អន្តរជាតិ
លោកស្រី ស៊ូ​ជី​៖ ភេរវកម្ម​ជា​ប្រភព​នៃ​វិបត្តិ​ជនភៀសខ្លួន មិនមែន​ការរើសអើង​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ឡើយ​
22, Aug 2018 , 9:19 pm        
រូបភាព
​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​បាន​អះអាង​ពេញៗ​មាត់​ថា ភេរវកម្ម​ជា​ឬ​សគល​នៃ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ហើយ​គ្មាន​ឡើយ​ការរើសអើង​នៅ​រដ្ឋ​រ៉ា​ក់​ខាន (Rakhine) ប្រឆាំង​ប្រជាជន​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​។ ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​រូបនេះ​ព្រមាន​ផងដែរ​ពី​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​ក្នុង​តំបន់ បើសិនជា​គ្មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​ភេរវកម្ម​នេះ​។​



​ពេល​ផ្ត​ល់ប​ឋ​កថា​សាធារណៈ​នៅ​វិទ្យាស្ថាន​សិក្សា​អាស៊ីអាគ្នេយ៍​នា​ប្រទេស​សិង្ហ​បុរី លោកស្រី អ៊ុង​សាន ស៊ូ​ជី វា​គ្មាន​ការរើសអើង​ឬ​វិសមភាព​សង្គម​ដូច​ការចោទប្រកាន់​ឡើយ​។ ឬ​សគល់​ចម្បង​នៃ​វិបត្តិ​ជនភៀសខ្លួន​គឺ ចលនា​ភេរវកម្ម​ដែល​បង្កឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ​រ៉ា​ក់​ខាន​។

«​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ចលនា​ភេរវកម្ម​ជា​ប្រភព​ចម្បង​ដែល​ធ្វើ​ឲ្យ​កើតឡើង​វិបត្តិ​មនុស្សជាតិ​ដ៏​ធ្ងន់ធ្ងរ​មកដល់​បច្ចុប្បន្ន​។ ដរាបណា​បញ្ហា​សន្តិសុខ​នេះ​មិន​ត្រូវបាន​ដោះស្រាយ​ទេ ហិង្សា​ប្រឆាំង​គ្នា​ក្នុង​សហគមន៍​នៅតែ​បន្ត​កើតមាន​។ វា​មិនមែន​ត្រឹមតែ​ជា​រឿង​លទ្ធផល​អាក្រក់​សម្រាប់​មី​យ៉ាន់​ម៉ា​ទេ ប៉ុន្តែ​ក៏​ជា​គ្រោះថ្នាក់​សម្រាប់​តំបន់ និង​លើ​ពិភពលោក​ដែរ​»​។ នេះ​ជាស​ម្តី​របស់​លោកស្រី ស៊ូ​ជី ដោយ​អំពាវនាវ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ចូលរួម​សហការ​ប្រឆាំង​ភេរវកម្ម​។​

​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​រូបនេះ​ព្យាយាម​ការពារ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ចំពោះ​រដ្ឋ​រ៉ា​ក់​ខាន និង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាក​ន្ល​ង​មក បើទោះជា​សហគមន៍​អន្តរជាតិ​ចាត់ទុក​ទង្វើ​របស់​កង​កម្លាំង​សន្តិសុខ​នោះ​ជាការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​អាច​ចាត់​ចូល​ជា​ករណី​បោសសម្អាត​ជាតិ​សាសន៍​ដទៃ​ថែមទៀត​។​

​ឆ្លៀតឱកាស​នោះដែរ លោកស្រី​បាន​ព្រលយ​ថា អ្នក​ចាំមើល​ពី​ក្រៅ​មិន​យល់​ពី​ឬ​សគល់​នៃ​បញ្ហា និង​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​ច្បាស់លាស់​ឡើយ​ក្នុងសម័យ​អន្តរកាល​នយោបាយ​នេះ​។ អ្វីដែល​កងកម្លាំង​មី​យ៉ាន់​ម៉ា​កំពុង​ធ្វើ​គឺ​បោសសម្អាត​បណ្តាញ​ក្រុម​ភេរវជន​ប៉ុណ្ណោះ​។​

​លោកស្រី ស៊ូ​ជី បាន​និយាយ​ដូច្នេះ​៖«​យើង​ដែលជា​អ្នករស់នៅ​ក្នុងសម័យ​អន្តរកាល​នៅ​មី​យ៉ាន់​ម៉ា មើលឃើញ​បញ្ហា​នេះ​ខុសពី​អ្នក​ដែល​សង្កេត​ពីក្រោយ ហើយ​មិនបាន​រង​ផលប៉ះពាល់​ដោយសារ​បញ្ហា​នេះ​»​។

 ចាប់ពី​ពេល​វិបត្តិ​ជនភៀសខ្លួន​នេះ​ផ្ទុះឡើង​ថ្ងៃ ២៥ ខែសីហា ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល ៧​សែន​នាក់​បាន​រត់​ភៀសខ្លួន​ពីរ​ដ្ឋ​រ៉ា​ក់​ខានទៅ​កាន់​ទឹកដី​បង់​ក្លា​ដែ​ស ហើយ​វា​មានការ​ចោទប្រកាន់ថា ទាហាន​មី​យ៉ាន់​បាន​ដុតបំផ្លាញ​ផ្ទះសម្បែង​, រំលោភ សម្លាប់ និង​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នេះ​ឥត​ត្រា​ប្រណី​ផង​។

​សហគមន៍​អន្តរជាតិ​បាន​បន្ត​ទាមទារ​ឲ្យ​ទាហាន​មី​យ៉ាន់​ម៉ា​ទទួលខុសត្រូវ​ចំពោះ​យុទ្ធនាការ​យោធា​របស់ខ្លួន​នៅ​រដ្ឋ​រ៉ា​ក់​ខាន​ព្រោះ​វា​បានធ្វើ​ឲ្យ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់​ស្លាប់​ផង​។  សហរដ្ឋអាមេរិក​ដែល​បន្ត​ទិតៀន​មី​យ៉ាន់​ម៉ា​នោះ បានសម្រេច​ដាក់ទណ្ឌកម្ម​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​បួន​នាក់ និង​អង្គភាព​យោធា​មី​យ៉ាន់​ម៉ា​ចំនួន​ពីរ​ផង​ក្នុង​ខែសីហា​នេះ​ក្នុង​គោលដៅ​បង្ខំ​ឲ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ប្រឹង​ដោះស្រាយ​បញ្ហា​ឲ្យ​ឆាប់​ចប់ និង​កំណត់​មុខសញ្ញា​អ្នក​ត្រូវ​ទទួលខុសត្រូវ​៕


Tag:
 ​អ៊ុង​សាន ស៊ូ​ជី​
  រ៉ូ​ហ៊ីង​យ៉ា​
  ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com