អន្តរជាតិ
ចិន​សម្ញែង​អានុភាព​យោធា​នៅ​ដែនសមុទ្រ​បី​ព្រម​គ្នា​
14, Aug 2018 , 8:59 pm        
រូបភាព
នាវាចម្បាំងចិនបាញ់មីស៊ីលក្នុងសមយុទ្ធមួយ (រូបភាព South China Morning Post)
នាវាចម្បាំងចិនបាញ់មីស៊ីលក្នុងសមយុទ្ធមួយ (រូបភាព South China Morning Post)
​ចាប់ពី​ចុង​សប្ដាហ៍​មុន​ដល់​ដើម​សប្ដាហ៍​នេះ យោធា​ចិន​បាន​សម្ញែង​សាច់ដុំ​របស់ខ្លួន​តាមរ​យៈ​ការធ្វើ​សមយុទ្ធ​ព្រមៗ​គ្នា​នៅ​ទីតាំង​បី​ផ្សេងគ្នា​ក្នុង​ដែនទឹក​របស់ខ្លួន​។ សមយុទ្ធ​របស់​យោធា​ចិន ត្រូវបាន​គេ​មើលឃើញថា ជាការ​ហាត់​ត្រៀម​ដើម្បី​ប្រយុទ្ធ ហើយក៏​ជា​សាកល្បង​សមត្ថភាព​ពិតប្រាកដ​របស់​កងទ័ព និង​ប្រសិទ្ធភាព​នៃ​សព្វាវុធ បន្ទាប់ពី​ការធ្វើកំណែទម្រង់​ទ្រង់ទ្រាយ​ធំ​ដោយ​ប្រធានាធិបតី ស៊ី ជិន​ភីង នាពេល​កន្លងមក​ផង​។



​នាវាចម្បាំង​ជាច្រើន​គ្រឿង និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​ដែរនោះ បាន​ចូលរួម​ក្នុង​សមយុទ្ធ​នៅ​ដែនសមុទ្រ​ចំនួន​បី​របស់​ចិន​ដើម្បី​បង្អួត​កម្លាំង និង​ហាត់ពត់​សមត្ថភាព​ក្នុងស្ថានភាព​សាំ​ញាំ​ដូចជា​សមរភូមិ​មែនទែន​។ វា​ក៏​ផ្នែក​មួយ​នៃ​ការត្រៀមខ្លួន​របស់​ចិន​ប្រឈមមុខ​ស្ថានការណ៍​ប្រែប្រួល​ឆាប់រហ័ស​ផង​។ តំបន់​សមុទ្រ​ដែល​យោធា​ចិន​ធ្វើ​សមយុទ្ធ​នេះ សុទ្ធសឹង​ជា​ដែនទឹក​មាន​បញ្ហា​។​

​នៅ​ថ្ងៃទី​១៣ ខែសីហា ទី​បញ្ជា​កងទ័ព​ចិន​សមរភូមិ​ខាងត្បូង​បានប្រកាសថា កប៉ាល់ចម្បាំង​មួយក្រុម​បាន​ចូលរួម​ក្នុង​សមយុទ្ធ​ផ្សេងៗ​គ្នា​ដូចជា​លំ​ហាត់​បាញ់​គ្រាប់​ពិត និង​ការវាយប្រហារ​ប្រឆាំង​នាវាមុជទឹក​ត្រាប់​ជាដើម​។ ទីបញ្ជាការ​ដែល​ស្ថិតក្នុង​ចំណោម​ទីបញ្ជាការ​ទើប​បង្កើត​ថ្មី​ដោយ​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង មិន​បញ្ជាក់​ទីតាំង​ជាក់លាក់​ឡើយ ប៉ុន្តែ​ទីបញ្ជាការ​នេះ​ទទួលខុសត្រូវ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​។ 

​នៅ​ចុង​សប្ដាហ៍​មុន នៅ​សមុទ្រ​ចិន​ខាងកើត​ឯណោះ​វិញ កងទ័ព​ចិន​មកពី​ទីបញ្ជាការ​យោធា​ចំនួន​បី បាន​បើក​សមយុទ្ធ​យោធា​រួម​ដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ផ្សាយ​ថា កប៉ាល់ចម្បាំង​ច្រើនជាង​១០​គ្រឿង​បាន​ចូលរួម​ក្នុង​លំ​ហាត់​យោធា​អាកាស និង​ការការពារ​មី​ស៊ី​ល​ទ្រង់ទ្រាយ​ធំ​។ ទោះជា​គេ​មិនដឹង​គោលបំណង​ច្បាស់​ក្ដី សមយុទ្ធ​នេះ​អាច​ធ្វើឡើង​តម្រង់​ទិសដៅ​តៃវ៉ាន់ ដែល​ស្ថិតក្នុង​សមុទ្រ​ខាងកើត​នេះ​។

​ដោយឡែក​នៅ​សមុទ្រ​លឿង​ឯណោះ​វិញ គេ​ក៏​ឃើញ​មាន​សមយុទ្ធ​យោធា​មួយ​ដែរ​។ ប៉ុន្តែ​អាជ្ញាធរ​ចិន​មិនបាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ទាក់ទង​សមយុទ្ធ​ដែល​ធ្វើ​ពី​ចុង​សប្ដាហ៍​មុន​ដល់​ដើម​សប្ដាហ៍​នេះឡើយ តែ​បានប្រកាសថា ជា​លំ​ហាត់​យោធា​សំខាន់​។ អ្នកតាមដាន​ស្ថានការណ៍​ខ្លះ​បាន​លើកឡើងថា សមយុទ្ធ​នេះ​ទំនង​មានការ​ចូលរួម​ពី​នាវា​ដឹក​យន្តហោះ​ចិន​ធុន Type 001A ដែល​ផលិត​ក្នុងស្រុក​ផង ព្រោះ​ទីតាំង​សមយុទ្ធ​នៅក្បែរ​មូលដ្ឋាន​នាវា​ក្នុង​ខេត្ត​សាន​ទុង​។​

​សមយុទ្ធ​ទាំងបី ជាពិសេស​នៅ​សមុទ្រ​ខាងកើត ទំនងជា​សារ​ទៅកាន់​ប្រទេស​ផ្សេង​ដែល​ចង់​គាំទ្រ​តៃវ៉ាន់​ផង ហើយក៏​គ្មាន​នរណា​ជា​ក្រៅពី​អាមេរិក និង​ក្រុមគាំទ្រ​ឯករាជ្យ​របស់​តៃវ៉ាន់​ដែរ​។ សមយុទ្ធ​ប្រឆាំង​មី​ស៊ី​ល​នៅ​សមុទ្រ​ខាងកើត ជាការ​ហ្វឹកហាត់​សំដៅ​ការពារ​នាវា​ដឹក​យន្តហោះ​ក្នុង​ប្រតិបត្តិការ​យោធា និង​សមត្ថភាព​យោធា​ផ្ទាល់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បក្ស​កុម្មុយនីស្ត​ចិន​ធ្លាប់​ផ្សាយ​ថា បើ​ក្រុង​ប៉េកាំង​ប៉ះទង្គិច​ជាមួយ​ក្រុង​តៃប៉ិ​មែន សមុទ្រ​ខាងកើត​នេះ​ជា​សមរភូមិ​ក្ដៅ​៕


Tag:
 ចិន​
  អាមេរិក​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com