អន្តរជាតិ
ត្រាំ បញ្ជូន​ប្រមុខ​ការពារជាតិ​ទៅ​អាមេរិក​ឡាទីន​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន និង​រុស្ស៊ី​សាយភាយ​ក្នុង​តំបន់
16, Aug 2018 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ធី​ស ចាប់ផ្តើម​ទស្សនកិច្ច​នៅ​អាមេរិក​ឡាទីន​នៅ​សប្តាហ៍​នេះ ក្នុង​គោលបំណង​ដៅ​ពង្រឹង​និង​ព​ង្រី ទំនាក់ទំនង​យុទ្ធសាស្ត្រ​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ អាមេរិក​ប្រឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​នេះ​ខណៈពេល​មហាអំណាច​ចិន និង​រុស្ស៊ី​កំពុង​បង្កើន​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​ខ្លាំង​ផងដែរ​។​



​ទស្សនកិច្ច​ជា​លើកដំបូង​របស់លោក ម៉ា​ធី​ស ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ជាមួយរ​ដ្ឋ​អាមេរិក​ឡាទីន​ផ្តើមចេញពី​ប្រេ​ស៊ី​ល ហើយ​បន្តដំណើរ​ទៅកាន់​អា​ហ្ស​ង់​ទីន​, ស៊ី​លី និង​កូ​ឡុំ​ប៊ី​ទៀតផង​។  បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ពេល​ស្ថិតនៅ​ប្រេ​ស៊ី​ល លោក ម៉ា​ធី​ស បាន​អំពាវនាវ​ឲ្យ​មានការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ផង​។​

​ពី​សាកលវិទ្យាល័យ​យោធា​ទីក្រុង Rio de Janeiro នៅ​ចំពោះមុខ​មន្ត្រី​យោធា​ប្រេ​ស៊ី​ល ប្រមុខ​ការពារជាតិ​អាមេរិក​រូបនេះ​បានបញ្ជាក់ អាមេរិក និង​ប្រេ​ស៊ី​ល​មាន​ប្រយោជន៍​រួមគ្នា​ដែល​ឈរលើ​ទីតាំង​ភូមិសាស្ត្រ​រួម​, តម្លៃ​ប្រជាធិបតេយ្យ ហើយ ធ្លាប់​ប្រកៀក​ស្មារ​គ្នា​ធ្វើសង្គ្រាម​រាប់​ពី​សម័យ​សង្គ្រាមលោកលើកទី​២​មកម្ល៉េះ​។​

​ក្រៅពី​រៀបរាប់​ពី​ទំនាក់ទំនង​ទ្វេភាគី លោក ម៉ា​ធី​ស ក៏​បង្ហើប​ផងដែរ​ថា អាមេរិក​ចង់បាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រេ​ស៊ី​ល ហើយ​អាមេរិក​ចាប់អារម្មណ៍​ខ្លាំង​លើ​មជ្ឈមណ្ឌល​លំហ​អាកាស​ប្រេ​ស៊ី​ល Alcantara ដែលមាន​ទីតាំង​ល្អ​ងាយស្រួល​បង្ហោះ​ផ្កាយរណប​ផង​។​

​វត្តមាន​ប្រមុខ​ការពារជាតិ​អាមេរិក​នៅ​អាមេរិក​ឡាទីន ក៏​កើតឡើង​ចំពេល​ដែល​មហា​យក្ស​អាស៊ី​ចិន​បន្ត​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់​ឥតឈប់ឈរ​ដែរ តាមរយៈ​ការបន្ត​វិនិយោគ​, ជំរុញ​ពាណិជ្ជកម្ម និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​លំហ​អាកាស​ផង​។ ចិន​ក៏​ស្វែងរក​ឱកាស​អភិវឌ្ឍ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក​ឡាទីន​លើ​វិស័យ​កសិកម្ម​, រ៉ែ និង​វត្ថុធាតុដើម​ថែមទៀត​។

​ចំណែក​រុស្ស៊ី​វិញ​នោះ​ក៏​មិន​ចាញ់​ចិន​ប៉ុន្មាន​ដែរ​។ មន្ត្រី​អាមេរិក​ធ្លាប់​ព្រមាន​ថា រុស្ស៊ី​បង្កើន​ឥទ្ធិពល​របស់ខ្លួន​រហ័ស​ក្នុងពេល ៦​ឆ្នាំ​មកនេះ​ដោយ​ជំរុញ​ការកសាង​វត្តមាន​យោធា និង​សមត្ថភាព​ចារកម្ម​នៅក្នុង​តំបន់​អាមេរិក​ឡាទីន​ផង​។ នេះ​បញ្ជាក់ថា វា​ជាស​ញ្ញា​ប្រកាសអាសន្ន​សម្រាប់​ក្រុង​វ៉ាស៊ីនតោន​។​

​គេ​មើលឃើញថា រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ឥទ្ធិពល​របស់​អាមេរិក​នៅ​អាមេរិក​ឡាទីន​កាន់តែ​រសាយ ហើយ​ព្រោះ​អាមេរិក​មិនសូវ​យកចិត្តទុកដាក់​ខ្លាំង​។ ទំនាក់ទំនង​ជាមួយ​បណ្តា​រដ្ឋ​អាមេរិក​ឡាទីន​នោះ​ក៏​ចម្រូងចម្រាស​ទៀត​ពេលខ្លះ​។ អាមេរិក​តែង​រង​ការចោទប្រកាន់​រឿង​នៅ​ពីក្រោយ​ចលនា​ប្រឆាំង ឬ​រដ្ឋប្រហារ​ទម្លាក់រ​ដ្ឋា​ភិ​បាល​មិន​រណប​ខ្លួន​នៅក្នុង​តំបន់​ផងដែរ​។​

​យ៉ាងណាមិញ លោក ម៉ា​ធី​ស ទាត់ចោល​ការអះអាង​ខាងលើ ហើយ​រៀបរាប់ថា អាមេរិក​មិនបាន​ព្រងើយកន្តើយ​នឹង​តំបន់​អាមេរិក​ឡាទីន​ឡើយ​។ ផ្ទុយទៅវិញ អាមេរិក​នៅតែ​យកចិត្តទុកដាក់​ជាពិសេស​កិច្ចសហប្រតិបត្តិការ​ខាង​ផ្នែក​យោធា​តែម្តង​។

​សូមបញ្ជាក់ថា មុន​មក​ទស្សនកិច្ច​នៅ​ប្រេ​ស៊ី​ល លោក ម៉ា​ធី​ស ក៏បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​ប្រេ​ស៊ី​ល Joaquim Silva e Luna កាលពី​ខែមេសា​។ ក្នុងពេលនោះ លោក ម៉ា​ធី​ស​ក៏បាន​ដាក់​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​អាមេរិក​ចាប់ផ្តើម​ការងារ​ជាមួយ​ប្រេ​ស៊ី​ល​ផ្លាស់ប្តូរ​ទំនាក់ទំនង​យោធា​ជាមួយ​រុស្ស៊ី​ឲ្យ​កាន់តែ​រឹងមាំ​ផងដែរ​៕



Tag:
 ជេ​ម ម៉ា​ធី​ស​
  អាមេរិក​
  អាមេរិក​ឡាទីន​
  ប្រេ​ស៊ី​ល
© រក្សាសិទ្ធិដោយ thmeythmey.com