ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ចិន​នឹង​ចុះកិច្ចសន្យា​ទិញ​ដំឡូង​មី​ពី​កសិករ ស្របពេល​រោងចក្រ​កែច្នៃ​នឹង​ដំណើរការ ចុងឆ្នាំ​នេះ​
23, Aug 2018 , 8:12 pm        
រូបភាព
ដោយ:
ក្រុមហ៊ុន Green Leader ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង មាន​ផែនការ​ប្រមូល​ដំឡូង​ពី​កសិករ ដើម្បី​កែច្នៃ​នាំចេញ​។ ក្នុងន័យនេះ ដំឡូង​មី​របស់​កសិករ​មួយចំនួនធំ នឹង​លែង​ត្រូវបាន​នាំចេញ​ទៅ​ប្រទេសជិតខាង​កម្ពុជា តាមរយៈ​ឈ្មួញកណ្ដាល​ទៀតហើយ​។


 
​ក្នុង​ជំហាន​ដំបូង ក្រុមហ៊ុន​នេះ​បាន​បោះទុន ២០​លាន​ដុល្លារ​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី នៅ​ស្រុក​ឈ្នួល ខេត្តក្រចេះ ដែល​គ្រោង​នឹង​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៨​នេះ​។  ហើយ​ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​ប្រមូល​ទិញ​ដំឡូង​មី​នៅ​ដើមឆ្នាំ​ក្រោយនេះ​។ នេះ​បើតាម​ការអះអាង​ពី​តំណាង​ក្រុមហ៊ុន​។​
 
​ក្នុង​ការប្រមូលទិញ​ដំឡូង​មីនេះ ក្រុមហ៊ុន​ប្រើ​យន្តការ​កសិកម្ម​កិច្ចសន្យា​ជាមួយ​ក​សិរ ដែល​ក្រុមហ៊ុន​ធានា​ទិញ​កសិផល​ពី​កសិករ​ក្នុងតម្លៃ​មួយ​សមស្រប​។​
​នៅ​ខែមករា​ឆ្នាំនេះ ក្រុមហ៊ុន Green Leader  បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយ​ក្រសួងកសិកម្ម​លើ​កិច្ចសហប្រតិបត្តិការ​ពង្រឹង​ការអនុវត្ត​ផែនការ​សកម្មភាព​នៃ​គម្រោង​អភិវឌ្ឍន៍​វិស័យ​ផលិតកម្ម​ដំឡូង​មី​នៅ​កម្ពុជា ដែល​គ្រោង​ធ្វើ​ការដាំដុះ​លើ​ផ្ទៃដី​គំរូ​ជិត ២​ម៉ឺន​ហិកតា​។ 
 
​នៅ​ខែមេសា ក្រុមហ៊ុន​នេះ​បាន​ចុះ MOU ជាមួយ​អង្គការ​អភិវឌ្ឍ​ន៍​សហប្រជាជាតិ (UNDP) ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ​វិស័យ​ដំឡូង​មី​កម្ពុជា ប្រកបដោយ​និរន្តរភាព​។ MOU នេះ មាន​ខ្លឹមសារ​ពង្រឹងសមត្ថភាព​ផ្គត់ផ្គង់ និង​កិច្ចសហប្រតិបត្តិការ​រ​បស់​កសិករ​។​
 
​នៅ​ថ្ងៃទី​២៣​ខែសីហា​នេះ ក្រុមហ៊ុន Green Leader  និង UNDP ដដែល​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​មូលនិធិ​រួមគ្នា​ក្នុង​ទឹកប្រាក់ ៨០​ម៉ឺន​ដុល្លារ លើ​គម្រោង​ព​ន្លឿ​ន​ការអភិវឌ្ឍ​ទីផ្សារ​ដំឡូង​មី​នៅ​កម្ពុជា​។ គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​ពី​ខែសីហា​ឆ្នាំនេះ ដល់​ឆ្នាំ​២០២១​។ UNDP នឹង​ដឹកនាំ​បង្កើត​គំរូ​កសិកម្ម​តាម​កិច្ចសន្យា​សម្រាប់​កសិករ​ដាំដំឡូង​មី ដែល​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន Green Leader ។​
 
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ ដែល​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ខាងលើនេះ បាន​ថ្លែង​ដូច្នេះ​ថា​«​គម្រោង​ថ្មី​នឹង​ផ្ដល់​គោលការណ៍​ណែនាំ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ជំរុញ​វិស័យ​ដំឡូង​មី ដោយ​បង្កើត​ឲ្យ​មានឱកាស​ថ្មីៗ សម្រាប់​អ្នកពាក់ព័ន្ធ ដើម្បី​ទាញយក​ប្រយោជន៍​ផ្សេងៗ សំដៅ​ពង្រឹង​ជីវភាព​កសិករ​»​។​
 
​លោក Michael Tse អគ្គនាយក​ក្រុមហ៊ុន Green Leader បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការសម្រេចចិត្ត​វិនិយោគ​នៅ​កម្ពុជា យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុ​ជាមាន​ផ្ទៃដី​ដាំដំឡូង​មី​ប្រមាណ​ជាង ៦០​ម៉ឺន​ហិកតា និង​ផ្ដល់​ផល ១៤​លាន​តោន​ក្នុង​មួយឆ្នាំ​។ នេះ​ជា​ចំនួន​ដ៏​ច្រើន ប៉ុន្តែ​មាន​រោងចក្រ​កែច្នៃ​ប្រមាណ​តែ ៧ ហើយ​ក្នុងនោះ​ខ្លះ​បិទ​ដំណើរការ ខ្លះទៀត​ជា​រោងចក្រ​ខ្នាតតូច​ប៉ុណ្ណោះ ដែល​នេះ​ជា​ភាពមិន​ស្របគ្នា​។​
 
 លោក​បន្ថែមថា​៖«​យើង​ឃើញ​ឱកាស​នេះ ទើប​យើង​មក​កម្ពុជា ហើយ​ឃើញ​ពី​របៀប​ជួយ​កសិករ​ក្នុង​ដំណើរ​ការដាំដុះ​ដំឡូង​មី ហើយ​ពួកគាត់​អាច​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក ដែល​នៅ​ជិត ដោយ​មិនបាច់​នាំចេញ​ទៅ​ប្រទេសជិតខាង​»​។ 
 
​លោក Michael Tse ឲ្យ​ដឹង​ទៀតថា​៖«​រោងចក្រ​នៅ​ខេត្តក្រចេះ នឹង​កែច្នៃ​ម្សៅដំឡូង​មី​ប្រមាណ ៦០​ម៉ឺន​តោន ហើយ​ពេល​រោងចក្រ​នេះ​ដំណើការ​ល្អ យើង​នឹង​បង្កើត​រោងចក្រ​ជាច្រើន​កន្លែង​បន្ថែមទៀត​»៕

© រក្សាសិទ្ធិដោយ thmeythmey.com