អន្តរជាតិ
មន្ត្រី​កូរ៉េ​ទាំងពីរ​ជួបគ្នា​ត្រៀម​រៀបចំ​ជំនួប​កំពូល​មេដឹកនាំ​លើក​ទី​បី​
13, Aug 2018 , 11:42 am        
រូបភាព
ប្រធានគណៈកម្មាធិការដើម្បីបង្រួបបង្រួមទឹកដីរបស់កូរ៉េខាងជើង Ri Son-gwon និងរដ្ឋមន្រ្តីបង្រួបបង្រួមរបស់កូរ៉េខាងត្បូង Cho Myoung-gyon (រូបភាព AFP)
ប្រធានគណៈកម្មាធិការដើម្បីបង្រួបបង្រួមទឹកដីរបស់កូរ៉េខាងជើង Ri Son-gwon និងរដ្ឋមន្រ្តីបង្រួបបង្រួមរបស់កូរ៉េខាងត្បូង Cho Myoung-gyon (រូបភាព AFP)
​មន្ត្រីជាន់ខ្ពស់​កូរ៉េ​ទាំងពីរ នៅ​ថ្ងៃទី​១៣ ខែសីហា បាន​ជួបគ្នា​នៅ​តំបន់​ព្រំដែន​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ ដើម្បី​ជជែក​ពី​ជំនួប​កំពូល​មេដឹកនាំ​លើក​ទី​បី​។ ប្រធានបទ​សំខាន់​នៃ​កិច្ចប្រជុំ​ថ្នាក់ខ្ពស់ គឺកំណត់​ទីកន្លែង និង​ពេលវេលា​ជាក់លាក់​សម្រាប់​ជំនួប​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ តាម​ការឯកភាព​កន្ល​ង​មក ជំនួប​អន្តរ​កូរ៉េ​លើក​ក្រោយនេះ នឹង​រៀបចំ​នៅ​កូរ៉េខាងជើង​។

 


​រដ្ឋមន្ត្រី​បង្រួប​ង្រួ​ម​កូរ៉េខាងត្បូង Cho Myoung-gyon និង​ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការរួបរួម​ប្រទេស​ដោយ​សន្តិភាព​របស់​កូរ៉េខាងជើង Ri Son-gwon បានចាប់ផ្ដើម​ជំនួប​ចរចា​ថ្នាក់ខ្ពស់​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា នៅ​ប៉ែក​ខាងជើង​ខ្សែស្រប​ទី​៣៨ នៃ​ព្រំដែន​ឧបទ្វីប​កូរ៉េ​ក្នុង​ទឹកដី​កូរ៉េខាងជើង​។ មន្ត្រី​កូរ៉េ​ទាំងពីរ​នេះ នឹង​ពិភាក្សា​ពី​ការរៀបចំ​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ ដែល​រំពឹងថា នឹងធ្វើ​នៅ​ចុងខែ​សីហា ឬ​ខែកញ្ញា​ខាងមុខ​។

​ផ្ដើម​ជំនួប​នេះ លោក Ri និយាយថា ការពង្រឹង​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ គឺជា​ទិសដៅ និង​គំនិត​រួម​សម្រាប់​ប្រជាជន​កូរ៉េ​ទាំងពីរ​ខាង ហើយ​លោក​រំពឹងថា ជំនួប​ពេលនេះ នឹងមាន​លទ្ធផល​ល្អប្រសើរ​។ ចំណែក​លោក Cho វិញ​ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ដែរ ដោយ​លើកឡើងថា ភាពខុសគ្នា​ទាំងឡាយ នឹង​ត្រូវបាន​ដោះស្រាយ បើ​កូរ៉េ​ទាំងពីរ​មានគំនិត​ដូចគ្នា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ។​

​ទីតាំង និង​កាលបរិច្ឆេទ​សម្រាប់​ជំនួប​រវាង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​លោក​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​កូរ៉េខាងជើង គីម ជុង​អ៊ុន ជា​របៀបវារៈ​សំខាន់​។ កាលពី​ជំនួប​ខែមេសា លោក មូ​ន និង​លោក គីម បាន​ឯកភាពគ្នា​ជួប​ម្ដងទៀត​នៅ​រដ្ឋធានី​ព្យុងយ៉ាង​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​។ វា​នឹង​ក្លាយជា​ជំនួប​លើក​ទី​បី​រវាង​មេដឹកនាំ​ទាំងពីរ ដោយ​លើកទីមួយ​ក្នុង​ខែមេសា និង​លើក​ទី​ពីរ​ក្នុង​ខែឧសភា​កន្លងទៅ​។

​ការចរចា​រវាង​មន្ត្រី​កូរ៉េ​ទាំងពីរ ក៏​ធ្វើឡើង​ស្រប​ពេលដែល​ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង​កំពុង​រអាក់រអួល ដោយ​ភាគី​ទាំងពីរ​រិះគន់​គ្នា​ទៅវិញទៅមក​ថា មិន​អនុវត្តតាម​សេចក្ដីថ្លែងការណ៍​សិង្ហ​បុរី​។ ក្រុង​វ៉ាស៊ីនតោន​ទទូច​ឲ្យ​ក្រុង​ព្យុងយ៉ាង​បង្កើន​ការប្រឹងប្រែង​រំសាយ​នុយក្លេអ៊ែរ​ឲ្យ​បាន​លឿន ដើម្បី​រួចខ្លួន​ពី​ទណ្ឌកម្ម ស្រប​ពេលដែល​ក្រុង​ព្យុងយ៉ាង​ក្ដៅ​ត្រចៀក​នឹង​ការទាមទារ​នេះ​យ៉ាងខ្លាំង និង​ស្នើ​ឲ្យ​មាន​អាមេរិក​ធ្វើ​ការងារ​របស់ខ្លួន​ផង​។​

​លោក​ប្រធានាធិបតី មូ​ន ត្រូវ​មើល​គេ​ឃើញថា បាន​ដើរ​ជា​សន្ធាន​ការី​នៅ​កណ្ដាល​រវាង​លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នេះ​។ ជំនួប​កាលពី​ខែឧសភា បាន​បើកផ្លូវ​ដល់​ជំនួប​លោក ត្រាំ និង​លោក គីម នៅ​ខែមិថុនា បន្ទាប់ពី​អាមេរិក​ប្រកាស​លុបចោល​គម្រោង​ជំនួប​នោះ​។ ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​លើក​ទី​បី​ខាងមុខ នឹង​ជួយ​ជំរុញ​សំណុំរឿង​នុយក្លេអ៊ែរ​នេះ​ថែមទៀត បន្ថែម​ពីលើ​ការពង្រឹង​ទំនាក់ទំនង​កូរ៉េ​ផង​៕ 


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com