ជាតិ
អត្ថបទពាណិជ្ជកម្ម
មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ វះកាត់​ព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ឥតគិតថ្លៃ ដល់​កុមារ​កម្ពុជា​៧​នាក់
18, Aug 2018 , 2:07 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) មន្ទីរពេទ្យ​កាល់ម៉ែត និង​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ អ៊ែរ អេ​ស៊ា បានរៀបចំ​សន្និសីទ​សារព័ត៌មាន ស្តីពី​គម្រោង​សប្បុរសធម៌ ព្យាបាល​ជំងឺ​បេះដូង​នៅ​កម្ពុជា​។ គម្រោង​សប្បុរសធម៌ ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ប្រើប្រាស់​ជំនាញ​ឯកទេស និង​ធនធាន​ផ្ទាល់​របស់​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ ដើម្បី​ផ្តល់​ការវះកាត់​ព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ​ក្នុង​ប្រទេសជិតខាង​។
​កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ រៀបចំឡើង​នា​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) និង​វត្តមាន​របស់​ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា លោកស្រី Napas Paorohitaya តំណាង​មូលនិធិ​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ និង​ជានា​យក​ផ្នែក​ទីផ្សារ​នៃ​មន្ទីរពេទ្យ​អន្តរជាតិ បំ​រ៉ុង​រ៉ាត់ និង​ភ្ញៀវកិត្តិយស​ជាច្រើន​ផ្សេងទៀត​។​


 
​កុមារ​កម្ពុជា​ចំនួន​៧​នាក់ បានទទួល​ការវះកាត់​ព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត ដោយ​ឥតគិតថ្លៃ​តាមរយៈ​គម្រោង​សប្បុរសធម៌​ព្យាបាល​ជំងឺ​បេះដូង​នៅ​កម្ពុជា​។ ការវះកាត់​ព្យាបាល ជំងឺ​បេះដូង​ដោយ​ឥតគិតថ្លៃ​នេះដែរ ទទួលបាន​ពី​មូលនិធិ​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ និង​មន្ទីរពេទ្យ​អន្តរជាតិ បំ​រ៉ុង​រ៉ាត់ រួម​ជាមួយនឹង​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​ព្រះរាជា​ណា​កម្ពុជា​។​


 
​គួររំលឹកថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ មូលនិធិ​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ និង​មន្ទីរពេទ្យ​អន្តរជាតិ បំ​រ៉ុង​រ៉ាត់ បាន​ពង្រីក​គម្រោង​សប្បុរសធម៌​មួយ​នេះ ដើម្បី​ជួយ​ដល់​កុមារ​នៅតាម​បណ្តា​ប្រទេសជិតខាង​ជាច្រើន​ដូចជា ប្រទេស​មី​យ៉ាន់​ម៉ា និង​វៀតណាម​ជាដើម​។ ឆ្នាំនេះ គឺធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ តាំងពី​ឆ្នាំ​២០០៣ គម្រោង​មួយ​នេះ​បាន​ជួយ​ដល់​អ្នកជំងឺ​បាន​ជាង ៧៧៥​នាក់ មកហើយ​នៅ​ប្រទេស​ថៃ ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ការព្យាបាល ហើយ​ធ្វើ​ឲ្យ​ពួកគេ​មានជីវិត​ស្រស់បំព្រង ពោរពេញ​ទៅដោយ​ក្តីសង្ឃឹម​សារជាថ្មី​ឡើងវិញ​។​
 

 
​លោកស្រី Napas Paorohitaya   តំណាង​មូលនិធិ​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ និង​ជានា​យក​ផ្នែក​ទីផ្សារ​នៃ​មន្ទីរពេទ្យ​អន្តរជាតិ បំ​រ៉ុង​រ៉ាត់ បាន​លើកឡើងថា គម្រោង​ដែល​ផ្តល់​ការវះកាត់​បេះដូង​សម្រាប់​កុមារ ដែលមាន​ជំងឺ​សរសៃឈាម​បេះដូង​ពី​កំណើត ត្រូវបាន​ផ្តួចផ្តើមឡើង​ដើម្បី​ជួយ​កុមារ​ដែល​ត្រូវការ​ការវះកាត់​បេះដូង​ពិតប្រាកដ និង​ឲ្យ​ពួកគេ​គេច​ផុតពី​ការស្លាប់​មុន​អាយុ ឬ​ការលូតលាស់​មិន​ប្រក្រតី​។ 


 
​បើតាម លោកស្រី Napas Paorohitaya  ការវះកាត់​បេះដូង គឺជា​ការងារ​ដ៏​ចាំបាច់ និង​ស្មុគស្មាញ ដែល​តម្រូវឱ្យមាន​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ខ្ពស់ និង​អ្នកឯកទេស​ខាង​វេជ្ជសាស្ត្រ ដែលមាន​បទពិសោធន៍​។ លើសពីនេះ​ទៀត ការវះកាត់​មានតម្លៃ​ខ្ពស់ ជាពិសេស​សម្រាប់​អ្នកជំងឺ​ដែល​ត្រូវការ​ជំនួយ​។ នេះ​ជា​មូលហេតុ ដែល​មូលនិធិ​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ ត្រូវបាន​បង្កើតឡើង ដើម្បី​ធានាបាន​ថា កុមារ​ត្រូវបាន​ព្យាបាល​ទាន់ពេលវេលា ដោយ​កាត់បន្ថយ​ផលវិបាក និង​អត្រា​មរណៈ ស្រប​ពេលដែល​សុខភាព​របស់​កុមារ ត្រូវបាន​លើកកម្ពស់​។ 


 
​មូលនិធិ​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ និង​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់ បានដាក់​ដំណើរការ​គម្រោង​នេះ​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ដល់​ក្មេងៗ​តាំងពី​ឆ្នាំ ២០០៣​មកម្ល៉េះ​។ រហូតមកដល់​ពេលនេះ កុមារ​ដែលមាន​ជំងឺ​បេះដូង​ពី​កំណើត ៧៧៥ នាក់ នៅក្នុង​ប្រទេស​ថៃ បានទទួល​ការវះកាត់​បេះដូង​តាម     រយៈ​គម្រោង​នេះ​។​


 
​ក្នុងអំឡុងពេល​ប្រាំ​ឆ្នាំ​កន្លងមកនេះ បន្ទាប់ពី​គម្រោង​នេះ ត្រូវបាន​បង្កើតឡើងបាន​យ៉ាង​ល្អ​នៅក្នុង​ប្រទេស​ថៃ ជំនួយ​ត្រូវបាន​ពង្រីក​ដល់​បណ្តា​ប្រទេសជិតខាង​ដូចជា មី​យ៉ាន់​ម៉ា និង​វៀតណាម​។ ហើយ​នៅ​ឆ្នាំនេះ ក្នុងឱកាស​គម្រប់​ខួប ៣៨​ឆ្នាំ នៃ​ការបង្កើត​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់ យើង​បាន​ប្តេជ្ញា​បន្ត​ផ្តល់​ដំណោះស្រាយ​របស់​យើង ដើម្បី​លើកកម្ពស់​សុខភាព​សាធារណៈ​។ ហើយ​ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​កក់ក្តៅ​រវាង​ថៃ និង​កម្ពុជា តាមរយៈ​កម្មវិធី​សុខភាព​សាធារណៈ យើង​មាន​សេចក្តីសោមនស្ស​រីករាយ ក្នុងការ​ផ្តល់ជូន​ការវះកាត់​បេះដូង​ដល់​កុមារ​កម្ពុជា ចំនួន ៥ នាក់ ដែលមាន​ជំងឺ​បេះដូង​ពី​កំណើត ដើម្បី​វះកាត់​ព្យាបាល​នៅ​មន្ទីរពេទ្យ បំ​រ៉ុង​រ៉ាត់ ក្នុងប្រទេស​ថៃ​។ ការវះកាត់​នេះ នឹងត្រូវ​បានផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ ដែល​អាចជួយ​សម្រួល​ដ​ល់​ស្ថានភាព​លំបាក​របស់​មន្ទី​រ​ពេទ្យ​នៅ​កម្ពុជា​។​»


 
​ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា គម្រោង​នេះ គឺជា​បេសកកម្ម​ដ៏​ល្អ​ឧត្តុង្គឧត្តម​ជាទីបំផុត​។ គម្រោង​នេះ មិន​ត្រឹមតែ​ជួយសង្គ្រោះ​អាយុជីវិត​ក្មេងៗ ដែលមាន​ជីវភាព​ក្រីក្រ និង​អស់​ក្តីសង្ឃឹម​ទាំងនេះ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ភស្តុតាង​បញ្ជាក់​យ៉ាងច្បាស់​ពី​ចំណង​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​ដ៏​រឹងមាំ​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​ទៀតផង​ដែរ​។  ឯកឧត្តម Panyarak Poolthup បន្តទៀតថា​៖«​គម្រោង​សប្បុរសធម៌​ព្យាបាល​ជំងឺ​បេះដូង​នេះ គឺ    ស្តែង​ឲ្យ​ឃើញ​ពី​ភាព​ជាក់ច្បាស់ រវាង​បេះដូង និង​បេះដូង ពោលគឺ​បញ្ជាក់​ពី​ទឹកចិត្ត​របស់​ប្រទេស​ថៃ​មាន​ចំពោះ​ប្រទេស​កម្ពុជា​»​។​

 
​ក្រុមហ៊ុន​អាកាសចរណ៍ ថៃ អ៊ែរ អេ​ស៊ា បាន​លើកឡើងថា​៖ «​យើង​ពិត​ជាមាន​កិត្តិយស​ណាស់​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​គម្រោង​ដ៏​អស្ចារ្យ​មួយ​នេះ និង​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កុមារ​ដែល​ត្រូវការ​វះកាត់​ជំងឺ​បេះដូង​។ នៅ​ចំពោះមុខ អ៊ែរ អេ​ស៊ា នឹង​ជួយ​ដល់​អ្នកជំងឺ​ដែល​បានជ្រើសរើស​រួច រួម​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ ឲ្យ​បានធ្វើ​ដំណើរ​តាម​យន្តហោះ ដោយ​ឥតគិតថ្លៃ​ទៅកាន់​ប្រទេស​ថៃ ដើម្បី​ធ្វើការ​វះកាត់​ព្យាបាល​ជំងឺ​បេះដូង​។ នេះ​គឺជា​តួនាទី​ដ៏​មាន​អត្ថន័យ​សម្រាប់​យើង ហើយ​យើង​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ក្នុងការ​ចូលរួមចំណែក​ជួយ​ដល់​អ្នក​ដែលមាន​តម្រូវការ​ចាំបាច់​នេះ​»​។​
 
​ឯកឧត្តម​សា​ស្រា្ត​ចា​រ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់ថា​៖«​ក្នុងនាម​ជា​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​ម្ចាស់ជំនួយ និង​ដៃគូ​ទាំងអស់​នៃ​មូលនិធិ​នេះ​។ ខ្ញុំ​ក៏​សូម​ចូលរួម​ត្រេកអរ​ផងដែរ ជាមួយនឹង​កុមារ​ដែលមាន​ជំងឺ​បេះដូង​ពី​កំណើត​នេះ ដែល​បានទទួល​បានការ​វះកាត់​នៅ​មន្ទីរពេទ្យ​អន្តរជាតិ បំ​រ៉ុង​រ៉ាត់ នៅ​ប្រទេស​ថៃ ដោយ​ឥតគិតថ្លៃ ដែល​នេះ​ជា​ជំនួយ​ដ៏​ធំ​សម្រាប់​ប្រជាជន​កម្ពុជា​។ នេះ​ជាការ​ចាប់ផ្តើម ចូលរួមចំណែក​ដល់​កុមារ​កម្ពុជា ជាមួយ​មជ្ឈមណ្ឌល​ជំងឺ​បេះដូង​ភ្នំពេញ ដែល​ធ្លាប់បាន​ជួយ​វះកាត់ និង​ពិនិត្យ​ព្យាបាល​កុមារ​កម្ពុជា​ជាច្រើន​មកហើយ ហើយ​គម្រោង​នេះ នៅតែ​ត្រូវការ​ដៃគូ​សហការ​យូរអង្វែង​សម្រាប់​អនាគត​ទៀត​»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com