ជាតិ
សង្គមជាតិ
ជនជាតិ​ចិន បង្ក​បទល្មើស​ច្រើនជាងគេ ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៨
18, Aug 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រយៈពេល​៣​ខែ ដោយ​គិតពី​ខែមេសា ដល់​ខែមិថុនា ឆ្នាំ​២០១៨ សមត្ថកិច្ច រកឃើញថា ក្នុងចំណោម​ជនបរទេស ដែល​មក​រស់នៅ ធ្វើការ និង​ធ្វើដំណើរ​កម្សាន្ត​នៅ​កម្ពុជា ជនជាតិ​ចិន បាន​ប្រព្រឹត្ត​បទល្មើស​ច្រើនជាងគេ​។​

 

​របាយការណ៍​ត្រីមាស​ទី​២ នៃ​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍​ជាមួយ​ជនបរទេស​ប្រចាំ​នៅ​កម្ពុជា (HOTLINE) បានឱ្យដឹងថា វិនិយោគិន និង​អ្នកទេសចរ មក​កម្ពុជា បានទទួល​រងគ្រោះ​ចំនួន​១៧៨​ករណី ដោយ​ភាគច្រើន​ជា​អំពើចោរកម្ម លួច​-​ឆក់ មាន​ដល់​ទៅ​៧៧​ករណី និង​មាន​៣៧​សញ្ជាតិ​។ ចំណែក ជនបរទេស​ប្រព្រឹត្ត​បទល្មើស​មាន​ចំនួន ៨៨​ករណី ភាគច្រើន​បទល្មើស​ប្រើប្រាស់​-​ជួញដូរ​គ្រឿងញៀន ដែលមាន​ចំនួន​១៧​ករណី និង​ត្រូវបាន ឃាត់ខ្លួន ៣៧៨​នាក់ មាន​២៥​សញ្ជាតិ​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការ​គរ​បាល​ជាតិ ដែល​ចុះផ្សាយ នៅ​ថ្ងៃទី​១៥ ខែសីហា​។​
 
​អគ្គស្នងការ​នគរបាល​ជាតិ បាន​បន្តថា បើតាម​របាយការណ៍​ខាងលើ ជនបរទេស​ដែល​រងគ្រោះ ក្នុង​ត្រីមាស​ទី​២ បាន​កើនឡើង ៣៧​ករណី បើ​ប្រៀបធៀប​ជាមួយ​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០១៨ ហើយ​ជនបរទេស​រងគ្រោះ​ច្រើនជាងគេ​មាន ចិន​, វៀតណាម​, បារាំង​, អូស្ត្រាលី និង​អង់គ្លេស​។ ចំណែក ជនបរទេស ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​ត្រីមាស​ទី​២​នេះ មាន​៨៨​ករណី ហើយ​ជន​បរ​ទេ ដែល​ប្រព្រឹត្ត​ច្រើនជាងគេ​មាន ចិន (២៥៧​នាក់​), នី​ហ្ស៊េ​រី​យ៉ា (៣៧​នាក់​), វៀតណាម (១៤​នាក់​), ថៃ (១២​នាក់​) និង កូរ៉េខាងត្បូង (៨​នាក់​)​។ កន្លែង ដែល​កើតមាន​ច្រើន​បទល្មើស​ជាងគេ ដោយសារ​ជនបរទេស​ទាំងនោះ គឺ​នៅ​រាជធានី​ភ្នំពេញ​។​
 
​បើតាម​ប្រភព​ខាងលើ នាយ​ឧត្ដមសេនីយ៍ ថោង លីម អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ណែនាំ​ដល់​នាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ជា​សមាជិក ត្រូវ​អនុវត្តតាម​ផែនការ​របស់​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​ការពារ​សន្តិសុខ​ជូន​វិនិយោគិន និង​អ្នក​ទេស​បរទេស ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទាក់ទាញ និង​លើកទឹកចិត្ត​វិស័យ​វិនិយោគ និង​អ្នកទេសចរ​នៅ​កម្ពុជា​។ 
 
​នគរបាលជាតិ បាន​បន្ថែមទៀតថា ការណែនាំ​របស់លោក ថោង លីម ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​២ ឆ្នាំ​២០១៨ ជាមួយ​នាយកដ្ឋាន អង្គភាព ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត រួមជាមួយ​បណ្ដា​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា នា​ថ្ងៃទី​១៥ ខែសីហា នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ​។​
 
​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ តំណាង​ស្ដា​ន​ទូត​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ ជាពិសេស​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍​ជាមួយ​ជនបរទេស​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ការពារ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ខ្លួន និង​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​វិនិយោគិន ភ្ញៀវទេសច​បរទេស មន្ត្រីការទូត ទីតាំង​ស្ថានទូត និង​និវេសនដ្ឋាន​ឯកអគ្គរាជទូត​-​រដ្ឋទូត ដែលមាន​វត្ត​មាននៅ​កម្ពុជា​។ នេះ​បើតាម​នគរបាលជាតិ​ដដែល​៕

Tag:
 ​ជនបរទេស​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com