កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo៖ ខ្ញុំ​ចេញពី Real Madrid ដោយ​គ្មាន​ស្រណោះ​អ្វី​ទេ​
24, Aug 2018 , 8:39 am        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាន​និយាយថា​មិនមែនជា​រឿង​ពិបាកនោះទេ​ក្នុងការ​សម្រេចចិត្ត​ចាក​ចេញពី Real Madrid ដើម្បី​ទៅ​ចូលរួម​ក្រុម Juventus បើទោះជា​ជោគជ័យ​ជាមួយនឹង​ការ​ឈ្នះ​ពាន​ជាច្រើន​ក្នុង​រយៈពេល​៩​ឆ្នាំ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​ក៏ដោយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​



​អតីត​សមាជិក​ក្រុម Manchester United វ័យ​៣៣​ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​អ៊ីតាលី Serie A នៅមុន​បើក​រដូវ​កាល​ថ្មី​ដោយ​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​។ នេះ​មានន័យថា Ronaldo បានបញ្ចប់​រដូវ​កាល​ដ៏​អស្ចារ្យ​ជាមួយ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ម៉ា​ឌ្រី​ដ​ក្រោយ​ជួយ​ក្រុម​ឈ្នះ​ពាន La Liga ពីរលើក​និង Champions League រហូតដល់​ទៅ ៤​សម័យ​។​

​ម្ចាស់​ពាន Ballon d'Or ៥​សម័យកាល​រៀបរាប់​ជុំវិញ​ការចាកចេញ​ដូច្នេះ​ថា​៖«​នេះ​គឺជា​ការសម្រេចចិត្ត​មួយ​ដ៏​ងាយស្រួល​។ ខ្ញុំ​បានធ្វើ​រឿង​ជាច្រើន​ដែល​មិនគួរ​ឲ្យ​ជឿ​សម្រាប់ Real ខ្ញុំ​បានឈ្នះ​គ្រប់យ៉ាង គ្រួសារ​របស់ខ្ញុំ​រស់នៅ​យ៉ាង​សុ​ខ​សាន្ត​នៅ​ទីនោះ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​អតីតកាល​ប៉ុណ្ណោះ​»​។​

​ក្លិប​សេះបង្កង់ Juventus បាន​ចំណាយ​ទឹកប្រាក់​១១៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ទទួលបាន Ronaldo ពី​ទឹកដី Santiago Bernabeu ដោយបាន​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុងការ​ទទួល​ជ័យជម្នះ ៣-២ លើ​ក្រុម Chievo ក្នុងការ​ប្រកួត​សប្តាហ៍​ទី​១ ក្របខណ្ឌ Serie A រដូវ​កាល ២០១៨-២០១៩៕


Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Real Madrid
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com