អន្តរជាតិ
លោក ត្រាំ អួតថា យោធា​អាមេរិក​មាន​សព្វាវុធ​ល្អផ្ដាច់គេ​លើ​លោក​
14, Aug 2018 , 5:07 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឈរជាមួយទាហានអាមេរិក (រូបភាព AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឈរជាមួយទាហានអាមេរិក (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៣ ខែសីហា បាន​និយាយ​លើកសរសើរ​សមត្ថភាព​យោធា​អាមេរិក និង​អួតអាង​ពី​ភាពល្អ​ដាច់​គេ​របស់​សព្វាវុធ​អាមេរិក​ផង​។ លោក ត្រាំ អួតអាង​បែបនេះ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ច្បាប់​ថវិកា​ការពារជាតិ​សម្រាប់​ឆ្នាំ​២០១៩ ដែល​សំដៅ​បង្កើន​ប្រសិទ្ធភាព​យោធា​ទាំង​គុណភាព​និង​បរិមាណ​អាវុធ​ក្នុង​ឃ្លាំង​ផង​។



«​ក្រោយពេល​កាត់បន្ថយ​ជាច្រើន​ឆ្នាំ យើង​កំពុង​កសាង​ឡើងវិញ​នូវ​យោធា​របស់​យើង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​» នេះ​ជា​សម្ដី​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទៅកាន់​ទាហាន​អាមេរិក​នៅឯ​បន្ទាយ Fort Drum ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃទី​១៣ ខែសីហា មុនពេល​លោក​ចុះហត្ថលេខា​លើ​ច្បាប់​ការពារជាតិ​ឆ្នាំ​២០១៩ មាន​ទំហំ​ដល់​ទៅ​៧១៦​ពាន់​លាន​ដុល្លារ​ឯណោះ ដែល​កើន​យ៉ាងច្រើន​បើ​ប្រៀបធៀប​ឆ្នាំ​កន្លងទៅ​។​

​ច្បាប់​ស្ដីពី​វិស័យ​ការពារជាតិ​ឆ្នៃ​២០១៩ បាន​បង្កើន​ប្រាក់ខែ​សម្រាប់​ទាហាន​អាមេរិក​ទាំងអស់ ផ្ដល់​ទឹកប្រាក់​ជាច្រើន​សម្រាប់​ការធ្វើ​ទំនើបកម្ម​សព្វាវុធ គ្រាប់​នុយក្លេអ៊ែរ និង​ការផលិត​សម្ភារ​ចម្បាំង​ថែម​ដូចជា​រង​ក្រោះ យន្តហោះ និង​កប៉ាល់ចម្បាំង​ជាដើម​។ មុន​ចុះហត្ថលេខា លោក ត្រាំ អួតអាង​ក្ដែ​ងៗ​ថា អាមេរិក​មាន​គ្រឿង​បរិក្ខារ​យោធា​ល្អផ្ដាច់គេ​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក ហើយ​អាមេរិក​នឹង​ផ្លាស់ប្ដូរ​សព្វាវុធ​ចាស់ៗ ហួស​សម័យ ហើយ​ជំនួស​ដោយ​អាវុធ​ស៊េរី​ថ្មី​ទំនើបៗ​។​

​ស្របតាម​ផែនការ​នេះ ប្រធានាធិបតី​អាម​រិ​ក​រូបនេះ​បាន​បញ្ចេញ​ផែនការ​ទិញ​សព្វាវុធ​ថ្មីៗ​ដូចជា​រថក្រោះ M1 Abrams ចំនួន​១៣៥​គ្រឿង រថពាសដែក​ធុន Bradley ៦០​គ្រឿង រថពាសដែក JLTV ច្រើនជាង​៣​ពាន់​គ្រឿង និង​ឧទ្ធម្ភាគចក្រ​ម៉ាក Apache និង Blackhawk ក៏ដូចជា​យន្តហោះ​ចម្បាំង F-35 ចំនួន​៧៧​គ្រឿង​ទៀត​។ ក្នុងចំណោម​នេះ យន្តហោះ F-35 មានតម្លៃ​ជាងគេ តែ​ក៏​ជួប​បញ្ហា​ច្រើន​ដែរ ជាពិសេស​ការថែទាំ​តែម្ដង​។​

​ក្រៅពី​ប្ដូរ​គ្រឿង​បរិក្ខារ​ហួស​សម័យ​ជំនួស​ដោយ​របស់​ថ្មី លោក ត្រាំ ក៏បាន​ប្រកាស​បង្កើន​ការចំណាយ​លើ​អាវុធ​នុយក្លេអ៊ែរ និង​ប្រព័ន្ធ​មី​ស៊ី​ល​ផង​។ ប៉ុន្តែ​លោក​នៅតែ​សង្ឃឹមថា អាមេរិក​នឹង​គ្មាន​ថ្ងៃ​ប្រើ​នុយក្លេអ៊ែរ​ឡើយ​។ បើតាម​ច្បាប់​ថ្មី​ដែល​ផ្ដើម​អនុវត្ត​នៅ​ខែតុលា ឆ្នាំនេះ អាមេរិក​នឹង​ចំណាយលុយ​ចំនួន​ជិត​៦.៥​ពាន់​លាន​ដុល្លារ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្បាល​គ្រាប់​នុយក្លេអ៊ែរ មី​ស៊ី​ល​បាលី​ស្ទិ​ក​គ្រប់​ធុន មី​ស៊ី​លបាញ់​លើ​អាកាស និង​យន្តហោះ B-21 Raider ដែល​បំពាក់​មី​ស៊ី​ល​នេះ​ផង​។​

​សម្រាប់​លោក ត្រាំ ការបង្កើន​ទំហំ​ថវិកា​ការពារជាតិ​នេះ មាន​គោលដៅ​ពង្រឹង​មុខមាត់​អាមេរិក​ក្នុងនាម​ជា​មហាអំណាច​ទីមួយ​របស់​ពិភពលោក​មិន​ថា​សេដ្ឋកិច្ច នយោបាយ ឬ​យោធា​ឡើយ និង​ធ្វើយ៉ាងណា​ដើរ​ឲ្យ​លឿន​ជាង​គូប្រជែង​ដទៃទៀត​ដូចជា​ចិន និង​រុស្ស៊ី​។ ជាច្រើន​ឆ្នាំ​មកហើយ ទឹកប្រាក់​ចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​អាមេរិក គឺ​ធំ​ជាង​មហាអំណាច​ផ្សេងៗ​បូក​បញ្ចូល​គ្នា​ទៅទៀត ទោះជា​គូប្រជែង​អាមេរិក​ប្រឹង​បង្កើន​ការចំណាយ​របស់ខ្លួន​ដែរ​ក្ដី​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com