អន្តរជាតិ
ក្រុម​សិទ្ធិមនុស្ស​សាទរ ពេល​សភា​ម៉ាឡេស៊ី​សម្រេច​លុបចោល​«​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​»​ដ៏​ចម្រូងចម្រាស
17, Aug 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋសភា​ម៉ាឡេស៊ី​សម្រេច​និរាករណ៍​ចោល​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​តាម​ការចង់បាន​របស់​រដ្ឋាភិបាល​លោក មហា​ធៀ មហាម៉ាត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៦​ខែសីហា​។ ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ត្រូវបាន​បង្កើត​ក្នុង​អាណត្តិ​រដ្ឋាភិបាល​លោក ណា​ជីប រ៉ា​ហ្សា​ក់ ហើយ​វា​មាន​គោលដៅ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​ព័ត៌មាន​ដែរ​។​



​មួយថ្ងៃ មុន​គម្រប់​ខួប ១០០​ថ្ងៃ​នៃ​ការ​កាន់តំណែង​របស់​ប​ក្ស Pakatan Harapan ដែលមាន​លោក មហា​ធៀ ជា​ប្រមុខ សភា​ម៉ាឡេស៊ី​បានអនុម័ត​ច្បាប់​មួយ​ដើម្បី​លុបចោល​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដ៏​ចម្រូងចម្រាស​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama ផ្សាយ​ថា ការលុបចោល​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នេះ​ជាការ​សន្យា​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ហើយ​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី​ផង​។ ក្រោយ​មានការ​អនុម័ត​ច្បាប់​ថ្មី​ដើម្បី​និរាករណ៍​ច្បាប់​ចាស់​ដ៏​ចម្រូងចម្រាស​នេះ ខាង​ក្រុម​សិទ្ធិមនុស្ស​បានចេញ​មុខ​ស្វាគមន៍​។

​សមាជិកសភា​សិទ្ធិមនុស្ស​អាស៊ាន Teddy Baguilat បាន​ថ្លែង​ដូច្នេះ​៖« វាចា​ច្បាប់​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​បំបិទមាត់​អ្នក​រិះគន់​រដ្ឋាភិបាល និង​ដើម្បី​រឹតត្បិត​ការជជែក​ដេញដោល​សាធារណៈ​។ វា​មិនគួរ​ត្រូវបាន​គេ​អនុម័ត​ឡើង​តាំងពី​ដំបូង​ឡើយ​នោះ​»​។​

​តាមពិតទៅ​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ត្រូវបាន​អនុម័ត​ក្នុង​ខែមេសា​ឆ្នាំ ២០១៨​នេះ ក្រោយ​មាន​ស្នើសុំ​ពី​សំណាក់​រដ្ឋាភិបាល​លោក ណា​ជីប រ៉ា​ហ្សា​ក់​។ ច្បាប់​នេះ​ពិន័យ​លុយ ១២២០០០​ដុល្លារ និង​ដាក់ពន្ធនាគារ​រហូតដល់ ៦ ឆ្នាំ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​ព័ត៌មាន​ក្លែងក្លាយ​នេះ​ផង​។

​ក្រុម​សិទ្ធិមនុស្ស​និង​អ្នក​រិះគន់​បាន​ចោទប្រកាន់ថា រដ្ឋាភិបាល​លោក ណា​ជីប ចេញ​ច្បាប់​នេះ​ដើម្បី​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញ​មុខ​និង​សង្កត់សង្កិន​អ្នកប្រឆាំង​មុនពេល​បោះឆ្នោត​ចូល​មកដល់​កាលពី​ខែឧសភា​ដែលមាន​សម្ព័ន្ធ​បក្ស Pakatan Harapan ឈ្នះឆ្នោត​នោះ​។​

​មុនពេល​បោះឆ្នោត​មកដល់​កាលនោះ លោក មហា​ធៀ ក៏ត្រូវ​អាជ្ញាធរ​ម៉ាឡេស៊ី​ចោទប្រកាន់​ក្រោម​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នេះដែរ​។ អាជ្ញាធរ​ចោទប្រកាន់​លោក មហា​ធៀ បន្ទាប់ពី​គេ​បើក​ការស៊ើបអង្កេត​ជុំវិញ​ការអះអាង​របស់លោក​ផ្ទាល់​ថា វា​មាន​គេ​ព្យាយាម​បំផ្លាញ​យន្តហោះ​ដែល​លោក​ជិះ​មុន​ថ្ងៃ​បោះឆ្នោត​មកដល់​៕



Tag:
 ម៉ាឡេស៊ី​
  ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com