ជាតិ
​​​ន​យោ​បាយ​ជាតិ​
លុះត្រា​តែមាន​សង្គ្រោះ​ជាតិ ទើប​លោក អ៊ុំ សំអាន ចូលធ្វើ​នយោបាយ​វិញ​
25, Aug 2018 , 7:12 pm        
រូបភាព
លោក អ៊ុំ សំអាន ក្រោយចេញពីពន្ធនាគារ
លោក អ៊ុំ សំអាន ក្រោយចេញពីពន្ធនាគារ
ភ្នំពេញ៖ ​លោក អ៊ុំ សំអាន មិនទាន់​បែកចិត្តពីគណបក្សសង្គ្រោះជាតិ​នោះទេ បើទោះបីជា​គណបក្ស​នេះ បាន​បាត់ស្រមោល​ឈឹង​ពី​ប្រទេស​កម្ពុជា ហើយ​ថ្នាក់ដឹកនាំ​ស្ទើរ​គ្រប់​លំដាប់ថ្នាក់ បាន​ចែក​ជើង​គ្នារ​ត់ទៅ​រស់នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ក៏ដោយ​។ អតីតតំណាងរាស្ត្រ ដែលទើបនឹងចេញពីពន្ធនាគាររូបនេះ នៅតែ​ប្រាថ្នា​ធ្វើជា​អ្នកនយោបាយ​របស់​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ​ដដែល​។


 
​ក្រោយ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ លោក អ៊ុំ សំអាន បាន​ប្រាប់​អ្នកកាសែត​ថា  លោក មិនទាន់​គិតពី​រឿង​នយោបាយ​ឡើយ​ក្នុង​កាលៈទេសៈ​នេះ ព្រោះ​លោក​មិនមាន​គណបក្ស​ដូច​មុន​។ អតីត​តំណាងរាស្ត្រ​ដែល​ជាប់ពន្ធនាគារ​ព្រោះ​រឿង​ព្រំដែន​រូបនេះ បាន​បន្ថែមថា លោក នឹង​ឈាន​ជើង​ចូល​ឆាកនយោបាយ​ឡើងវិញ នៅពេលណា មាន​វត្តមាន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​សាជាថ្មី លើ​ទឹកដី​កម្ពុជា​។ 
 
​លោក អ៊ុំ សំអាន ដែល​គេ​ចាត់ទុកជា​អ្នកមាន​ការយល់ដឹង​ខ្ពស់​ផ្នែក​ព្រំដែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« [​ខ្ញុំ​] ជា​អ្នកនយោបាយ មិនអាច​បោះបង់​នយោបាយ​បានទេ តែ​ទាល់តែ​គណបក្ស​សង្គ្រោះ​ជាតិ​មកវិញ​សិន​។ ឥឡូវ យើង​មិនដឹងថា​ទៅ​ចូលបក្ស​ណា បើ​យើង​អត់​មាន​បក្ស​ផង​ហ្នឹង​»​។ 

​សម្រាប់​ពេលនេះ អ្វីដែល​លោក ត្រូវធ្វើ​មុនគេ​បង្អស់ គឺ​ទៅ​ជួប​ក្រុមគ្រួសារ​នៅ​សហរដ្ឋអាមេរិក​។ លោក ពុំបាន​បញ្ជាក់​ឡើយ ថា​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​សហរដ្ឋអាមេរិក​នៅពេលណា​។  
 
​លោក អ៊ុំ សំអាន ត្រូវបាន​ចាប់ខ្លួន​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៦ បន្ទាប់ពី​លោក ចេញមុខ​និយាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ការនិយាយ​របស់លោក  ត្រូវបាន​តុលាការ​ចោទ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ហើយក៏​កាត់ទោស​លោក ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំកន្លះ (៣០​ខែ​)​។
 
​ក្រោយ​ជាប់ពន្ធនាគារ​បាន​ប្រមាណ​២៩​ខែ ដោយ​ខ្វះ​តែ​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​គ្រប់​តាម​កាលកំណត់ លោក អ៊ុំ សំអាន ក៏​ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះរាជទាន​លើកលែងទោស​ឲ្យ នៅ​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៨​នេះ​។  
 
​លោក អ៊ុំ សំអាន ជា​មនុស្ស​ទី​៦​ហើយ ដែល​ត្រូវបាន​ដោះលែង​។ ៥​នាក់​ទៀត​ដែល​ត្រូវបាន​ដោះលែង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រួមមាន លោក  គឹម សុខ អ្នកវិភាគ​នយោបាយ លោកស្រី ទេព វ​ន្នី សកម្មជន​បឹងកក់ លោក អ៊ួ​ន ឈិន​-​លោក យាង សុជា​មេត្តា អតីត​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី និង​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​។
 
​គេ រំពឹងថា អ្នកផ្សេងៗ​ទៀត ដែល​រួមទាំង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផង​នោះ ក៏​អាច​នឹង​ត្រូវបាន​ដោះលែង​ដែរ​។ គេ សង្ឃឹម​បែបនេះ ក្រោយពី​ឮ​សម្តេច ហ៊ុន សែន ប្រកាសថា នឹងមាន​ការលើកលែង​ទោស​ជា​លក្ខណ​ទ្រង់ទ្រាយ​ធំ​នាពេលខាងមុខ​៕  

Tag:
 អ៊ុំ សំអាន
© រក្សាសិទ្ធិដោយ thmeythmey.com