អន្តរជាតិ
សមាជិកព្រឹទ្ធសភាអាមេរិក ចន ម៉ាខេន ទទួលមរណភាពនៅវ័យ ៨១ឆ្នាំ
26, Aug 2018 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 លោក ច​ន ម៉ា​ខេន សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ និង​ជា​អ្នកនយោបាយ​តែង​រិះគន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិន​សំចៃមាត់​នោះ បានទទួល​មរណភាព​នៅ​ថ្ងៃ​សៅរ៍​ទី ២៥ ខែសីហា​ក្នុង​វ័យ ៨១​ឆ្នាំ​។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP​។​


កើតនៅរដ្ឋអារីហ្សូណាក្នុងឆ្នាំ ១៩៣៦ លោក ច​ន ម៉ា​ខេន បានបាត់បង់​ជីវិត​ដោយសារ​ជំងឺមហារីក​ខួរក្បាល​ធ្ងន់ធ្ងរ ហើយ​លោក​សម្រេចចិត្ត​ឈប់​ទទួល​ការថែទាំង​សុខាភិបាល​សប្តាហ៍​នេះដែរព្រោះលោកដឹងថា វាឈានដល់ដំណាក់កាលចុងក្រោយ​ហើយ។​ 
 
​ក្រោយ​ទទួលបាន​ដំណឹង​ពី​មរណភាព​របស់លោក ម៉ា​ខេន ដែល​ធ្លាប់ជា​គូប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០០៨ អតីត​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ភរិយា​បាន​បានចេញ​សារ​បង្ហាញ​ការសោកស្តាយ​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល និង​ជា​វីរបុរស​សង្គ្រាម និង​ក៏​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​ផងដែរ​។​
 លោក ម៉ា​ខេន ត្រូវបាន​ប្រជាជន​អាមេរិក​គោរព​ខ្លាំង និង​ចាត់ទុកជា​វីរ​បុរស​សង្គ្រាម​ផង​ដោយ លោក​ធ្លាប់​បម្រើ​ការងារ​ក្នុង​កងទ័ពជើងទឹក និង​ធ្លាប់​ក្លាយជា​ឈ្លើយសឹក​ក្នុង​សង្គ្រាម​វៀតណាម​ដែរ​ក្នុង​ឆ្នាំ ១៩៦៧​។​
 
​ក្នុង​ប្រតិបត្តិការ​សឹក​ឆ្នាំ ១៩៦៧​នោះ យន្តហោះ​លោក ម៉ា​ខេន ត្រូវបាន​កងទ័ព​វៀតណាម​ខាងជើង​បាញ់​ទម្លាក់ ហើយក៏​ត្រូវបាន​គេ​ចាប់ខ្លួន​ជា​ឈ្លើយសឹក​និង​ធ្វើ​ទារុណកម្ម​អស់​រយៈពេល​ប្រហែល​ប្រាំ​ឆ្នាំ​។ លោក ត្រូវបាន​វៀតណាម​ខាងជើង​ដោះលែង​ក្នុង​ឆ្នាំ ១៩៧៣ ពេល​មាន​ការចុះ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ដែល​ធានា​ឲ្យ​មានការ​ដកទ័ព​អាមេរិក​ចេញពី​វៀតណាម​។​
 
​ក្រោយ​បញ្ចប់​ជីវ​ភាពជា​កងទ័ព លោក ម៉ា​ខេន បាន​ក្លាយជា​អ្នកច្បាប់ និង​បន្ត​ឈរឈ្មោះ​ជា​សមាជិកសភា​នៅ​រដ្ឋ​កំណើត​ខ្លួន អា​រី​ហ្សូ​ណា​។ ក្នុង​ឆ្នាំ ១៩៨២ លោក​បានឈ្នះ​ឆ្នោត​ក្លាយជា​សមាជិកសភា ហើយ​ក្រោយមក​លោក​បានក្លាយ​ជាស​មា​ជិ​ក​ព្រឹទ្ធសភា​ដែលជា​ស្ថាប័ន​នយោបាយ​មួយ​ដ៏​មាន​ឥទ្ធិពល​នៅ​អាមេរិក​ថែមទៀត​។ 
 
​ដល់​ឆ្នាំ ២០០០ លោក ម៉ា​ខេន បានចាប់ផ្តើម​ប្រកួត​យក​តំណែង​ប្រធានាធិបតី ប៉ុន្តែ​លោក​ចាញ់​ការប្រកួត​ក្នុង​បក្ស ដោយ​លោក ច​ច ដា​បិ​ល​យូ​ប៊ូ​ស ក្លាយជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​វិញ​។ 
 
​ប្រាំបី​ឆ្នាំ​ក្រោយមក លោក ម៉ា​ខេន បានចាប់ផ្តើម​ឈរឈ្មោះ​ម្តងទៀត ដោយ​លោក​យកឈ្នះ​លើ​បេក្ខជន​ក្នុង​បក្ស​ផ្សេងទៀត​។ ប៉ុន្តែ​លោក​នៅតែ​មិនអាច​ផ្តួល​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​នេះឡើយ​។ 
 
​ចាប់ពីពេលនោះ​មក​លោក ម៉ា​ខេន ត្រឡប់​ទៅ​បន្តការងារ​ជា​សមាជិក​ព្រឹទ្ធ ហើយក៏​បាន​បន្ត​ធ្វើជា​អ្នក​រិះគន់​គោលនយោបាយ​ការបរទេស​របស់លោក អូ​បា​ម៉ា ផងដែរ​។​

បន្ទាប់ពីចប់អាណត្តិលោក អូ​បា​ម៉ា លោក ម៉ា​ខេន ក៏បាន​ក្លាយជា​អ្នកនយោបាយ​ដែល​ចាំ​ទិតៀន​លោក ដូ​ណា​ល់ ត្រាំ ឥត​សំចៃមាត់​ទៀត​។ លោក​បានសម្រេច​មិន​គាំទ្រ​លោក ត្រាំ ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​សាធារណរដ្ឋ​ថែមទៀត ក្រោយ​មាន​លេច​ធ្លាយ​ខ្សែអាត់​សំឡេង​ដែល​បង្ហាញថា​លោក ត្រាំ ប្រើប្រាស់​ពាក្យសម្តី​អាសគ្រាម​ដាក់​ស្ត្រី​នោះ​។​
 
​ក្រោយ​លោក ត្រាំ ជាប់ឆ្នោត និង​ស្បថ​ចូលកាន់​តំណែង លោក ម៉ា​ខេន ក៏​ក្លាយជា​អ្នក​រិះគន់​គោលនយោបាយ​ប្រធានាធិបតី​អាមេរិក​ទៀត ហើយ​សមាជិក​ព្រឹទ្ធសភា​រូបនេះ​បន្ត​រិះគន់​លោក ត្រាំ ទាំង​ដែល​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ក្រោយ​ពិនិត្យ​រកឃើញថា មាន​ជំងឺមហារីក​ខួរក្បាល​ក៏ដោយ​។ 
 
​លោក ម៉ា​ខេន មិន​ពេញចិត្ត​ខ្លាំង​ចំពោះ​ការ​គំរាម​របស់ ត្រាំ ចង់​ចាក​ចេញពី​បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​ចាត់ទុកថា សម្ព័ន្ធ​យោធា​នេះ​ចាស់គំរឹល និង​គ្មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​ទោះជា​បែបណាក៏ដោយ អ្នក​ទាំងពីរ​មានគំនិត​ស្របគ្នា​លើ​រឿង​បង្កើន​ការចំណាយ​យោធា​របស់​មន្ទី​ប៉ង់​តា​ហ្កូ​ន​។ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com