ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​ចំនួន​៣ រក្សា​ជំហរ​មិន​ចូល​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ឡើយ
24, Aug 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទោះ​អាច​ទទួល​តំណែង​ស្មើ​ទេសរដ្ឋមន្ត្រី និង​ទទួលបាន​ប្រាក់ខែ​ផង​នោះ ក៏​គណបក្ស​ចំនួន​៣ មិន​ព្រម​ចូលរួម​ជាមួយ​រដ្ឋាភិបាល ក្នុងការ​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ឡើយ​។ គណបក្ស​ទាំង​៣​នោះ​រួមមាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​។​



​លោក យ៉ង់ សាំង​កុមារ ចេញមុខ​បដិសេធ​ចូលរួម​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ ដោយសារ​ខុស​ទិសដៅ​រួម ដែល​គណបក្ស​ខ្លួន​ចង់​ធ្វើ​។ គណបក្ស​លោក ត្រូវការ​សេរីភាព ឯករាជ្យភាព និង​ភាពស្របច្បាប់ ក្នុង​ការធ្វើសកម្មភាព​នយោបាយ និង​សន្ទនា ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម មិនមែន​ទាល់តែ​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​នោះទេ​។ សម្រាប់​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រូបនេះ យល់ឃើញថា គណបក្ស​ក្រៅ​សភា និង​ក្រៅ​រដ្ឋាភិបាល ប្រៀបដូចជា​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការតស៊ូ​មតិ ឬ​សន្ទនា​មតិ​នយោបាយ​តាម​វិស័យ​ផ្សេងៗ​។

​លោក យ៉ង សាំង​កុមារ បាន​សរសេរ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖ «​ការ​មាន​យន្តការ ឬ​វេទិកា​មួយ​ស្របច្បាប់​សម្រាប់​ការសន្ទនា​មតិ​រវាង​តំណាង គណបក្សនយោបាយ​ដោយ​ឈើ​លើ​គុណ​តម្លៃ សមភាព ភាតរភាព និង​គោរព​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ក្នុងនាម​ជា​គណបក្សនយោបាយ​ខ្មែរ ដូចគ្នា​នឹង​ជួយ​លើកស្ទួយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​សាមគ្គី​ជាតិ​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​»​។​

​ចំណែក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ វិញ​ក៏បាន​តាំងចិត្ត​មិន​ទទួលយក​ទទួលយក​តំណែង ដែល​កើតចេញពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ដែរ​។ លោក ចិន ថុ​ន អគ្គលេខាធិការ​គណបក្ស​បាន​និយាយថា គណបក្ស​លោក​មិន​សោកស្ដាយ​តួនាទី និង​ប្រាក់ខែ ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​នោះទេ ។​«​ព្រោះថា​រាល់​តំណែង និង​តួនាទី គឺជា​អ​ម្រែ​ក និង​ការទទួលខុសត្រូវ​។ ទទួលបាន​តួនាទី​មួយ​គឺជា​អ​ម្រែ​ក​សម្រាប់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ  ដូច្នេះ​មិនមាន​អ្វីដែល​ត្រូវ​សប្បាយរីករាយ​ទេ​។ តំណែង​នឹង​តួនាទី​ដែល​អាចធ្វើ​ឲ្យ​សប្បាយរីករាយ​បាន លុះត្រាតែ​ជា​តំណែង​ដែល​ទទួលផល​ប្រយោជន៍​ផ្ទាល់ខ្លួន​»​។ ដោយ​ឈរលើ​ស្មារតី​គោរព​ឆន្ទៈ​ពលរដ្ឋ​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​អាសនៈ​ទាំង​១២៥ និង​ដោយសារតែ សម្ដេចនាយក​រដ្ឋមន្ត្រី​បានដាក់​លក្ខខណ្ឌ​ថា ការចូលរួម​ផ្ដល់យោបល់​ពី​តំណាង​គណបក្ស​ផ្សេងៗ មិនត្រូវ​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​ឡើយ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ។​

​មិន​ខុសគ្នា​នេះដែរ គណបក្ស​ខ្មែរ​ឬ​ឈប់​ក្រ បាន​អះអាងថា បក្ស​ខ្លួន​មិន​ទទួល​នូវ​កិច្ចសហប្រតិបត្តិការ​ណា​ដែល​ផ្ទុយ​និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ឡើយ​។ អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​លើក​ហេតុផល ថា  សម្ដេចនាយក​រដ្ឋមន្ត្រី​អនុញ្ញាត​ឲ្យ​គ្រប់​គណបក្ស​ដែល​ចូលរួម​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ អាច​ផ្ដល់​ត្រឹម​យោបល់ តែ​មិនអាច​លើកយក​គោលនយោបាយ​របស់ខ្លួន​ទៅ​ជជែក​បាន​។ ដូច្នេះ​គឺ​បញ្ច្រស​ទិសដៅ​គណបក្ស​ខ្លួន​។​

​លោក ស៊ិន វណ្ណា​រិ​ទ្ធ ដែល​មិន​ទទួលស្គាល់​ការបោះឆ្នោត​កន្លងមកនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មិនមាន​ការសោកស្ដាយ​នោះទេ ពីព្រោះ​យើង​បានសម្រេច​ចិត្ត​រួចហើយ ថា​យើង​មិនមែន​ធ្វើ​គណបក្សនយោបាយ​ដើម្បី​តែ​កៅអី ឬ​តួនាទី​ណាមួយ​ដែល​គេ​ឲ្យ ដើម្បី​គ្រាន់តែ​បង្គ្រប់កិច្ច ដែល​យើង​ឃើញថា​គ្មាន​សិទ្ធិ​គ្មាន​អំណាច នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះទេ​»​។​

​ទោះ​មិន​ចូលរួម​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ក្ដី តែ​គណបក្ស​ក្រៅ​រដ្ឋសភា​ទាំង​៣ បន្ត​ប្ដេជ្ញា​បំពេញ​តួនាទី​របស់ខ្លួន និង​បន្តសកម្មភាព​ដែល​ធ្លាប់បាន​អនុវត្ត​បន្ថែមទៀត​។​

​ឧ​ត្ត​ម​ក្រុមប្រឹក្សា និង​ផ្ដល់យោបល់ ត្រូវបាន​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដួចផ្ដើម​គំនិត​ឡើង នៅក្នុង​ជំនួប​រវាង​សម្ដេច និង​តំណាង​គ្រប់​គណបក្ស កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​។ តំណាង​គណបក្ស​នានា ដែល​មិនបាន​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា​សម្រាប់​ការបោះឆ្នោត​នៅ​នីតិកាល​ទី​៦ ដែល​ចូលរួម​ជា​សមាជិក នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា និង​ផ្ដល់យោបល់​នេះ នឹងមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ហើយ​ថែមទាំង​បាន​ប្រាក់ខែ​ផងដែរ ៕


Tag:
 នយោបាយ​
 LDP
 GDP
© រក្សាសិទ្ធិដោយ thmeythmey.com