ជាតិ
បាក់ឌុប
បាក់​ឌុប​៖ មុខវិជ្ជា​ដែល​ត្រូវ​ប្រឡង​នៅថ្ងៃនេះ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​
20, Aug 2018 , 7:20 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចាប់ពី​ម៉ោង ៧:៣០ នាទី​ព្រឹក​ថ្ងៃនេះ សិស្ស​ទី​១២​គ្រប់​រាជធានី​-​ខេត្ត ចាប់ផ្តើម​ប្រលង​លើ​មុខ​វិទ្យា ប្រវត្តិវិទ្យា និង​ជីវវិទ្យា សម្រាប់​ថា្នក់​វិទ្យាសាស្ត្រ និង​សម្រាប់​ថា្នក់​វិទ្យាសាស្ត្រ​សង្គម ប្រលង​លើ​មុខ​វិទ្យា ផែនដីវិទ្យា និង​ប្រវត្តិវិទ្យា​។ ពួកគេ​ម្នាក់ៗ សុទ្ធតែ​ស្វះស្វែង ញាប់ដៃ ក្នុងការ​សរសេរ ចម្លើយ រៀងៗ​ខ្លួន ដែល​ប្រកបដោយ​ភាព​ស្ងៀមស្ងាត់​។

 
​កាលវិភាគ សម្រាប់​ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ នេះ ត្រូវបាន​បែងចែក​ជា​ពីរ​ថា្នក់ គឺ​ថា្នក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​។ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​រួមមាន  ប្រវត្តិវិទ្យា​, ជីវវិទ្យា​, គីមីវិទ្យា​,​រូបវិទ្យា​, ភាសាបរទេស​,​អក្សរសាស្ត្រ​ខ្មែរ​, និង​គណិតវិទ្យា​។ ចំណែក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន ផែនដី និង​បរិស្ថានវិទ្យា​, ប្រវត្តិវិទ្យា​, ភូមិវិទ្យា​, ភាសាបរទេស​, សីលធម៌ ពលរដ្ឋ​វិជ្ជា​, អក្សរសាស្ត្រ​ខ្មែរ និង​គណិតវិទ្យា​។ 
 
​នៅ​រសៀល​ថ្ងៃទី​២០ ខែសីហា សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​ទាំងអស់ នឹងត្រូវ​បន្ត​ប្រលង​លើ​មុខ​វិទ្យា គីមីវិទ្យា និង​ភាសាបរទេស និង​ថា្នក់​វិទ្យាសាស្ត្រ​សង្គម ប្រលង ភូមិវិទ្យា និង​ភាសាបរទេស​។ សម្រាប់​ការប្រលង​នៅ​ថ្ងៃ​ចុងក្រោយ​ទី​២១ ខែសីហា សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ នឹងត្រូវ​ប្រលង អក្សរសាស្ត្រ​ខ្មែរ និង រូបវិទ្យា ហើយ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ប្រឡង​លើ​វិញ្ញាសា គណិតវិទ្យា និង​សីលធម៌ ពលរដ្ឋ​វិជ្ជា​។ ចំណែក នៅ​រសៀល​ថ្ងៃ​ដដែល ពួកគេ​នឹង​បន្ត​ប្រឡង​មុខវិជ្ជា​ដ៏​លំបាក គឺ​គណិតវិទ្យា ខណៈដែល​ថា្នក់​វិទ្យាសាស្ត្រ​សង្គម ប្រឡង អក្សរសាស្ត្រ​ខ្មែរ ដែលមាន​រយៈពេល ១៥០ នាទី​ដូចគ្នា​។ 

​សូមបញ្ជាក់ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ មាន​បេក្ខជន​ប្រឡង​ចំនួន ១១៧.០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល ចែកចេញជា ៤.៧១៦​បន្ទប់ នៅ​រាជធានី​ខេត្ត​ទាំង​២៥​ទូទាំងប្រទេស​។ ការប្រកាស​លទ្ធផល​ប្រឡង ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី​១២ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​តាម  បណ្តា​ខេត្ត​៕ 
 






Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com