ជាតិ
បោះឆ្នោត
ក្រោយ​ឈ្នះឆ្នោត បក្ស​ប្រជាជន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់​និន្នាការ រួមគ្នា​អភិវឌ្ឍ​ប្រទេស​
16, Aug 2018 , 9:39 pm        
រូបភាព
សម្ដេច ហ៊ុន សែន ឈរថ្លែងសារនយោបាយ នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨
សម្ដេច ហ៊ុន សែន ឈរថ្លែងសារនយោបាយ នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨
ដោយ:
​ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ទោះ​មាន​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា និង​បាន​បោះឆ្នោត ឬ​មិនបាន​បោះឆ្នោត​ក្ដី ឲ្យ​រួបរួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​។ ការអំពាវនាវ​នេះ ធ្វើឡើង​ក្រោយ គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត នៅ​យប់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។

   

​ក្រោយ​ប្រកាស​ពី​ជ័យជម្នះ​ទាំងស្រុង ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ រួបរួមគ្នា ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ និង​ព្រះមហាក្សត្រ​តែមួយ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​។

​ក្រៅពី​អំពាវនាវ​ឲ្យ​មានការ​រួបរួម គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ក៏បាន​ប្ដេជ្ញា​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដោយ​ផ្ដោត​សំខាន់​ទៅលើ​កំណែទម្រង់​អភិបាលកិច្ច​, វិនិយោគ​លើ​ធនធានមនុស្ស​, លើកកម្ពស់​ការ​គាំពារ​សង្គម​សម្រាប់​ប្រជាជន​គ្រប់រូប និង​បង្កើត​បរិយាកាស​ល្អ​ដល់​អ្នកវិនិយោគ​។​

​ជ័យជម្នះ​លើ​ការបោះឆ្នោត​ដ៏​ច្រើន​លើសលប់​មិន​ធ្លាប់មាន​នេះ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា​ជា​ជ័យជម្នះ​របស់​ប្រជាជន​ខ្មែរ​ទាំងមូល ដែល​ស្រឡាញ់​សន្តិភាព និង​ការអភិវឌ្ឍ​។ មិនតែប៉ុណ្ណោះ សេចក្ដីថ្លែងការណ៍​ដដែល បាន​ឲ្យ​ដឹងថា ជ័យជម្នះ​នេះ គឺជា​បរាជ័យ​នៃ​គណបក្សប្រឆាំង ដែល​ព្យាយាម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​ទន្ទឹមនេះ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បង្ហាញ​ការសោកស្ដាយ​ចំពោះ​បរទេស​មួយចំនួន ដែល​មិនបាន​ចូលរួម​សង្កេត​ការបោះឆ្នោត​ដោយផ្ទាល់ តែ​បែរជា​វាយតម្លៃ​លើ​ការបោះឆ្នោត​ថា គ្មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​។ គណបក្ស​ប្រជាជន បាន​ហៅ​ឥរិយាបថ​បែបនេះ​របស់​បរទេស ថា​ជាការ​ប្រមាថ​ដល់​ឆន្ទៈ​ប្រជាជន​កម្ពុ​ជាជាង ៦​លាន​នាក់ ដែល​បាន​ទៅ​បោះឆ្នោត កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕



Tag:
 នយោបាយ​
  បោះឆ្នោត​
  គណបក្ស​ប្រជាជន​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com