កីឡាអន្តរជាតិ
អន្តរជាតិ
Asian Games៖ អត្ត​ព​លិ​ក​ចិន Sun Yang ថា​ខ្លួន​នៅតែ​ខ្លាំង ក្រោយ​ឈ្នះ​មេដាយមាស​៣ ប្រាក់​១ ទាំង​មាន​របួស​ខ្នង​
22, Aug 2018 , 4:55 pm        
រូបភាព
 កំពូល​កីឡាករ​ហែល​ទឹក​ចិន Sun Yang ចង់​ប្រាប់​ទៅ​ពិភពលោក​ថា​រូបគេ​នៅតែ​ជា​អ្នក​ហែល​ទឹក​ដ៏​ល្អ និង​ខ្លាំង​បំផុត​ដដែល​ក្រោយ​ឈ្នះ​មេដាយមាស​៣ ប្រាក់​១ ពី​កីឡា​អាស៊ី Asian Games 2018 ទាំង​មាន​របួស​ខ្នង​។ ការលើកឡើង​របស់ Sun បែបនេះ​ដើម្បី​ជាការ​ព្រមាន​ដល់​គូប្រជែង​មុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០២០ នៅ​តូ​ក្យូ ប្រទេស​ជប៉ុន​។​



​ម្ចាស់​មេដាយមាស​កីឡា​អូឡាំពិក​៣​ដង កំពុង​ញាំញី​ដោយ​បញ្ហា​របួស​ខ្នង​នៅ​កីឡា​អាស៊ី ក្នុង​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​នៅតែ​អាច​ឈ្នះ​មេដាយមាស​ចំនួន​៣ និង​ប្រាក់​១​រួចទៅហើយ​ខណៈ​ការប្រកួត​កំពុង​បន្ត​មួយ​វិញ្ញាសា​ទៀត​។ មេដាយ​ទាំងនោះ Sun បានឈ្នះ​ក្នុង​វិញ្ញាសា​ហែល​សេរី​ផ្នែក​បុរស​ចម្ងាយ ២០០​ម៉ែត្រ ៨០០​ម៉ែត្រ និង​៤០០​ម៉ែត្រ ហើយ​មេដាយប្រាក់​ក្នុង​វិ​ញ្ជា​សា​ហែល​បណ្តាក់ ២០០​ម៉ែត្រ​។​

​បើតាម​ការផ្សាយ​របស់​កាសែត South China Morning Post ក្នុងការ​សម្រេច​ចូលរួម​ប្រជែង​ទាំង​មាន​របួស​នេះ កីឡា​វ័យ​២៦​ឆ្នាំ​បានទទួល​ការលើកទឹកចិត្ត​ខ្លាំង​ពី​សំណាក់​គ្រូបង្វឹក​សញ្ជាតិ​អូស្ត្រាលី​លោក Denis Cotterell ដែល​ធ្វើ​ឲ្យ​រូបគេ​មាន​ទំនុកចិត្ត​ខ្ពស់​រហូត​ទទួលបាន​មេដាយ​នេះ​។​

«Denis បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ជា​កីឡាករ​ល្អ និង​ខ្លាំងជាងគេ​បំផុត​។ គាត់​បាន​ប្រាប់​ខ្ញុំ​ដូច្នេះ ហើយ​ខ្ញុំ​ក៏​ចង់​ប្រាប់​ទៅកាន់​ពិភពលោក​បែបនេះ​ដែរ​។ ខ្ញុំ​នៅតែ​ជា​កីឡាករ​ហែល​ទឹក​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​គូប្រជែង​»​។​



Sun Yang បានឈ្នះ​មេដាយមាស​១​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្នុង​ក្រុង​រី​យូ ប្រេ​ស៊ី​ល ឆ្នាំ​២០១៦ លើ​វិញ្ញាសា​ហែល​សេរី ២០០​ម៉ែត្រ និង​ប្រាក់​១ លើ​វិញ្ញាសា​ហែល​សេរី ៤០០​ម៉ែត្រ​ម៉ែត្រ ដោយ​មេដាយមាស​បាន​ទៅ​កីឡាករ​អូស្ត្រាលី​អូស្ត្រាលី Mack Horton ដែលជា​គូប្រជែង​ខ្លាំង​បំផុត​របស់គេ​នាកាល​នោះ​។​

​ការ​អួតអាង​របស់ Sun ខាងលើ​ត្រូវបាន​គេ​មើលឃើញថា​ជាការ​ព្រមាន​មួយ​ដល់ Mack Horton និង​កីឡាករ​ដទៃទៀត​ដែល​ត្រៀម​ប្រជែង​មេដាយ​នៅ​កីឡា​អូឡាំពិក​នា​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ឆ្នាំ​២០២២៕


Tag:
 Asian Games
  Sun Yang
  កីឡាហែលទឹក
© រក្សាសិទ្ធិដោយ thmeythmey.com