ជាតិ
​​​ន​យោ​បាយ​ជាតិ​
៥នាក់រួចខ្លួនហើយ ចុះអ្នកបន្ទាប់?
24, Aug 2018 , 3:13 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក គឹម សុខ, លោកស្រី ទេព វន្នី, លោក អ៊ួន ឈិន, លោក យាង សុជាមេត្តា, លោក សួន សេរីរដ្ឋា
ពីឆ្វេងទៅស្តាំ៖ លោក គឹម សុខ, លោកស្រី ទេព វន្នី, លោក អ៊ួន ឈិន, លោក យាង សុជាមេត្តា, លោក សួន សេរីរដ្ឋា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រមាណ​២០​ថ្ងៃ ក្រោយ​ការបោះឆ្នោត​ត្រូវបាន​បញ្ចប់ អ្នក​ជាប់ឃុំ​៥​នាក់ ដែល​គេ​ដឹងថា​មិនសូវ​ត្រូវ​ជាមួយ​រដ្ឋាភិបាល ត្រូវបាន​ដោះលែង​ជា​បន្តបន្ទាប់​។ អ្នក​ទាំង​៥​នោះ គឺ​លោក គឹម សុខ អ្នកវិភាគ​នយោបាយ លោកស្រី ទេព វ​ន្នី សកម្មជន​បឹងកក់ លោក អ៊ួ​ន ឈិន​-​លោក យ៉ាង សុជា​មេត្តា អតីត​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី និង​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​។



​ក្នុងចំណោម​អ្នក​ទាំង​៥ លោក គឹម សុខ ជា​មនុស្ស​មុនគេ ដែល​ត្រូវបាន​ដោះលែង កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨​។ អ្នកវិភាគ​នយោបាយ​រូបនេះ មានឱកាស​ទទួលបាន​សេរីភាព​ឡើងវិញ បន្ទាប់ពី​ជាប់ពន្ធនាគារ​គ្រប់​តាម​កាលកំណត់ មិនមែន​ដោយសារតែ​នាយករដ្ឋមន្ត្រី ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ សុំ​ព្រះរាជទាន​លើកលែងទោស​ឲ្យ​នោះទេ​។

​លោក គឹម សុខ ជាប់ពន្ធនាគារ កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​បណ្តឹង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ មូលហេតុ​ដែល​នាំ​ឲ្យ​លោក​រង​បណ្តឹង​នេះ ដោយសារតែ​លោក និយាយថា សម្តេច ហ៊ុន សែន ស្ថិតនៅ​ពីក្រោយ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​។ តុលាការ បាន​កាត់ទោស​លោក ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៨​ខែ​។

​អ្នក​ទី​២ ដែលមាន​សំណាង​បាន​ចេញពី​ពន្ធនាគារ គឺ​លោកស្រី ទេព វ​ន្នី ជា​ស្ត្រី​ដ៏​សកម្ម​ក្នុងការ​តវ៉ា​រឿង​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​តែង​ជំទាស់​នឹង​រឿង​អយុត្តិធម៌​ផ្សេងៗ​។ លោកស្រី ត្រូវបាន​តុលាការ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំកន្លះ​។

​ប៉ុន្តែ ក្រោយ​ជាប់ឃុំ​បាន​២​ឆ្នាំ លោកស្រី ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​។ តុលាការ ចោទប្រកាន់​សកម្មជន​បឹងកក់​រូបនេះ ថា​បាន​ប្រមាថ​និង​ប្រើ​អំពើហិង្សា​លើ​សន្តិសុខ នៅក្បែរ​វិមានឯករាជ្យ កាលពី​ឆ្នាំ​២០១៣​។​

​បន្ទាប់មកទៀត គឺ​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា អតីត​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី ដែល​បាន​រួច​ផុតពី​ពន្ធនាគារ ក្រោម​ការសម្រេចចិត្តរ​បស់​ចៅក្រម​ស៊ើបសួរ កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​។ ប៉ុន្តែ ចៅក្រម​សើ​ប​សួរ ពុំទាន់​ទម្លាក់ចោល​បទ​ចោទ​លើ​អតីត​អ្នកកាសែត​ទាំង​២​នាក់​នេះ​ទេ​។

​ហេតុដូច្នេះ ពួកគេ នៅតែ​ស្ថិតក្រោម​ការឃ្លាំមើល​រប​ស់​ចៅ​ក្រោម​ស៊ើបសួរ​ដដែល​។ ចៅក្រម​ស៊ើបសួរ អាច​ហៅ​ពួកគេ ទៅ​សួរ​បាន​គ្រប់ពេល បើ​ចាំបាច់​។

​ចៅក្រម​ស៊ើបសួរ ​អនុញ្ញាត​ឲ្យ​អតីត​អ្នកកាសែត​ទាំង​២​នាក់ រស់នៅ​ក្រៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោយ​ពីពួកគេ បានជាប់ឃុំ​ជិត​១​ឆ្នាំ​។ អ្នក​ទាំង​២ ត្រូវបាន​ចោទ​ពីបទ​ផលិត​ព័ត៌មាន​ខុសច្បាប់ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​បទ​ផលិត​វីដេអូ​អាសអាភាស​។

​ចុងក្រោយ គឺ​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​បាន​ចេញពី​ពន្ធនាគារ កាលពី​ថ្ងៃ​២៣ ខែសីហា ឆ្នាំ​២០១៨​។ លោក បាន​រួច​ទោស ដោយ​អំណាច​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​។​

​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ មានទោស ព្រោះតែ​សរសេរ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​រិះគន់​រដ្ឋាភិបាល ក្នុងការ​បញ្ជា​កងទ័ព​ឲ្យ​ទៅកាន់​ព្រំដែន​កម្ពុជា​-​ឡាវ កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៧​។ មូល​ហេតុដែល​រដ្ឋាភិបាល​បញ្ជូន​កងទ័ព​ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ នាពេលនោះ គឺ​ដោយសារតែ​កងទ័ព​ឡាវ ចូលមក​ឈរជើង​នៅលើ​ទឹកដី​កម្ពុជា​។

​តុលាការ ចាត់ទុក​សារ​របស់លោក សួន សេរី​រដ្ឋា ថា​ធ្វើ​ឲ្យ​កង​ទ​ព័​មិន​ស្តាប់​បញ្ជា​។ ក្រោយមក តុលាការ ក៏​កាត់ទោស​លោក ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​។ ប៉ុន្តែ ក្រោយ​ជាប់ឃុំ​អស់​រយៈពេល​១​ឆ្នាំ លោក ក៏​ត្រូវបាន​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស​។ មុន​រួច​ទោស លោក បាន​សរសេរ​លិខិត​សុំទោស​នាយករដ្ឋមន្ត្រី ដល់​ទៅ​២​លើក​។

​ប្រហែលជា​មិនទាន់​អស់​ទេ អ្នក​ដែល​អាច​ត្រូវបាន​ដោះលែង​។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន បានប្រកាស​ដំណឹង​ដ៏​ល្អ​មួយ គឺ​គម្រោង​លើកលែងទោស​ជា​លក្ខណ​ទ្រង់ទ្រាយ​ធំ​តែម្តង​។ ប្រមុខ​រដ្ឋាភិបាល បង្ហើប​ថា ក្នុងនោះ ក៏មាន​មនុស្ស​១២​ផងដែរ​។

​ទោះជា​មិន​និយាយ​ឲ្យ​ចំ​ក្តី តែ​គេ សន្និដ្ឋានថា មនុស្ស​១២​នាក់​នោះ ប្រហែលជា​លោក មា​ជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​១០​នាក់​ទៀត ហើយក៏​អាចមាន​អតីត​តំណាងរាស្ត្រ​នៃ​គណបក្សប្រឆាំង​នេះ​ផងដែរ​។  

​សម្តេច ហ៊ុន សែន បកស្រាយ​ថា គម្រោង​ដោះលែង​នេះ គឺជា​ទឹកចិត្ត​របស់ខ្លួន​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី មិនមែន​ដោយសារតែ​ខ្លាច​សម្ពាធ​ពី​អន្តរជាតិ​ឡើយ​។ នាយករដ្ឋមន្ត្រី​រូបនេះ ព្រមាន​ថា គម្រោង​លើកលែងទោស​នេះ អាច​នឹងត្រូវ​ផ្អាក បើ​មាន​បុគ្គល​ណា អត្ថាធិប្បាយ​ថា រដ្ឋាភិបាល​កម្ពុជា រង​សម្ពាធ​ពី​អន្តរជាតិ​។

​មជ្ឈដ្ឋាន​ជាច្រើន ជាពិសេស​សហគមន៍​អន្តរជាតិ សាទរ​ចំពោះ​ការដោះលែង​អ្នកទោស​ខាងលើ​។ មជ្ឈដ្ឋាន​ទាំងនោះ ថែមទាំង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ បន្ត​ដោះលែង​អ្នក​ផ្សេងទៀត រួមទាំង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កាន់​តែមាន​ភាពល្អប្រសើ​រ​៕ 


Tag:
 ហ៊ុន សែន​
  លើកលែងទោស
© រក្សាសិទ្ធិដោយ thmeythmey.com