្ធផល​ផ្លូ​រការ​នៃ​ការបោះឆ្នោត​។ លោក សង្កត់​យ៉ាង​ដូច្នេះ​៖«យ៉ាងយូរ ​រយៈពេល​១០​ថ្ងៃ គ​.​ជ​.​ប ត្រូវតែមាន​ដំណោះស្រាយ​លើ​បណ្តឹង​របស់​គណបក្ស​»​។​

ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត មាន​បី​ដំណាក់កាល គឺ​លទ្ធផល​បឋម លទ្ធផល​បណ្តោះអាសន្ន និង​លទ្ធផល​ផ្លូវការ​។ លទ្ធផល​បឋម និង​លទ្ធផល​បណ្តោះអាសន្ន ត្រូវបាន ប្រកាស​រួចរាល់​អស់ហើយ​។

​តួលេខ​នៃ​លទ្ធផល​បឋម និង​លទ្ធផល​បណ្តោះអាសន្ន ខុសគ្នា​តិចតួច​ប៉ុណ្ណោះ​។ លទ្ធផល​ទាំង​ពីរលើក​នេះ បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សន្លឹកឆ្នោត​ជាង ៤,៨​លាន​នាក់​ឯណោះ ដែល​ស្មើ​ជាង​៧៦​ភាគរយ​។ គេ សន្និដ្ឋាន​ជាមុន​ថា ក្នុងចំណោម​គណបក្ស​ទាំង​២០ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​លើក​នេះ ប្រហែលជា​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែលមាន​លទ្ធភាព​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​។

​រដ្ឋសភា​នីតិកាល​ទី​៦ នឹងត្រូវ​ប្រជុំ​លើកដំបូង​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​មួយថ្ងៃ​បន្ទាប់មក នឹងត្រូវ​បង្កើត​រដ្ឋាភិបាល​ថ្មី​។ នេះ​បើតាម​ការប្រកាស​របស់​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​ប្រចាំ​ផ្ទះ​នាពេល​កន្លងមក​៕


Tag:
 បោះឆ្នោត​
  គជប​
  ហង្ស ពុទ្ធា​
  ពេជ្រ ស្រស់
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម