អន្តរជាតិ
ប្រធាន​សិទ្ធិមនុស្ស UN ៖ UN អាច​ដួល ព្រោះ​មហាអំណាច​ទាំង​៥ ក្ដាប់​កិច្ចការ​ខ្លាំងពេក​
21, Aug 2018 , 11:16 am        
រូបភាព
ឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស Zeid Ra
ឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស Zeid Ra'ad Al Hussein (រូបភាព AFP)
​ប្រធាន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ដែល​ចប់​អាណត្តិ Zeid Ra'ad al-Hussein បាន​រិះគន់​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ ដែលមាន​អំណាច​ខ្លាំង និង​សម្រេចចិត្ត​ការងារ​យ៉ាង​ច្រើន​។ លោក al-Hussein បាន​ព្រមាន​ថា អំណាច​វ៉េតូ​ដែលមាន​ក្នុង​ដៃ​មហាអំណាច​ទាំង​៥ ដូចជា​ចិន អាមេរិក អង់គ្លេស បារាំង និង​រុស្ស៊ី អាច​នាំ​ឲ្យ​អង្គការ​ពិភពលោក​មួយ​នេះ​ដួលរលំ​មិន​ខាន​។ លោក​ក៏​ស្នើ​ឲ្យ​មាន​កំណែទម្រង់​ស្ថាប័ន​នេះ​ផង​។



​ពី​ទីស្នាក់ការ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ស្នងការ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស Zeid Ra'ad al-Hussein បាន​និយាយ​រិះគន់​ចំៗ​មហាអំណាច​ទាំង​៥ ដែលជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​។ ក្រុមប្រឹក្សាសន្តិសុខ ជា​ស្ថាប័ន​មួយ​ចំណុះ​អង្គការសហប្រជាជាតិ តែមាន​អំណាច​ខ្លាំង​លើ​ស្ថាប័ន​ផ្សេងទៀត និង​បាន​ចាត់ចែង​ការងារ​ជាច្រើន​ទាក់ទង​បញ្ហា​សន្តិសុខ និង​ការរក្សា​ស្ថិរភាព​ក្នុង​ពិភពលោក​។​

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២០ ខែសីហា លោក al-Hussein និយាយថា ចិន បារាំង រុស្ស៊ី អង់គ្លេស និង​អាមេរិក កំពុង​ដឹកនាំ​ការងារ​លើសលប់ ព្រោះ​ប្រទេស​ទាំងនេះ​មានអំណាច​វ៉េតូ​ក្នុង​ដៃ ដែល​អាច​ជំទាស់​ដំណោះស្រាយ​ណាមួយ​ដែល​ស្នើ​ដោយ​សមាជិក​អង្គការសហប្រជាជាតិ​ផ្សេងទៀត​បាន​គ្រប់ពេល​។ បើតាម​មន្ត្រី​កំពូល​ផ្នែក​សិទ្ធិមនុស្ស​រូបនេះ នៅពេល​ប្រទេស​ទាំង​៥ សហការគ្នា អ្វីៗ​ល្អប្រសើរ តែ​ពេល​មិនត្រូវ​គ្នា បញ្ហា​នឹង​ជាប់គាំង ហើយ​ស្ថាប័ន​ទាំងមូល​នឹងមិន​ដំណើរការ​ដែរ​។​

«​រឿងរ៉ាវ​នេះ​ត្រូវតែ​ផ្លាស់ប្ដូរ​។ បើ​មិន​ដូច្នេះ​ទេ នៅ​ចុងបញ្ចប់ អង្គការសហប្រជាជាតិ​អាច​ដួលរលំ ហើយ​ប៉ះពាល់​សហគមន៍​អន្តរជាតិ​ធ្ងន់ធ្ងរ​។​» នេះ​ជាការ​សម្ដី​របស់លោក al-Hussein ប្រធាន​សិទ្ធិមនុស្ស UN សញ្ជាតិ​ហ្ស៊​កដា​នី ដែល​ផ្សាយ​ដោយ​ទូរទស្សន៍ Al Jazeera ។ លោក al-Hussein ដែល​ត្រូវ​ចប់​អាណត្តិ​ក្នុង​ខែសីហា​នេះ​បន្តថា ប្រទេស​ទាំងអស់​ធ្វើការ​ជាមួយគ្នា តែ​អ្នកនយោបាយ​ដែល​ព្រហើន អាច​បំផ្លាញ​ប្រទេស​ដៃ​ទៀត​បាន​។​

​តាមពិតទៅ ក្នុងពេល​បួន​ឆ្នាំ​ក្នុង​តំណែង​ជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​នេះ លោក al-Hussein បានស្នើ​ឲ្យ​មានការ​ធ្វើកំណែទម្រង់​ស្ថាប័ន​ពិភពលោក ដើម្បី​បើកផ្លូវ​ដល់​ការដោះស្រាយ​បញ្ហា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ នេះ​ក៏​ព្រោះតែ​នាពេល​កន្លងមក សមាជិក​អចិន្ត្រៃយ៍​តែង​ប្រើ​សិទ្ធិ​វ៉េតូ​លើ​ដំណោះស្រាយ​នានា​ដែល​លើកឡើង​ដោយ​សមាជិក​មួយទៀត ហើយ​ជា​លទ្ធផល​នោះ បញ្ហា​មិន​ត្រូវបាន​ដោះស្រាយ​ឡើយ​ជាក់ស្ដែង​គឺ​វិបត្តិ​ស៊ី​រី ដែល​អាមេរិក និង​រុស្ស៊ី​ទាត់ចោល​សំណើ​រៀងៗ​ខ្លួន​។​

​សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ​មាន​សមាជិក​ទាំងអស់​១៥​ប្រទេស មាន​សំឡេង​បោះឆ្នោត​មួយ​ដូចគ្នា​។ ៥​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍ ប្រទេស​១០​ផ្សេងទៀត ជា​សមាជិក​មិន​អចិន្ត្រៃយ៍ គ្មាន​អំណាច​វ៉េតូ ហើយ​ផ្លាស់ប្ដូរ​រៀងរាល់​២​ឆ្នាំ​ម្ដង​។ ដោយសារ​បញ្ហា សំណើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ ក៏​កើនឡើង​កាន់តែខ្លាំង ជាពិសេស​កំណែទម្រង់​អំណាច​វ៉េតូ​តែម្ដង​ដើម្បី​កាត់បន្ថយ​ការបំពាន​អំណាច​ផង និង​បើក​ច្រក​ឲ្យ​មានការ​សម្រេច​ចិត្តបាន​ល្អ​ផង​៕  


Tag:
 UN
  សិទ្ធិមនុស្ស​
  Zeid Ra\'ad al-Hussein
© រក្សាសិទ្ធិដោយ thmeythmey.com