ជាតិ
ក្រមាវែងជាងគេលើពិភពលោក និងកីរចនាបថបុរាណ ត្រូវបានដាក់តម្កល់ក្នុងសារមន្ទីរជាតិ
× ភ្នំពេញ៖ ក្រោយបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ក្រមា១០០០ម៉ែត្រ និងកីរចនាបថបុរាណ ត្រូវបានដាក់តម្កល់នៅក្នុងសារមន្ទីរជាតិ ដើម្បីថែរក្សាបន្ត និងបង្ហាញភ្ញៀវជាតិ-អន្តរជាតិឲ្យបានស្គាល់ពីក្រមាខ្មែរ។ ក្រមាវែងជាងគេនេះ ជាមោទកភាពថ្មីសម្រាប់កម្ពុជា ដែលកើតចេញពីការសាមគ្គីរវាងពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។
ក្រមាវែងជាងគេលើពិភពលោកដែលមានប្រវែង ១,១៤៩.៨ ម៉ែត្រ ត្រូវបានក្រុមការងារចលនា GoGo Cambodia សម្រេចដាក់តម្កល់នៅក្នុងសារមន្ទីរជាតិ ដើម្បីបង្ហាញជូនភ្ញៀវជាតិ-អន្តរជាតិឲ្យទស្សនានូវកំណត់ត្រាថ្មីមួយនេះ ពិសេសការចូលរួមថែរក្សានូវស្នាដៃមួយនេះ។
ថ្លែងក្នុងពិធីប្រគល់ក្រមា១០០០ម៉ែត្រ នាសារមន្ទីរជាតិ លោក សាន វឌ្ឍនា ប្រធានក្រុមការងារចលនា GoGo Cambodia បានបញ្ជាក់ថា៖ «ការដាក់តម្កល់នៅក្នុងសារមន្ទីរជាតិនេះ នឹងបម្រើគោលបំណង ៤យ៉ាងរួមមាន ដែលអាចចេញចូលជាសាធារណៈ, រម្លឹកអនុស្សាវរីយ៍ពីការត្បាញក្រមា, ក្រមាត្រូវបានថែរក្សា និងការផ្សាភ្ជាប់ពីបច្ចុប្បន្ន និងអនាគតកាលរបស់ក្រមា»។ ប្រធានក្រុមការងារចលនា GoGo Cambodia អះអាងថា សារមន្ទីរជាតិ ជាទីតាំងសមស្របសម្រាប់តម្កល់ក្រមា១០០០ម៉ែត្រនេះ។
ពិធីប្រគល់ក្រមា និងកីតម្បាញនេះ រៀបចំឡើងតាមបែបសាសនា ដែលមានថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនចូលរួមផងដែរ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា៖ «ក្រមាវែងជាងគេដែលតម្កល់ក្នុងសារមន្ទីរនេះ មានតម្លៃជារបស់ជាតិ។ បើទោះបីមានរយៈពេលខ្លីក៏ដោយ ប៉ុន្តែក្រមានេះ មានការចូលរួមពីពលរដ្ឋជាច្រើននាក់ ដែលបានបំបែកឯតទគ្គកម្ម»។ រដ្ឋមន្ត្រីរូបនេះ បន្តថា សារមន្ទីរជាតិ ជាទីតាំងសមរម្យបំផុតសម្រាប់ការទទួលក្រមានេះ។
សូមបញ្ជាក់ថា យុទ្ធនាការក្រមានេះ បានចាប់ផ្ដើមបើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីតាំងវាលព្រះមេរុ និងទទួលបានកំណត់ត្រាក្រមាវែងជាងគេកាលពីថ្ងៃទី ១ កក្កដាកន្លងទៅ។ ការត្បាញក្រមាវែងជាងគេលើពិភពលោកនេះ បានផ្ដល់ឱកាសឲ្យសាធារណជនទូទៅ ចូលរួមត្បាញដោយផ្ទាល់ដៃ ដោយមានការសម្រួលពីក្រុមការងារផ្នែកបច្ចេកទេស និងអ្នកតម្បាញជំនាញនៅទីតាំងកម្មវិធីផ្ទាល់តែម្ដង ។
GoGo Cambodia គឺជាចលនាថ្នាក់ជាតិមួយ ដែលកើតចេញពីឆន្ទៈកូនខ្មែរ ធ្វើឡើងក្នុងគោលបំណងលើកតម្កើងមោទនភាពជាតិ បង្ហាញពីសក្តានុពលរបស់កម្ពុជានៅគ្រប់វិស័យ និងជាវេទិកាសម្រាប់យុវជនខ្មែរគ្រប់រូប អាចបង្ហាញនូវមោទនភាពរបស់ខ្លួន ក្នុងនាមជាកូនខ្មែរ ទៅដល់សហគមន៍អន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com