ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បេក្ខជន​ពិការភ្នែក​និង​ខ្សោយ​គំហើញ តាំងចិត្ត​រៀន​បន្ត ទោះ​ប្រឡង​ជាប់​បាក់​ឌុប​ឬ​ធ្លាក់​
24, Aug 2018 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ បេក្ខជន​ពិការភ្នែក​និង​ខ្សោយ​គំហើញ ដែល​បាន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) កាលពី​ថ្ងៃទី​២០-២១ ខែសីហា ឆ្នាំ​២០១៨ កន្លងទៅនេះ បាន​និយាយថា ពួកគេ ចង់​រៀន​បន្តទៅ​មហាវិទ្យាល័យ​ទៀត បើទោះជា​ប្រឡង​ជាប់​ឬក៏​ធ្លាក់​ក្ដី​។ ពួកគេ លើកឡើង​ដូចគ្នា​ថា មនុស្ស​គ្មាន​ចំណេះ គឺ​ស្មើនឹង​អ្នក​ពិការភ្នែក តែបើ​ពួកគេ​ខំរៀន​ឱ្យមាន​ចំណេះ​ក្នុង​ខ្លួន គឺមាន​ឈ្មោះថា មិន​ពិការ​ឡើយ​។​



​តទៅ​នេះ​ដើម្បី​បាន​ជ្រាប​ច្បាស់​ពី​បំណងប្រាថ្នា​របស់​ជនពិកា​រ​ភ្នែក និង​ខ្សោយ​គំហើញ​ថា​យ៉ាងណា​នោះ សូម​ប្រិយមិត្ត អញ្ជើញ​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖




​ថ្ងៃទី​២១​សីហា ជា​ថ្ងៃ​ប្រឡង​ចុងក្រោយ​របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨​នេះ​។ ម៉ោង​ប្រមាណ​ជិត​៥​ល្ងាច សិស្ស នៅ​មណ្ឌល​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ចាប់ផ្ដើម​ចេញពី​ប្រឡង​។ នៅក្នុង​មណ្ឌល​ប្រឡង​នេះ សិស្ស​ដែលមាន​កាយសម្បទា​គ្រប់គ្រាន់ បាន​ដើរ​ចេញពី​មណ្ឌល​ប្រឡង ដោយ​អ្នកខ្លះ​សើច​សប្បាយ​ជាមួយ​មិត្ត​ដែល​រួម​ដំណើរ អ្នក​ខ្លះទៀត​ហាក់ដូច​ជាមាន​ក្ដីបារម្ភ ដែល​បញ្ចេញ​តាមរយៈ​ទឹកមុខ​។ មិនមែន​មានតែ​បេក្ខជន​ដែលមាន​កាយសម្បទា​គ្រប់គ្រាន់​ទេ ដែល​មក​ប្រឡង​ក្នុង​មណ្ឌល​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក តែ​ក៏មាន​បេក្ខជន​ដែល​ពិការភ្នែក​ទាំងស្រុង និង​ខ្សោយ​គំហើញ​មក​ប្រឡង​ផងដែរ​។ ពួកគេ​មាន​គ្នា​៨​នាក់ ដែល​ដើរ​ចេញពី​មណ្ឌល​ប្រឡង​ដោយមាន​គ្រូ​ភ្នែក​ភ្លឺ​២​នាក់​ដឹក​ដៃ​ផង​។ ទឹកមុខ​របស់​បេក្ខជន​ពិការភ្នែក​ទាំងនេះ មិនអាច​ឱ្យគេ មើល​ដឹង​ទេ​ថា ពួកគេ​សប្បាយចិត្ត ឬ​ព្រួយបារម្ភ ក្រោយពី​ប្រឡង​ចប់​។​

​បេក្ខជន​ខ្សោយ​គំហើញ ដែល​មើលឃើញ​មិនសូវ​ច្បាស់​មួយរូប ទើបតែ​ដើរចេញ​ផុតពី​ខ្លោងទ្វារ​មណ្ឌល​ប្រឡង គឺ​យុវជន ខ្លែង វណ្ឌី​។ ឆ្លងកាត់​ការប្រឡង​២​ថ្ងៃ ដែល​វិញ្ញាសា​ប្រឡង​របស់​អ្នក​ពិការភ្នែក ដូច​ទៅនឹង​អ្នក​ភ្នែក​ភ្លឺ​ដែរនោះ យុវជន វ័យ​២២​ឆ្នាំ​រូបនេះ និយាយថា ខ្លួន មាន​មោទកភាព​ខ្លាំង ព្រោះ​បានមក​ប្រឡង​ថ្នាក់ជាតិ ជាមួយ​មនុស្ស​ធម្មតា​។ ក្នុងការ​ប្រឡង​នេះ វណ្ឌី បញ្ជាក់ថា ទោះជា​ខ្លួន ពិការភ្នែក​ក្ដី ប៉ុន្តែ​មាន​គ្រូ និង​ក្រុម​អ្នក​ជួយ​សម្រួល​គ្រប់ពេល បើ​ចង់​ទៅណា ឬ​ចង់បាន​អ្វី​។ «​វា​ជា​មោទកភាព​សម្រាប់​ខ្ញុំ ដែល​ខ្ញុំ​ជា​ជនពិការ​អាចមក​ប្រឡង​ថ្នាក់ជាតិ​ជាមួយ​អ្នក​ធម្មតា​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់ ខ្លែង វណ្ឌី​។​



​ដ្បិតតែ​សរសេរ​រាង​យឺត​ជាង​អ្នក​ភ្នែក​ភ្លឺ​បន្តិច តែ​យុវជន​សម្បុរ​ស្រអែម មាឌ​ធាត់​រូបនេះ បញ្ជាក់ថា អាចធ្វើ​ត្រូវ​ច្រើន​ចំពោះមុខ​វិទ្យា​៧​មុខ​ក្នុង​ផ្នែក​សង្គម ដោយ​លើកលែងតែ​មុខ​វិទ្យា​គណិត ព្រោះ​មុខ​វិទ្យា​ធរណីមាត្រ ខ្លួន មិនអាច​ស្រមៃ​ឃើញ​រូបភាព​។ ក្នុងការ​ប្រឡង​បាក់​ឌុប​នេះ វណ្ឌី មានសង្ឃឹម​ថា​អាច​ប្រឡង​ជាប់ ហើយ​បើ​ពិតជា​ដូច្នោះ​មែន វណ្ឌី នឹង​រៀន​បន្ត​ផ្នែក​ភូមិវិទ្យា ដើម្បី​ធ្វើជា​គ្រូបង្រៀន​ក្មេង​ពិការ​បន្តទៀត​។ តែបើ​មិន​ជាប់ វណ្ឌី នឹង​ទៅ​រៀន​ផ្នែក​ភ្លេងបុរាណ​ខ្មែរ​។ វណ្ឌី បញ្ជាក់បន្ថែម​៖ «​គណិត​បាន​ពាក់កណ្ដាល មាន​គ្រូ​ប្រាប់​ដែរ​តែ​ធរណីមាត្រ​ខ្ញុំ​អត់​អាច​ស្រមៃ​ឃើញ​រូបភាព​និង​គូរ​វា​បានទេ​។ ខ្ញុំ​សង្ឃឹម​មុខ​វិទ្យា​ផ្សេងៗ​បាន​ពិន្ទុ​ជួយ​»​។​

​បេក្ខជន​ខ្សោយ​គំ​ហើ​មួយរូប​ទៀត គឺ​យុវជន បូ លី​ហួត ដែល​មក​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែរនោះ បាន​ប្រាប់ថា ខ្លួន​ខំរៀន​រហូត​បាន​ប្រឡង​ថ្នាក់​ទី​១២​នេះ ដោយសារតែ​យល់ថា ជា​ជនពិការ គឺ​មានតែ​ចំណេះ​ទេ ទើប​អាចធ្វើឱ្យ​អនាគត​ប្រសើរ​បាន​។ យុវជន​វ័យ​២១​ឆ្នាំ សម្បុរ​ស និង​មាន​ស្រុកកំណើត​នៅ​ភ្នំពេញ​រូបនេះ បានបង្ហាញ​ទឹកមុខ​ធម្មតា ពេល​ចេញពី​ប្រឡង​។ «​ខ្ញុំ​ជា​ជនពិការ ចឹ​ង​មានតែ​ចំណេះ​ទេ​ដែល​អាចជួយ​ឱ្យ​ខ្ញុំ​មាន​អនាគត​។ ឱ្យតែ​ឮថា​កន្លែង​ណា​មាន​បង្រៀន ឬ​ចន្លោះ​ណា​អាច​រៀន​បាន​ខ្ញុំ​ទៅ​រៀន ដូច​នៅ​អង្គការ​គ្រួសារ​ថ្មី​គេ​បើក​បង្រៀន​ខ្ញុំ​ក៏​មក​រៀន​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ បូ លី​ហួត​។​



​លី​ហួត ដែល​ខ្សោយ​គំហើញ​ស្ទើរតែ​មើលមិនឃើញ​ទៅហើយនោះ បាន​និយាយថា ក្រៅពី​ការរៀន​នៅ​សាលា​ជាមួយ​គ្រូ អ្វី​ដែលជា​ជំនួយ​បន្ថែម គឺ​ការ​ស្ដាប់​ឯកសារ​មេរៀន​តាម​អ៊ីនធឺណិត​។ មុខ​វិទ្យា​ដែល​ងាយស្រួល​សម្រាប់​បេក្ខជន​រូបនេះ គឺ​ភូមិវិទ្យា និង​ប្រវត្តិវិទ្យា ព្រោះ​វា​មាន​ឯកសារ​ស្រាវជ្រាវ​ច្រើន​។ ហើយ​មុខ​វិទ្យា​ដែល​ពិបាក​គឺ ផ្នែក​វិទ្យាសាស្ត្រ​។ មុន​ចូល​ប្រឡង លី​ហួត ក៏មាន​អារម្មណ៍​ថា​ភ័យ​ខ្លះ​ដែរ ព្រោះ​ប្លែក​កន្លែង ណាមួយ​មិនដែល​ប្រឡង​បែបនេះ​ពីមុន ដូច្នេះ ក៏​ខ្លាច​សរសេរ​មិនត្រូវ​ក្នុង​ចំណុច​ណាមួយ​។

​ទោះជា​យ៉ាងណាក៏ដោយ បេក្ខជន​រូបនេះ មាន​ជំនឿ​យ៉ាងខ្លាំង​ថា បានធ្វើ​ត្រូវ​ភាគច្រើន ព្រោះ​វិញ្ញាសា​ចេញ​ចំ​កន្លែង​ដែល​ចេះ​។ ព្រោះតែ​ដឹងថា​ខ្លួន​ធ្វើ​ត្រូវ​ច្រើន ក្ដី​សង្ឃឹមថានឹង​ជាប់ កើតមាន​ក្នុង​គំនិត​របស់ លី​ហួត ជានិច្ច​។ បើ​ជាប់​យុវជន​រូបនេះ នឹង​រៀន​បន្ត​ផ្នែក​ប្រវត្តិវិទ្យា ដើម្បី​ធ្វើជា​គ្រូ​ក្នុង​អង្គ​ការដែល​ខ្លួន​កំពុង​រៀន​សព្វថ្ងៃ និង​មាន​ក្ដី​ប្រាថ្នា​ធ្វើការ​ក្នុង​ក្រសួង​របស់​រដ្ឋ​ផងដែរ​។ លី​ហួត បញ្ជាក់​៖«​ខ្ញុំ​ធ្វើ​ត្រូវ​ច្រើនជាងគេ មាន​ប្រវត្តិ និង​ភូមិ​។ បើ​ប្រឡង​ជាប់​ខ្ញុំ​នឹង​ទៅ​រៀន​បន្ត​ខាង​ប្រវត្តិវិទ្យា​។ បំណង​ខ្ញុំ​ចង់​ធ្វើជា​គ្រូបង្រៀន​ខាង​ប្រវត្តិសាស្ត្រ​ដល់​ក្មេងជំនាន់ក្រោយ​ឱ្យ​ពួកគេ​បានដឹង​ពី​ប្រវត្តិសាស្ត្រ​ឱ្យបាន​ច្រើន​។ បើ​ក្រសួង​បើកឱកាស​ឱ្យ​អ្នក​ពិការ​ធ្វើការ​នៅក្នុង​ក្រសួង​ផ្នែក​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្ញុំ​នឹងដាក់​ពាក្យ​ទៅធ្វើ​ការ​នៅ​ទីនោះ​»​។​

​ចំណែក យុវជន ចន្ថា យ៉ា​លី ដែលជា​បេក្ខជន​ពិការភ្នែក​ទាំងស្រុង បាន​អះអាងថា​ក្នុងពេល​ប្រឡង ខ្លួន​បាន​សរសេរ​ទាន់​ស្ទើរ​គ្រប់មុខ​វិទ្យា​។ ដោយសារតែ​ចំណាយពេល​រៀន​មុន​ប្រឡង​ច្រើន អាន​សៀវភៅ​ផង និង​ស្ដាប់​ឯកសារ​មេរៀន​ផង​នោះ លទ្ធផល​ប្រឡង​បាក់​ឌុប​ខាងមុខ មិនអាច​ធ្វើឱ្យ យ៉ា​លី ព្រួយ​បារ​ម្មណ៍​ឡើយ ដោយ​បានដឹង​ខ្លួនឯង​យ៉ាងច្បាស់​ថា អ្វីដែល​បានធ្វើ​រួចហើយ គឺ​ពិតជា​ត្រូវ​ភាគច្រើន​។ យ៉ា​លី បញ្ជាក់​៖«​ប្រឡង​ខ្ញុំ​ធ្វើ​ទាន់​គ្រប់មុខ​ទាំងអស់ គណិត​ខ្ញុំ​ធ្វើបាន​ពាក់កណ្ដាល​ព្រោះ​វា​ពិបាក យើង​ត្រូវ​ការគិត ហើយ​ខ្ញុំ​ត្រូវ​ខំ​ចុច​អក្សរ​ខ្លាំង​ចឹ​ង​វា​ឈឺ​កដៃ​ខ្លាំង​ដែរ​។ តែ​អ្វីដែល​ខ្ញុំ​ធ្វើ​ហើយ​គឺ​ត្រូវ​។ បើ​ខំ​សរសេរ​ខ្លាំង​អាច​ទាន់​អ្នក​ភ្នែក​ភ្លឺ​។ អ្វីដែល​គេ​ចេញ​វា​ត្រូវ​តាម​អ្វីដែល​ខ្ញុំ​មើល​»​។​



​យ៉ា​លី ថា​ក្នុងពេល​ប្រឡង រឿង​ដែល​ពិបាក​បំផុត គឺ​លោក​ខំប្រឹង​សរសេរ​ច្រើនពេក​រហូត​ធ្វើឱ្យ​ឈឺ​កដៃ​ខ្លាំង (​ចុច​អក្សរ​ពិការភ្នែក ឬ​អក្សរ​ប្រេ​ល​)​។ ខំតស៊ូ​រៀន​១២​ឆ្នាំ​រហូត​បាន​ប្រឡង យ៉ា​លី បាន​ប្រាប់​ខ្លួនឯង​ជារឿយៗ​ថា ជន​ណា​ដែល​គ្មាន​ចំណេះ​ប្រៀប​បានជា​មនុស្ស​ពិការភ្នែក ហើយ​បើ​មានចំណេះ ទោះជា​ពិការ ក៏​ប្រៀប​បានជា​មនុស្ស​មិន​ពិការ​ដែរ​។ បេក្ខជន​រូបនេះ បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ថា ក្រោយពី​ការប្រឡង​ចេញ​លទ្ធផល បើជា​ប់ នឹង​បន្តទៅ​រៀន​ផ្នែក​ទស្សនៈ​វិទ្យា តែបើ​ធ្លាក់​វិញ នឹង​ទៅ​រៀន​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​។ «​ពេល​ប្រឡង​ពិបាក​តែមួយ​គឺ​ខ្ញុំ​ហត់​ពេក ព្រោះ​ខ្ញុំ​ខំ​ចុច​អក្សរ​ច្រើនពេក ស្ទើរតែ​មិនបាន​ចេញ​ផង ហើយ​នៅ​ទីនោះ​ខ្វះ​ខ្យល់​ចឹ​ង​ធ្វើឱ្យ​ខ្ញុំ​ចង់​អស់ខ្យល់​ដែរ​។ អ្នក​ពិការភ្នែក​គឺ​ជន​មិនចេះ​អក្សរ ចំណែក​ខ្ញុំ​ដ្បិត​ពិការភ្នែក​មែន តែ​ចំណេះវិជ្ជា​ខ្ញុំ​មិន​ពិការ​ទេ​។ បើ​ជាប់​ខ្ញុំ​ចូល​ទស្សនៈ បើ​ធ្លាក់​ប្រហែល​ទៅ​អក្សរសាស្ត្រ​អង់គ្លេស​»​។ នេះ​ជាការ​បន្ថែម​របស់​យុវជន ចន្ថា យ៉ា​លី​។​

​លោក អ៊ូច ច​ន្ទ័​សុ​វឌ្ឍនៈ គឺជា​គ្រូ​អនុរក្ស ទទួលបន្ទុក និង​គ្រប់គ្រង​បេក្ខជន​ពិការភ្នែក និង​ខ្សោយ​គំហើញ​។ ក្រោយពី​ជូន​បេក្ខជន​ពិការ​និង​ខ្សោយ​គំ​ឃើញ ឡើង​ឡាន​អង្គការ​របស់​ពួកគេ​ដែល​មក​ទទួល​រួច គ្រូ​អនុរក្ស​រូបនេះ​បាន​ឆ្លៀតពេល​ផ្ដល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​។ លោក ប្រាប់ថា សិស្ស​ពិការភ្នែក​ទាំង​៨​នាក់ ដែល​ត្រូវ​ប្រឡង​ក្នុង​បន្ទប់​មួយ​ដោយឡែក​ពី​បេក្ខជន​ធម្មតា គ្រូ អនុរក្ស មាន​ភារកិច្ច​អាន​វិញ្ញាសា​ជា​សំណួរ និង​លំ​ហាត់​ទៅឱ្យ​ពួកគេ​។ លោក បន្តថា ការងារ​ផ្សេងទៀត គឺ​ត្រូវបំពេញ​ឈ្មោះ​ឱ្យ​បេក្ខជន កាត់​ក្បាល​សន្លឹក​វិញ្ញាសា​ប្រឡង និង​ជួយ​សម្រួល​ការងារ​មួយចំនួនទៀត​។



​អនុរក្ស​រូបនេះ អះអាងថា ការជួយ​សម្រួល​ដល់​សិស្ស​ពិការភ្នែក និង​ខ្សោយ​គំហើញ មានការ​លំបាក​ជាង​បេក្ខជន​ធម្មតា តែ​វា​មិនជា​បញ្ហា​សម្រាប់​លោក​ឡើយ​។ សម្រាប់​គ្រូ​ដែល​ធ្លាប់មាន​បទពិសោធ​ធ្វើការ​ជាមួយ​សិស្ស​ពិការភ្នែក​កន្លងមក​រូ​ប​នេះ បាន​សរសើរ​សិស្ស​ដែល​ខ្វះ​កាយសម្បទា​ទាំងអស់ ដែល​តស៊ូ​រៀន​រហូត​បាន​ប្រឡង​។ លោក បាន​លើកទឹកចិត្ត អ្នក​ដែល​ពិការ​ទាំងអស់​ឱ្យមាន​ក្ដីសង្ឃឹម​ក្នុង​ជីវិត​និង​ខំរៀន ព្រោះ​បើ​ពួកគេ​មានចំណេះ ពួកគេ​ក៏​អាចមាន​ការងារ​ដូច​អ្នក​ធម្មតា​ដែរ​។ លោក អ៊ូច ច​ន្ទ័​សុ​វឌ្ឍនៈ បញ្ជាក់​៖«​គាត់​ពិការ គាត់​ត្រូវការ​ស្ដាប់​យើង​ជា​គ្រូ​អនុរក្ស​ពន្យល់​វិញ្ញាសា​ឱ្យ​គាត់​។ យើង​ត្រូវបំពេញ​ឈ្មោះ កាត់​ក្បាល​សន្លឹក​ឯកសារ ឱ្យ​គាត់​។ គាត់​ខំតស៊ូ​រៀន​ពី​ថ្នាក់​ទី​១​ដល់ទី​១២​បាន​ប្រឡង​មិនមែនជា​រឿង​ធម្មតា​ទេ សម្រាប់​ពួកគាត់​ដែល​ខ្វះ​កាយសម្បទា​។ ចង់ឱ្យ​ពួកគាត់​ដែលជា​ជនពិការភ្នែក​ក្ដី គរ​ថ្លង់​ក្ដី ខំរៀន​កុំ​អស់សង្ឃឹម​ក្នុង​ជីវិត​។ ទោះ​ពួកគាត់​ពិការ​ក្ដី​តែ​គាត់​អាច​រៀន​ដល់​សកល​វិទ្យាល័យ​មានការ​ងារ​ល្អ​ដូច​អ្នក​ធម្មតា​ដែរ​»៕




Tag:
 ជនពិការភ្នែក​
  ខ្សោយ​គំហើញ​
  បាក់​ឌុប​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com