អន្តរជាតិ
នាយករដ្ឋមន្ត្រី ម៉ូ​ឌី ៖ ឥណ្ឌា​ដូច​សត្វ​ដំរី​ភ្ញាក់​ពី​ដំណេក​
15, Aug 2018 , 9:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្រ្ទា ម៉ូឌី (រូបភាព AFP)
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្រ្ទា ម៉ូឌី (រូបភាព AFP)
​ឥណ្ឌា​ជាស​ត្វ​ដំរី កំពុង​រត់​។ នេះ​ជា​ពាក្យ​សរសើរ​របស់​មន្ត្រី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​ប្រៀបធៀប​ទំហំ​សេដ្ឋកិច្ច​ដ៏​ធំ​ជាមួយនឹង​កំណើន​ឆាប់រហ័ស​របស់​ឥណ្ឌា​ទៅនឹង​សត្វ​ដំរី​មួយ​ក្បាល​ដែល​កំពុង​រត់​។ នៅ​ថ្ងៃទី​១៥ ខែសីហា នាយករដ្ឋមន្ត្រី​ឥណ្ឌា​ផ្ទាល់ នា​រិ​ន្ទ្រា ម៉ូ​ឌី ក៏បាន​ប្រដូច​ឥណ្ឌា​ទៅនឹង​សត្វ​ដំរី​ដូចគ្នា ដោយ​លើកឡើងថា ដំរី​ឥណ្ឌា​ភ្ញាក់​ពី​ដំណេក ហើយ​ការរីកចម្រើន​នេះ​ជា​ស្នាដៃ​របស់​រដ្ឋាភិបាល​លោក​។



​នាឱកាស​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​ឥណ្ឌា​ថ្ងៃទី​១៥ ខែសីហា លោកនាយក​រដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​និយាយ​លើកសរសើរ​សមិទ្ធផល​របស់​ប្រទេស​ដែល​សម្រេចបាន​ក្រោម​ការដឹកនាំ​របស់លោក​នា​រយៈពេល​៥​ឆ្នាំ​មកនេះ​។ លោក ម៉ូ​ឌី បានលើកឡើង​ពី​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​បានប្រកាស​ផែនការ​ធានារ៉ាប់រង​សុខភាព​ទ្រង់ទ្រាយ​ធំ​ដែល​នឹង​អនុវត្ត​នៅ​កញ្ញា និង​ថា ឥណ្ឌា​នឹង​បញ្ជូន​មនុស្ស​ទៅកាន់​ទី​លំហ​នៅ​ឆ្នាំ​២០២២ ផង​។​

​ក្នុង​សុន្ទរកថា​ជាង​៨០​នាទី​ខាងមុខ​វិមាន Red Fort ក្នុង​រដ្ឋធានី​ញូវដែល្លី មេដឹកនាំ​ជាតិនិយម​រូបនេះ​និយាយថា មុន​លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​២០១៤ ឥណ្ឌា​ត្រូវបាន​ចាត់ទុកជា​ប្រទេស​ដែលមាន​ការបែកបាក់​។ លោក ម៉ូ​ឌី ដែល​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​នោះ​បន្តថា ឥណ្ឌា​បច្ចុប្បន្ន​ជា​ទឹកដី​នៃ​ការកែទម្រង់ និង​ការផ្លាស់ប្ដូរ ហើយ​កំពុង​ស្ថិតក្នុង​ដំណើរ​ទៅកាន់​កំណើនសេដ្ឋកិច្ច​ដ៏​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ដោយ​ប្រៀបធៀប​ឥណ្ឌា​ទៅនឹង​សត្វ​ដំរី លោក ម៉ូ​ឌី បញ្ជាក់ថា​៖ «​សព្វថ្ងៃ ពិភពលោក​និយាយថា សត្វ​ដំរី​បាន​ក្រោកពីដំណេក កំពុង​ដើរ និង​ចូលរួម​ការប្រកួត​»​។ ប្រៀបធៀប​ប្រទេស​ទៅនឹង​ដំរី ព្រោះ​ឥណ្ឌា​ដែលមាន​ប្រជាជន​លំដាប់​ទី​ពីរ​របស់​ពិភពលោក មាន​អត្រាកំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ច្រើនជាង​៧​ភាគរយ​ក្រោយ​លោក ម៉ូ​ឌី ក្លាយជា​នាយករដ្ឋមន្ត្រី ហើយ​ត្រូវ​ទស្ស​ទាយ​ថា នឹង​បន្ត​រក្សា​អត្រា​ខ្ពស់​បែបនេះ​នៅ​រយៈពេល​វែង​ទៀត​។​

​ក្នុង​របាយការណ៍​ចេញ​ថ្ងៃទី​៨ ខែសីហា IMF បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​រប​ស់​ឥណ្ឌា​ក្នុង​ឆ្នាំ​២០១៨ នេះ​ចំនួន​៧.៣​ភាគរយ​រហូតដល់​ខែមីនា​ឆ្នាំ​២០១៩ ។ ចាប់ពី​ឆ្នាំ​២០១៩ អត្រាកំណើន​សេដ្ឋកិច្ចរ​បស់​ឥណ្ឌា​នឹង​កើន​ដល់​៧.៥​ភាគរយ​ឯណោះ ដែល​នោះ​ជា​កំណើន​មួយ​ដ៏​លឿន​ប្រៀបធៀប​នឹង​ប្រទេស​នានា​។ បើតាម​របាយការណ៍​ដ​ដែល​នេះ កំណើនសេដ្ឋកិច្ច​របស់​ឥណ្ឌា​មាន​ទំហំ​ប្រមាណ​១៥​ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក​។​

អត្ថបទទាក់ទង


​ក្នុងទិសដៅ​ជំរុញ​សុខា​មាល​ភាព​ប្រជាជន រដ្ឋាភិបាល​ឥណ្ឌា​នឹង​ដាក់ចេញ​ផែនការ​ផ្ដល់​ធានារ៉ាប់រង​ប្រចាំឆ្នាំ​ចំនួន​៧​ពាន់​ដុល្លារ​ទៅ​ឲ្យ​ប្រជាជន​៥០០​លាន​នាក់​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ ដោយ​ចាប់ផ្ដើម​ពី​ខែកញ្ញា​តទៅ​។ ប្រជាជន​ឥណ្ឌា​៥០០​លាន​នាក់​នេះ ស្ទើរ​ស្មើ​ប្រជាជន​សហភាព​អឺរ៉ុប​ទៅហើយ​។ លើសពីនោះ លោក ម៉ូ​ឌី ក៏​ប្រកាស​គម្រោង​បញ្ជូន​ជនជាតិ​ឥណ្ឌា​ម្នាក់​ដែល​អាចជា​បុរស ឬ​ស្ត្រី​ទៅកាន់​ទី​អវកាស​នៅ​រយៈពេល​៤​ឆ្នាំ​ខាងមុខ​៕


Tag:
 ឥណ្ឌា​
  នា​រិ​ន្ទ្រា ម៉ូ​ឌី​
© រក្សាសិទ្ធិដោយ thmeythmey.com