ពីនេះ ពីនោះ
ត្រី​គ្រុំ ធ្វើចរាចរ​ពី​ទន្លេ​ចូលទៅក្នុង​តំបន់​ទំនាប​លិច​ទឹក ពី​ខែឧសភា ដល់​ខែតុលា ដើម្បី​ពង​កូន
25, Aug 2018 , 12:59 pm        
រូបភាព
 ​ត្រី​គ្រុំ​ថត​នៅក្នុង​ផ្សារ​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ថាច់ ផា​ណា​រ៉ា​
​ត្រី​គ្រុំ​ថត​នៅក្នុង​ផ្សារ​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ថាច់ ផា​ណា​រ៉ា​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ជា​ប្រភេទ​ត្រី​ទឹកសាប ដែល​រស់នៅ​ពាក់កណ្តាល​ជម្រៅ​ទឹក និង​បាតទន្លេ ស្ទឹង អូរ ព្រែក ប្រឡាយ និង​តំបន់​វាល់ភក់​។ ត្រី​ប្រភេទ​នេះ វា​រស់នៅ​ច្រើន​នៅ​ទី្វ​ប​អាស៊ី​ចាប់ពី ទន្លេ​មេ​ខ្លង​ក្នុងប្រទេស​ថៃ រហូត​អាង​ទន្លេមេគង្គ​ក្រោម (​ចាប់ពី​ប្រទេស​ឡាវ ដល់​ប្រទេស​វៀតណាម រួមទាំង​ទន្លេសាប​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​)​។ វា​ស៊ី​ស្លឹក​រុក្ខជាតិ ផ្ល​ង់​តុង រុក្ខជាតិ​ដែល​ដុះ ឬ​រស់នៅក្នុង​ទឹក សារាយ​សរសៃ​ឆ្មារៗ សត្វល្អិតៗ​ជាប់​នឹង​ស្លែ និង​ត្រី​ល្អិតៗ ជា​អាហារ​។



​ត្រី​គ្រុំ មានឈ្មោះ​វិទ្យាសាស្ត្រ (Osteochilus melanopleura) មាន​ប្រវែង​ដងខ្លួន​អតិបរមា ៦០ ស​.​ម​។ ត្រី​គ្រុំ ធ្វើចរាចរ​ផ្លាស់​ទី​ពី​ទន្លេ​ចូលទៅក្នុង​តំបន់​ទំនាប​លិច​ទឹក​ពី​ខែឧសភា ដល់​ខែតុលា ដើម្បី​ពង​កូន និង​ធ្វើចរាចរ​ត្រឡប់​ចូលក្នុង​ទន្លេ​វិញ​ក្នុង​ខែតុលា ដោយ​ចំនួន​កើន​ឡើងជា​លំដាប់​រហូតដល់​ខែមករា​។​

​ត្រី​គ្រុំ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១២ ជា​ប្រភេទ​ត្រី​ដែលមាន​ការព្រួយបារម្ភ​តិចតួច ដែល​អាច​នឹង​ឈានដល់​រងគ្រោះ​ផុត​
​ពូជ​។ ទោះយ៉ាងណា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។


© រក្សាសិទ្ធិដោយ thmeythmey.com