អន្តរជាតិ
មន្ទីរ​បញ្ច​កោណ​៖ ក្បួនព្យុហយាត្រា​យោធា​ដែល​លោក ត្រាំ ចង់បាន ត្រូវ​លើក​ទៅ​ឆ្នាំ​២០១៩
17, Aug 2018 , 2:15 pm        
រូបភាព
លោក ដូណាល់ ត្រាំ ឈរជាមួយយោធាអាមេរិក (រូបភាព AFP)
លោក ដូណាល់ ត្រាំ ឈរជាមួយយោធាអាមេរិក (រូបភាព AFP)
​ព្យុហយាត្រា​យោធា​ដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បញ្ជា​ឲ្យ​រៀបចំ​នៅ​ខែវិច្ឆិកា ត្រូវបាន​លើក​ពេល​ទៅ​ឆ្នាំ​២០១៩ វិញ​។ នេះ​បើតាម​ការប្រកាស​របស់​មន្ទីរ​បញ្ច​កោណ​នៅ​ថ្ងៃទី​១៦ ខែសីហា បន្ទាប់ពី​ការ​បែកធ្លាយ​ការ​ខ្ទង់ចំណាយ​ដ៏​ច្រើន​រួចមក​។ របាយការណ៍​ចុងក្រោយ​បង្ហាញថា ក្បួន​ដង្ហែ​យោធា​ដែល​ធ្វើ​ស្របគ្នា​បុណ្យ​អតីតយុទ្ធជន​អាមេរិក​នោះ ត្រូវបាន​ចំណាយ​ដល់​ទៅ​៩០​លាន​ដុល្លារ​ឯណោះ ដែល​ចំនួន​នេះ​ខុសគ្នា​ច្រើន​ពី​ការប៉ាន់ស្មាន​របស់​សេត​វិមាន​។



​គ្មាន​ឡើយ​ក្បួន​យោធា​គគ្រឹកគគ្រេង​តាម​បណ្ដោយ​រុក្ខវិថី Pennsylvania ឡើយ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​។ ក្រសួងការពារជាតិ​អាមេរិក​សម្រេច​ពន្យារពេល​ព្យុហយាត្រា​យោធា​ដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចង់ឃើញ​។ លោក ត្រាំ ទំនងជា​ខកចិត្ត​មិន​ស្ទើរ​ឡើយ​ចំពោះ​ការពន្យារ​ពេលនេះ ព្រោះ​លោក​ពិតជា​ចង់ឃើញ​យោធា​អាមេរិក​បង្អួត​អានុភាព​របស់ខ្លួន ដូចដែល​លោក​ធ្លាប់​ឃើញ​នៅ​បារាំង​កាលពី​ឆ្នាំ​២០១៧ ដូច្នោះ​ដែរ​។​

​ក្នុង​សេចក្ដីប្រកាស​របស់​មន្ទី​រ​បញ្ច​កោណ​ថ្ងៃទី​១៦ ខែសីហា អ្នកនាំពាក្យ Rob Manning និយាយថា ក្រសួងការពារជាតិ និង​សេត​វិមាន​បាន​ព្រមព្រៀង​រៀបចំ​ក្បួន​ដង្ហែ​ជា​កិត្តិយស​ដល់​អតីតយុទ្ធជន​អាមេរិក និង​អបអរ​ខួប​ទី​១០០​ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាមលោកលើកទី​១ ហើយ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​ខាងមុខ​។ យ៉ាងណាមិញ មន្ត្រី​នាំពាក្យ​ដដែល​បន្តថា ស្ថាប័ន​ទាំងពីរ​យលស្រប​គ្នា​ដើម្បី​ស្វែងរក​ឱកាស​ថ្មី​នៅ​ឆ្នាំ​២០១៩ វិញ​។​

​មិនមាន​មូលហេតុ​ណាមួយ​ត្រូវបាន​បញ្ចេញ​ឲ្យ​ដឹង​ឡើយ តែ​ការចំណាយ​ច្រើន​អាចជា​មូលហេតុ​សំខាន់​។ កាលពី​ខែកុម្ភៈ សេត​វិមាន​បានប្រកាស​ពី​បំណង​របស់លោក ត្រាំ ដែលជា​អគ្គមេបញ្ជាការ​កំពូល​ក​ង​ទ័ព​អាមេរិក​ក្នុងការ​រៀបចំ​ព្យុហយាត្រា​យោធា​នេះ បន្ទាប់ពី​លោក​បាន​ចូលរួម​បុណ្យ​ឯករាជ្យ​ជាតិ​បារាំង​ហើយ​អ្នកចាត់ចែង​ថវិកា​របស់​សេត​វិមាន​និយាយថា ការចំណាយ​មាន​ចំនួន​១០​លាន​ដុល្លា​ទៅ​៣០​លាន​ដុល្លារ​។

​យ៉ាងណាក្ដី មន្ត្រី​អាមេរិក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា គម្រោង​ចំណាយបាន​កើន​ដល់​៩០​លាន​ដុល្លារ​ឯណោះ​។ វា​អាច​ដើមហេតុ​នៃ​ការអូសបន្លាយ​កម្មវិធី​យោធា​អឹ​ក​អ​ធឹ​ក​របស់លោក ត្រាំ ក៏​ថា​បាន ខណៈ​គម្រោង​នេះ​ក៏​រង​ការរិះគន់​ស្រាប់​ទៅហើយ​។ ក្រុម​អ្នកប្រឆាំង​ង​គម្រោង​នេះ​ប្រតិកម្ម​ថា ក្បួន​យោធា​នេះ ជាការ​ខ្ជះខ្ជាយ​លុយ​ឥតប្រយោជន៍ ហើយ​ជា​កម្មវិធី​សម្រាប់តែ​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​សម្ញែង​កម្លាំង​ប៉ុណ្ណោះ​។​

​តាមពិតទៅ ក្បួនព្យុហយាត្រា​បង្ហា​ញក​ម្លាំ​ង​យោធា គឺជា​រឿង​កម្រ​បំផុត​នៅ​អាមេរិក​។ ព្រឹត្តិការណ៍​យោធា​នេះ​កើតឡើង​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ​១៩៩១ ក្រោយ​អាមេរិក​បណ្ដេញ​ទាហាន​អ៊ីរ៉ាក់​ចេញពី​ទឹកដី​កូ​វ៉ែត​ក្នុង​សង្គ្រាម​សមុទ្រ​ពែ​រ្ស​។ លោក ត្រាំ ចង់​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​កើតឡើង​ជាថ្មីទៀត​ដើម្បី​បង្អួត​កម្លាំងយោធា តែមាន​អ្នកខ្លះ​ចង់​ឲ្យ​បង្វែរ​ថវិកា​ទាំងនោះ​សម្រាប់​អតីតយុទ្ធជន​ដែល​នៅ​រស់រានមានជីវិត​វិញ​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com