កីឡាអន្តរជាតិ
អន្តរជាតិ
Honda អ្នកចាត់ការកម្ពុជា៖ «គ្រូ Melbourne ជាអ្នកបំផុសគំនិតខ្ញុំឲ្យបន្តអាជីពជាកីឡាករបាល់ទាត់» Keisuke Honda និងលោក Kevin Muscat គ្រូបង្វឹកក្រុម Melbourne Victory។ រូបថត AFP
× ខ្សែប្រយុទ្ធឆ្នើម Keisuke Honda និងជាអ្នកចាត់ការទូទៅថ្មីក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នៅថ្ងៃទី១៥ ខែសីហានេះថាខ្លួនគ្រោងនឹងចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ទៅហើយនៅក្រោយបញ្ចប់ការប្រកួតពានរង្វាន់ World Cup នៅរុស្ស៊ី។ ប៉ុន្តែរូបគេបានប្តូគំនិតហើយសម្រេចលេងបន្តទៀត ក្រោយពីទទួលបានការទូន្មាន និងបំផុសគំនិតពីសំណាក់គ្រូបង្វឹកក្រុម Melbourne Victory លោក Kevin Muscat។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
អតីតខ្សែប្រយុទ្ធ AC Milan វ័យ៣២ឆ្នាំ ដែលជាកីឡាករល្បីឈ្មោះមួយរូបក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ទ្វីបអាស៊ី ទើបបានចុះហត្ថលេខាលេងឲ្យក្លិប Melbourne Victory ម្ចាស់ជើងឯក A-League របស់អូស្ត្រាលីសម្រាប់រដូវកាល ២០១៨-២០១៩នេះ ក្រោយចាកចេញពីក្លិបម៉ិកស៊ិក Pachuca។
Honda បានរៀបរាប់ក្នុងសន្និសីទជាមួយបណ្តាញសារព័ត៌មានជប៉ុនថា៖ «ខ្ញុំបានគិតពីការបោះបង់អាជីពរបស់ខ្ញុំបន្ទាប់ពីការប្រកួតកីឡាបាល់ទាត់ពិភពលោក ប៉ុន្តែសំណាងល្អក្លិបនេះ (Melbourne Victory) បានផ្តល់ឲ្យខ្ញុំនូវភាពអស្ចារ្យមួយដោយបានផ្លាស់ប្តូរគំនិតរបស់ខ្ញុំ។ ខ្ញុំបានផ្លាស់ប្តូរចិត្តវិញបន្ទាប់ពីខ្ញុំបាននិយាយជាមួយលោកគ្រូ Kevin Muscat ដោយផ្ទាល់»។
ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្រុមសាមូរ៉ៃជប៉ុនបន្ថែមថា៖«គាត់ (គ្រូ) និយាយមកកាន់ខ្ញុំថាគាត់ពិតជាចង់ទទួលបានជោគជ័យសម្រាប់ក្លិបមួយនេះ ... គាត់គឺជាមនុស្សម្នាក់ដែលមានមហិច្ឆតាហើយខ្ញុំក៏ជាមនុស្សមានមហិច្ឆតាដូចគ្នាដែរ ដូច្នេះខ្ញុំទទួលបានការបំផុសគំនិតដ៏អស្ចារ្យពីគាត់។ ខ្ញុំពិតជារំភើបណាស់ ខ្ញុំពិតជារីករាយណាស់ដែលខ្ញុំអាចទទួលអារម្មណ៍ថ្មីដើម្បីការប្រកួតប្រជែងថ្មីមួយទៀតនៅក្នុងអាជីពរបស់ខ្ញុំ»។
ក្រៅពីអាជីពជាកីឡាករបាល់ទាត់ ម្ចាស់ក្លិបសូលទីឡូអង្គររូបនេះ ក៏ទើបទទួលបានតំណែងមួយទៀតក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជា។ អ្វីដែលពិសេស លោកដឹកនាំដោយស្ម័គ្រចិត្តពោលគឺមិនយកថ្លៃឈ្នួលអ្វីឡើយ។
បើតាមការផ្សាយរបស់សារព័រ៌មាន ThemThmey លោក Honda មិនអាចបង្ហាញវត្តមានគ្រប់ពេលជាមួយក្រុមជម្រើសជាតិកម្ពុជាឡើយ ប៉ុន្តែលោកមានកាលវិភាគត្រឹមត្រូវរវាងការចាត់ចែងដឹកនាំក្រុមកម្ពុជា និងការលេងនៅក្លិប Melbourne Victory។
ក្រោយទំនេរពីការលេងនៅ Melbourne Victory លោកនឹងដឹកនាំកិច្ចប្រជុំមួយសប្តាហ៍ម្តងតាមរយៈវីដេអូ Conference ជាមួយក្រុមការងារនៅកម្ពុជា។ លោកក៏ត្រូវការកិច្ចសហការពីក្លិបផ្សេងៗផងដែរ។
Honda ធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិប្រមាណ៩០ប្រកួត ចាប់តាំងពីឆ្នាំ២០០៨មក និងមានវត្តមាននៅ World Cup ៣លើកជាប់ៗគ្នា ក្នុងឆ្នាំ២០១០ នៅអាហ្វ្រិក ឆ្នាំ២០១៤ នៅប្រេស៊ីល និងឆ្នាំ២០១៨ នៅរុស្ស៊ី។ កីឡាករអន្តរជាតិរូបនេះ ជាប់ជា Player of the Tournament នៅពេលដែលជប៉ុនលើកពាន AFC Asian Cup ឆ្នាំ២០១១៕
Tag:
បាល់ទាត់
Keisuke Honda
Kevin Muscat
© រក្សាសិទ្ធិដោយ thmeythmey.com