ជាតិ
ទឹកទន្លេ​មេគង្គ​កម្ពុជា នឹង​ហក់​ឡើងជា​ថ្មី ដោយសារ​មាន​ប្រព័ន្ធ​ទាប​កើតឡើង​នៅ​អាង​ទន្លេមេគង្គ​ថៃ​-​ឡាវ​
24, Aug 2018 , 6:23 pm        
រូបភាព
ដោយ:
​កាលពី រសៀល​ថ្ងៃទី​២៣ ខែសីហា នេះ មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ បានកើត​ឡើង​នៅលើ​តំបន់​អាង​ទន្លេមេគង្គ​ប្រទេស​ថៃ និង​ឡាវ ដោយ​កម្ពុជា នឹងរង​ឥទ្ធិពល​ខ្យល់មូសុង​និរតី​ខ្សោយ​ផងដែរ ជាហេតុ​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន ហើយ​ការ​ធ្លាក់ភ្លៀង​នេះ អាច​នឹង​ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​កម្ពុជា ហក់​ឡើង​ជាថ្មី​ម្ដងទៀត​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​នៃ​ក្រសួង​ធនធានទឹក នៅ​ថ្ងៃទី​២៤ ខែសីហា​។​



​ក្រសួង​ធនធានទឹក បាន​បន្តថា លក្ខណៈ​ដូចខាងលើ នឹង​ធ្វើឱ្យ​អាកាសធាតុ​នៅ​កម្ពុជា នៅ​តំបន់​អាង​ទន្លេមេគង្គ និង​តំបន់​ខ្ពង់រាប​ឦសាន រួមទាំង​បណ្ដា​ខេត្ត ដែល​ស្ថិតនៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា វៀតណាម អាច​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។ ជាមួយគ្នានេះ បណ្ដា​រាជធានី​-​ខេត្ត​ដទៃទៀត អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។

​នៅ​តំបន់​អាង​ទន្លេមេគង្គ ចាប់ពី​តំបន់​ស្ថានីយ​តម្រង់​ទឹកភ្លៀង​-​ជលសា​ស្ត្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​បង្គួ​ទៅ​ច្រើន​។ នេះ​បើតាម​ការបន្ថែម​របស់​ក្រសួង​ធនធានទឹក និង​បាន​បញ្ជាក់ថា​៖«​ការធ្លាក់​ភ្លៀង​នេះ អាច​នឹង​បង្ក​ឱ្យ​ទឹកទន្លេ​មេគង្គ ហក់​ឡើង​ជាថ្មី​ម្ដងទៀត​»៕


© រក្សាសិទ្ធិដោយ thmeythmey.com