អន្តរជាតិ
លោក ត្រាំ លុបចោល​ទស្សនកិច្ច​ប្រមុខ​ការទូត​អាមេរិក​នៅ​កូរ៉េខាងជើង
25, Aug 2018 , 3:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​លុបចោល​គម្រោង​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​កូរ៉េខាងជើង ដែល​គ្រោង​ធ្វើ​នៅ​សប្ដាហ៍​ក្រោយ​។ មូល​ហេតុនេះ​ការលុបចោល​នេះ ត្រូវបាន​លោក ត្រាំ និយាយថា បណ្ដាលមកពី​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​បាន​នៅ​នឹងថ្កល់​មិន​ទៅមុខ​អ្វី​សោះ​។ នេះ​ជា​លើកទីមួយ​ដែល​មេដឹកនាំ​អាមេរិក​រូបនេះ​ទទួលស្គាល់​ជា​សាធារណៈ​ពី​ស្ថានភាព​នុយក្លេអ៊ែរ​ដែល​មិន​រីកចម្រើន​អ្វី​នោះ​។ លោក ត្រាំ ក៏​បន្ទោស​ចិន​ដែល​មិន​ព្រម​ជួយ​លើ​បញ្ហា​នេះ​ផង​។​



​តាម​គម្រោង​ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ត្រូវ​ទៅធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​ព្យុងយ៉ាង​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ជជែក​ជាមួយ​មន្ត្រី​កូរ៉េខាងជើង​ជុំវិញ​ដំណើរ​ការរំសាយ​នុយក្លេអ៊ែរ​ដែល​ជាប់គាំង​។ លោក ប៉ុ​ម​ប៉េ​អូ ក៏ត្រូវ​អមដំណើរ​ដោយ​ប្រេសិត​ពិសេស​សម្រាប់​កិច្ចការ​កូរ៉េខាងជើង​ដែល​ទើប​តែងតាំង​ថ្មី Stephen Biegun ផង​។ វា​គឺជា​គម្រោង​ដំណើរ​ទស្សនកិច្ច​លើក​ទី​បួន​របស់លោក ប៉ុ​ម​ប៉េ​អូ ទៅកាន់​កូរ៉េខាងជើង​។ 

​មួយថ្ងៃ​ក្រោយ​លោក ប៉ុ​ម​ប៉េ​អូ ប្រកាស​ពី​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​ប្រកាស​លុបចោល​គម្រោង​នេះ​វិញ ក្រោម​ហេតុផល​ថា ការចរចា​មិនបាន​ផល​អ្វី​ទេ​។ តាមរយៈ Twitter នៅ​ថ្ងៃទី​២៤ ខែសីហា លោក ត្រាំ សរសេរថា លោក​បាន​ប្រាប់​ឲ្យ​លោក ប៉ុ​ម​ប៉េ​អូ កុំទៅ​កូរ៉េខាងជើង​ពេលនេះ ព្រោះ​លោក​មាន​អារម្មណ៍​ថា មិនមាន​ដំណើរការ​អ្វី​ឡើយ​ជុំវិញ​ការរំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​យ៉ាងណាមិញ លោក ត្រាំ មិនបាន​បិទទ្វារ​ចរចា​ឡើយ ដោយ​លោក​អះអាងថា រដ្ឋមន្ត្រីការបរទេស​របស់លោក​នឹង​ទៅ​កូរ៉េខាងជើង​នៅពេល​ខាងមុខ​។ ពេលខាងមុខ​ដែល​លោក ត្រាំ ចង់​សំដៅ​នោះ គឺ​បន្ទាប់ពី​លោក​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​រួចរាល់​សិន​។ ត្រង់ចំណុច​នេះ ប្រធានាធិបតី​អាមេរិក​បាន​រិះគន់​ក្រុង​ប៉េកាំង ដែល​មិន​ព្រម​រុញ​កូរ៉េខាងជើង​ឲ្យ​បោះបង់​នុយក្លេអ៊ែរ ព្រោះ​ខឹង​អាមេរិក​ប្រកាន់​ជំហរ​រឹងត្អឹង​ចំពោះ​ចិន​លើ​បញ្ហា​ពាណិជ្ជកម្ម​។

​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ ពិតជា​បាន​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ដំណើរការ​លុប​បំបា​ត់នុ​យ​ក្លេ​អ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។ ក្រុង​វ៉ាស៊ីនតោន ដែល​បន្ត​ដាក់​សម្ពាធ​សេដ្ឋកិច្ច​លើ​ក្រុង​ព្យុង​យ៉ាងនោះ ត្រូវការ​ជំនួយ​ពី​ក្រុង​ប៉េកាំង​ដើម្បី​ឲ្យ​ទណ្ឌកម្ម​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​កំពុង​មិនត្រូវ​គ្នា​ជាមួយ​ក្រុង​ប៉េកាំង ដែល​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​មិនសូវ​អើពើ​ការអំពាវនាវ​របស់រ​បស់​ក្រុង​វ៉ាស៊ីនតោន​ឡើយ តែ​រឹតតែ​ពង្រឹង​មិត្តភាព​ជាមួយ​ក្រុង​ព្យុងយ៉ាង​កាន់តែខ្លាំង​។​

​តាមពិតទៅ នេះ​ជា​លើកដំបូង​ដែល​លោក ត្រាំ សារភាព​ដោយ​ចំពោះ​ពី​ការជាប់គាំង​ក្នុង​ការចរចា​ជាមួយ​កូរ៉េខាងជើង​លើ​បញ្ហា​នុយក្លេអ៊ែរ​នេះ​។ កន្លងមក លោក​តែងតែ​និយាយ​អួតអាង​ពី​ជំនួប​ជាមួយ​លោក គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី ដែលជា​ជំនួប​គ្មាន​នរណា​នឹកស្មានថា អាច​កើតឡើង​។ ទោះជា​បាន​ព្រមព្រៀង​បញ្ចប់​បញ្ហា​នុយក្លេអ៊ែរ​ក្ដី ដំណើរការ​រំសាយ​នុយក្លេអ៊ែរ ហាក់ដូចជា​គ្មាន​ពន្លឺ​អ្វី​ឡើយ​ក្រោយ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ​៕


Tag:
 ​អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ
© រក្សាសិទ្ធិដោយ thmeythmey.com