កីឡាជាតិ
ជាតិ
ជម្រើសជាតិ​កម្ពុជា​៖ លោក Felix ជា​គ្រូបង្វឹក ហើយ​ត្រូវ​ធ្វើការ​ផ្ទាល់​ជាមួយ​លោក Honda
14, Aug 2018 , 9:19 pm        
រូបភាព
លោក Felix នាសន្និសីទសារព័ត៌មានជាមួយលោក Honda និងនៅពេលជាកីឡាករក្លិប Sagawa Printing SC
លោក Felix នាសន្និសីទសារព័ត៌មានជាមួយលោក Honda និងនៅពេលជាកីឡាករក្លិប Sagawa Printing SC
ដោយ: រួបរួម
​ជា​កីឡាករ​ដែល​លេង​នៅ​អូស្ត្រាលី​ផង និង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផង លោក Keisuke Honda មិនអាច​បែងភាគ​បាន​នោះឡើយ​។ កីឡាករ​លំដាប់​អន្តរជាតិ​ជប៉ុន​រូបនេះ នឹង​ដឹកនាំ​បច្ចេកទេស​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា តាមរយៈ Video Conference រៀងរាល់​សប្តាហ៍ បន្ទាប់ពី​លោក​ទំនេរ​ពី​ការប្រកួត​សម្រាប់ Melbourne Victory​។ អ្នក​ដែល​ត្រូវ​ដឹកនាំ​ផ្ទាល់​នោះ គឺ​លោក Felix Gonzalez Dalmas គ្រូបង្វឹក​ជនជាតិ​អា​ហ្ស​ង់​ទីន​។​



​លោក Keisuke Honda គឺជា​អ្នកចាត់ការ​ទូទៅ (GM) រីឯ​លោក Felix Gonzalez Dalmas គឺជា​គ្រូបង្វឹក​ផ្ទាល់ (Head Coach)​។ លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានបញ្ជាក់​យ៉ាង​ដូច្នេះ ប្រាប់​ដល់​សារព័ត៌មាន ThmeyThmey​។​

​តើ​លោក Felix Gonzalez Dalmas ជា​នរណា​? មិនមាន​ព័ត៌មាន​ច្រើន​នោះឡើយ​ទាក់ទង​នឹង​គ្រូបង្វឹក​វ័យ​៣០​ឆ្នាំ​រូបនេះ​។ តាម​ការផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន​នៅ​ជប៉ុន លោក Felix ដែលមាន​កំណើត​នៅ​ក្រុង Buenos Aires មាន​សញ្ញាបត្រ​គ្រូបង្វឹក​ត្រឹមត្រូវ និង​ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​លំដាប់​ទាប​មួយចំនួន​នៅ​ជប៉ុន ដូចជា Sagawa Printing SC និង AS.Laranja Kyoto ជាដើម​៕

Tag:
 បាល់ទាត់​
  ជម្រើសជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com